ភ្នំពេញៈ រយៈពេល​ ៦ ​ខែ​ឆ្នាំ​នេះ សមត្ថកិច្ច​ជំនាញ​នៃ​ក្រសួងមហាផ្ទៃ​បាន​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​បាន​ចំនួន​ ១៩៨ ​ករណី កើនឡើង​ ១៣៥ ​ករណី បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​។ នេះ​បើតាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ ចេញ​កាលពី​ថ្ងៃទី​ ២៦ ​កក្កដា​។

របាយការណ៍​ឱ្យដឹងថា ឆមាស​ទី​ ១ ​ឆ្នាំនេះ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​បាន​តាមដាន​ស្រាវជ្រាវ បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​សរុប​បាន​ ១៩៨ ​ករណី កើនឡើង​ចំនួន ១៣៥ ​ករណី ធៀប​នឹង​ឆ្នាំ​ ២០២០​។

ក្នុង​នោះបាន​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនទៅ​តុលាការ​ ២៩១ ​នាក់ និង​បាន​សង្គ្រោះ​ជនរងគ្រោះ​ ៧២១ ​នាក់ ​ក្នុងនោះ​មាន​អាយុ​ក្រោម ១៥ ​ឆ្នាំ ៨៨ ​នាក់ អាយុ​ ១៥-១៧ ​ឆ្នាំ ៦៣ ​នាក់ និង​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើង ៥៧០ ​នាក់​។

រយៈពេល​ ១ ​ឆមាស​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី-ខេត្ត​បាន​ល្បាត​ឃ្លាំមើល​គោលដៅ សង្ស័យ​មាន​សកម្មភាព​អាជីវកម្ម​ផ្លូវភេទ​បាន​ចំនួន ១ ០៧៤ ​លើក លើ​គោលដៅ ៣១៨ ​គោលដៅ មាន​មនុស្ស​សរុប​ចំនួន ១ ២៤៩ នាក់ ក្នុងនោះ​មាន​ស្ត្រី ១ ០៣៦ នាក់​។

សមត្ថកិច្ច​ក៏បាន​ធ្វើ​សកម្មភាព​បង្ការ ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​តាម​គោលដៅ​បម្រើសេវា​កម្សាន្ត ដែល​អាច​បង្កប់​សេវា​ផ្លូវភេទ ដោយ​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ស្ថិតិ និង​ធ្វើ​កិច្ចសន្យា​ហាមឃាត់​ការប្រព្រឹត្ត​បទល្មើស​សញ្ចារកម្ម និង​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ដល់​ម្ចាស់​អាជីវកម្ម និង​បុគ្គលិក​ធ្វើការ​ក្នុង​ហាង​ម៉ាស្សា និង​ខារ៉ាអូខេ​។ នេះ​បើតាម​របាយការណ៍​។

លោក ស ខេង រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃទី​ ២៦ កក្កដា បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ចំណុះឱ្យ គ.ជ.ប.ជ ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​ភារកិច្ច​ដោយ​មិន​ខ្លាច​នឿយហត់ ពិសេស​នៅក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដ៏​គ្រោះថ្នាក់​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅក្រៅ​ប្រទេស​ធ្វើឱ្យ​រាជរដ្ឋាភិបាល​អាច​សម្រេចបាន​នូវ​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ក៏​សូម​អំពាវនាវ​បងប្អូន​ជនរួមជាតិ​បន្ត​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នេះ នៅតាម​មូលដ្ឋាន​របស់​បងប្អូន តាមរយៈ​ការមិន​ប្រព្រឹត្ត​អំពើ​ល្មើស រាយការណ៍​អំពី​អំពើ​ល្មើស និង​ការចូលរួម​ផ្សព្វផ្សាយ ពន្យល់ អប់រំ​ណែនាំ​ដល់​សាច់ញាតិ បងប្អូន អ្នកភូមិ​ផង​ឱ្យ​មាន​ការយល់ដឹង​ពី​គ្រោះថ្នាក់​នៃ​អំពើ​ជួញដូរ​មនុស្ស​»​។

លោក​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​សហការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នេះ ដោយ​ចូលរួម​ផ្សព្វផ្សាយ​ពន្យល់ អប់រំ​ណែនាំ​ដល់​សាច់ញាតិ បងប្អូន អ្នកភូមិផង​ដែល​ស្ដែងឡើង​តាមរយៈ​អាពាហ៍ពិពាហ៍​មិន​ស្របច្បាប់​ទៅ​ក្រៅប្រទេស ការធ្វើ​ចំណាកស្រុក​ខុសច្បាប់ និង​ការប្រើ​ឧបាយកល​ទុច្ចរិត​អូសទាញ ឃោសនា ក្រោមរូបភាព​ផ្សេងៗ​។

របាយការណ៍​ឱ្យដឹង​ដែរ​ថា អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បានធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ប្រចាំខែ ចំពោះ​ពលករ​ចំណាកស្រុក​ត្រឡប់​មកពី​ក្រៅប្រទេស​វិញ​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​សរុប​ចំនួន ១៥០ ៨៨៥ នាក់ ដែល​ក្នុងនោះ​មាន​ស្ត្រី ៥៤ ៥៥៦ នាក់ និង​អនីតិជន ៥៦៤ នាក់ មាន​ស្រី ១៥៧ ​នាក់​។

ចំណែក​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន ​៦ បាន​ធ្វើ​ការងារ​បង្ការ​ទប់ស្កាត់​ពលរដ្ឋ​ខ្មែរ ដែល​ធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស​ដោយ​ខុសច្បាប់​បាន​ចំនួន ៨២ លើក​មាន​មនុស្ស​ចំនួន ៥៩៣ ​នាក់ មាន​ស្ត្រី ១៩៧ ​នាក់ ជា​អនីតិជន ៣៤ ​នាក់​។

ក្នុងនោះ​មាន​ខេត្តបាត់ដំបង ៣០ ​លើក ខេត្តកោះកុង​ ២៧ ​លើក បន្ទាយមានជ័យ​ ៨ ​លើក តាកែវ ៩ ​លើក និង​ស្វាយរៀង​ ៥ លើក​។ «​ក្រោយពី​បានទទួល និង​ឃាត់ខ្លួន​ពលរដ្ឋ​ទាំងនោះ សមត្ថកិច្ច​ក៏បាន​ធ្វើ​កិច្ចសន្យា​អប់រំ ណែនាំ​កុំឱ្យ​ធ្វើ​ចំណាកស្រុក​ខុសច្បាប់​ទៅ​ក្រៅប្រទេស​ទៀត​»​។ បើតាម​របាយការណ៍​។

លោក អំ សំអាត នាយករង​អង្គការលីកាដូ បាន​លើកឡើងថា អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ទាក់ទង​សិទ្ធិមនុស្ស សិទិ្ធស្ត្រី និង​សិទ្ធិ​កុមារ​នៅតែ​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ និង​រាជរដ្ឋាភិចាល ចាត់វិធានការ​បន្ថែមទៀត​ទប់ស្កាត់ និង​បង្ក្រាប​លើ​ករណី​ជួញដូរ​មនុស្ស​ដែលមាន​ដូចជា ការជួញដូរ​កម្លាំង​ពលកម្ម ការជួញដូរ​ផ្លូវភេទ អាជីវកម្ម​ផ្លូវភេទ និង​ទម្រង់​នៃ​ការជួញដូរ​មនុស្ស​ផ្សេងទៀត​ឱ្យមាន​ប្រសិទ្ធភាព​។

លោក​បាន​ថ្លែងថា​៖ «​មធ្យោបាយ​នៃ​ការអប់រំ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ពី​ការជួញដូរ​មនុស្ស ការចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ការទប់ស្កាត់ និង​ការបង្ក្រាប​ការជួញដូរ​មនុស្ស ការអនុវត្ត​ច្បាប់​ឱ្យបាន​តឹងរ៉ឹង​ធានាថា ជន​ដែល​ប្រព្រឹត្ត និង​ពាក់ព័ន្ធ​នឹង​ការជួញដូរ​មនុស្ស ត្រូវតែ​នាំទៅ​តុលាការ​ ដើម្បី​អនុវត្ត​តាមផ្លូវ​ច្បាប់ ទោះបី​អ្នកនោះ​មាន​តួនាទី និង​ឋានន្តរស័កិ្ត​ប៉ុនណា​ក៏ដោយ​ជា​រឿង​ចាំបាច់​»​។

លោក​បន្តថា រដ្ឋាភិបាល​គួរ​បង្កើន​កិច្ចសហការ​ជាមួយ​ប្រទេស​ជិតខាង និង​ក្នុង​តំបន់​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​លើ​ការជួញដូរ​មនុស្ស និង​បង្កើត​មណ្ឌល​សុវត្ថិភាព ដើម្បី​ការពារ​ជនរងគ្រោះ​ដោយ​ការជួញដូរ​មនុស្ស​។

បើតាម​លោក​សំអាត នៅ​ឆ្នាំ​ ២០២០ ​កម្ពុជា ត្រូវបាន​អាមេរិក​ចាត់​ចំណាត់ថ្នាក់​លេខ​ ២ ស្ថិតនៅក្រោម​ការឃ្លាំមើល​លើ​ការជួញដូរ​មនុស្ស​ដដែល​ក្នុង​ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា​។ ចំណាត់ថ្នាក់​នេះ​បង្ហាញថា ករណី​នៃ​ការជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ​ស្ថិតក្នុង​ភាព​គួរឱ្យ​បារម្ភ​ដដែល​៕