ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា បាននិងកំពុង​ពិនិត្យ​ឡើងវិញ នៅ​ពាក់​កណ្ដាល​អាណត្តិ​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ២០១៩-២០២៣ សម្រាប់​អនុវិស័យ​ចំនួន​ ៧ ក្នុង​គោលបំណង​ឱ្យស្រប​ទៅនឹង​តម្រូវការ​អប់រំ​ក្នុង​បរិបទ​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៧ ខែកក្កដា នេះ​ឱ្យដឹងថា ក្រសួង​អប់រំ ពិនិត្យឡើងវិញ​នៅ​ពាក់កណ្ដាល​អាណត្តិ​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ២០១៩-២០២៣ ផ្តោតលើ ៧ ​អនុវិស័យ​រួមមាន ការអប់រំ​កុមារ​តូច ការអប់រំ​បឋមសិក្សា ការអប់រំ​មធ្យមសិក្សា និង​ការអប់រំ​បច្ចេកទេស ការអប់រំ​ឧត្ដមសិក្សា ការអប់រំ​ក្រៅ​ប្រព័ន្ធ ការអភិវឌ្ឍ​យុវជន និង​ការអប់រំ​កាយ និង​កីឡា​។

លោក​ រស់ សុវាចា ពន្យល់ថា ការពិនិត្យ​ឡើងវិញ​នៅ​ពាក់កណ្ដាល​អាណត្តិ នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​នេះ បាននិង​កំពុង​ប្រព្រឹត្ត​ទៅតាម​ការគ្រោងទុក​ក្នុង​គោលបំណង វាយតម្លៃ​អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ ២០១៩-២០២៣ រយៈពេល​ ២ ​ឆ្នាំកន្លងមក និង​វាយតម្លៃ​អំពី​ប្រសិទ្ធភាព ភាពស័ក្តិសិទ្ធិ និង​ភាពពាក់ព័ន្ធ​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​កំណែទម្រង់ ដើម្បី​ឆ្លុះបញ្ចាំង​អំពី​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​។

លោក រស់ សុវាចា បន្តថា ក្រៅពីនេះ​ក្រសួង​ក៏​នឹង​កែសម្រួល អាទិភាព យុទ្ធសាស្ត្រ សូចនាករ និង​ចំណុច​ដៅ​ឱ្យស្រប​ទៅនឹង​តម្រូវ​ការអប់រំ​ក្នុង​បរិបទ​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ធ្វើ​បច្ចុប្បន្នកម្ម​ផែនការ​ហិរញ្ញប្បទាន​សម្រាប់​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ឱ្យស្រប​ទៅនឹង​ក្របខ័ណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច​។

លោក អឹម កុច រដ្ឋលេខាធិការ​ក្រសួង​អប់រំ​បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​មួយ​កាលពី​ថ្ងៃទី ២៦ ខែកក្កដា ថា យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤ របស់​រាជរដ្ឋាភិបាល ដែល​បាន​ផ្តោតលើ​យុទ្ធសាស្ត្រ​ស្នូល ក្នុងការ​បង្កើន​ការងារ​សមធម៌ និង​ប្រសិទ្ធភាព​ក្នុង​គោលបំណង​ប្រែក្លាយ​ប្រទេស​កម្ពុជា ​ឱ្យ​ក្លាយ​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០ ក៏ដូចជា​ការឆ្លើយតប​តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ​អប់រំ​ជា​យុទ្ធសាស្ត្រ​ចំនួន​ ២ ​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ វិស័យ​អប់រំ​ពី​ឆ្នាំ​ ២០១៩-២០២៣​។

លោក អឹម កុច បន្តថា ដូច្នេះ​ការពិនិត្យ​ឡើងវិញ​ពាក់កណ្ដាល​អាណត្តិ​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ២០១៩-២០២៣ សម្រាប់​អនុវិស័យ​ទាំងនេះ​ផ្តោតលើ​មុំ​ទី​ ១ នៃ​យុទ្ធសាស្ត្រ​ទី​ ១ គឺ​ពង្រឹងគុណភាព​វិស័យ​អប់រំ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​។ ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​បំណិន​ជីវិត ការលើកកម្ពស់​សុខភាព​សាធារណៈ និង​អាហារូបត្ថម្ភ​ និង​ការពង្រឹង​សមត្ថភាព​យេនឌ័រ និង​ការគាំពារ​សង្គម​។

លោក​បន្តថា គោលនយោបាយ​ចំនួន​ ២ ដែល​បាន​ដាក់ចេញ គឺ​ផ្តល់​សេវា​អប់រំ​ជូន​កុមារ​ឱ្យ​បាន​ទទួល​នូវ​ការអប់រំ​ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ និង​ទទួលបាន​លទ្ធផល​នៃ​ការសិក្សា​ដែល​អាច​ទទួលយកបាន​។

លោក​ថ្លែងថា​៖ «​កត្តា​រាំងស្ទះ​មួយចំនួន​ធ្វើឱ្យ​មិនអាច​សម្រេចបាន​នូវ​សូចនាករ ដែល​បាន​ដាក់ចេញ​គឺ​កត្តា​ខាងក្នុង និង​កត្តា​ខាងក្រៅ​។ កត្តា​ខាងក្នុង គឺ​ការផ្តល់​ធាតុ​ចូល​ពុំ​សូវ​មាន​គុណភាព និង​សមត្ថភាព​នៃ​ការប្រើប្រាស់​ធាតុ​ចូល និង​កត្តា​ខាងក្រៅ​គឺ​កត្តា​សកល​ដូច​បញ្ហា​កូវីដ​ធ្វើឱ្យ​សាលារៀន​ត្រូវ​បិទទ្វារ​»​។

ទោះជា​យ៉ាងណា​លោក​បាន​ថ្លែងថា ក្រសួង បាននិង​កំពុង​យកចិត្ត​ទុកដាក់​ប្រែក្លាយ​បញ្ហា​កូវីដ ​១៩ ឱ្យទៅជា​ឱកាស​ក្នុង​ការដាក់​អនុវត្ត​នូវ​ការអប់រំ​បែប​ឌីជីថល​ក្នុង​វិស័យ​អប់រំ​ដែល​ជា​ការសម្រេច​បាន​មុន​ទស្សនវិស័យ និង​ការរំពឹងទុក​មុន​៕