ក្រចេះ: នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ខេត្តក្រចេះ នឹង​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​សាលាដំបូង​ខេត្តក្រចេះ នៅ​ថ្ងៃទី​ ២៨ ​កក្កដា​នេះ ២ ថ្ងៃ​បន្ទាប់ពី​បាន​ចាប់​ឃាត់ខ្លួន​នៅ​ឃុំ​ស្រែចារ ស្រុក​ស្នួល ពាក់ព័ន្ធ​ពីបទ​ចាប់រំលោភ​សេពសន្ថវៈ​ក្មេងស្រី​អាយុ​ ១២ ​ឆ្នាំ​ម្នាក់​។

លោកស្រី នៅ រតនា ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ឱ្យ​ ភ្នំពេញ ​ប៉ុស្តិ៍ ​ដឹង​នៅ​ថ្ងៃទី​ ២៧ ​កក្កដា​ថា ជនសង្ស័យ​ឈ្មោះ ផេង ផន អាយុ​ ៣៨ ​ឆ្នាំ​ ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តក្រចេះ នៅ​ថ្ងៃទី​ ២៨ ​កក្កដា​។ ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ម.ថ អាយុ​ ១២ ​ឆ្នាំ​។

លោកស្រី​ថ្លែងថា​៖ «​ជន​ម្នាក់នេះ​បាន​សារភាព​ពី​ការប្រព្រឹត្ត​របស់គាត់​ទៅលើ​ក្មេងរងគ្រោះ​ប្រាប់​សមត្ថកិច្ច​យើង​។ ប៉ុន្តែ​តុលាការ​នឹង​សាកសួរ​គាត់​បន្តទៀត​»​។

លោក​ ចាន់ សុខគីម អធិការនគរបាល​ស្រុក​ស្នួល ប្រាប់​នៅ​ថ្ងៃទី​ ២៧ ​កក្កដា​ថា កាលពី​ថ្ងៃទី​ ១៨ ​កក្កដា ឆ្នាំ​ ២០២១ មាន​ស្ត្រី​ម្នាក់​អាយុ​ ៣៣ ​ឆ្នាំ ​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្រែចារ​ថា មាន​បុរស​ម្នាក់​ឈ្មោះ​ ផេង ផន បាន​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​របស់គាត់​។ បន្ទាប់ពី​សមត្ថកិច្ច​របស់​លោក​​ទទួលបាន​បណ្តឹង ក៏​រាយការណ៍​បន្ត​មក​លោក ហើយ​លោក​បាន​រាយការណ៍​បន្ត​ទៅ​លោកស្រី​ស្នងការរង នៅ រតនា ។

លោក​បាន​និយាយ​យោងតាម​សម្តី​ស្ត្រី​ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ​ថា កាលពី​ថ្ងៃទី​ ១៨ ​កក្កដា ឆ្នាំ​ ២០២១ ម្តាយ​ក្មេងរងគ្រោះ​បាន​ឃើញ​កូនស្រី​របស់ខ្លួន​មាន​សភាព​ខុសពី​ធម្មតា ហើយក៏​ហៅ​សួរ​។ ពេលនោះ​កូន​គាត់​បាន​ប្រាប់ថា ឈ្មោះ​ ផេង ផន ត្រូវជា​អ៊ំ​សាច់ថ្លៃ បាន​ចាប់​នាង​រំលោភ តាំងពី​អំឡុង​ឆ្នាំ​ ២០១៨ ប៉ុន្តែ​នាង​ (​អាយុ​ ១០ ​ឆ្នាំ​) ​មិន​ចាំ​ខែ​ណា​ទេ​។ នៅ​ថ្ងៃ​ដែល​ជនសង្ស័យ​ចាប់​កូន​គាត់​រំលោភ​ដំបូង​នោះ​ គឺ​ជនសង្ស័យ​បាន​បើក​ទូរស័ព្ទ​ឱ្យ​កូនស្រី​របស់គាត់​មើល​រឿង​អាសអាភាស​។

លោក​បញ្ជាក់ថា​៖ «​បើតាម​ម្តាយ​ក្មេងស្រី​សួរ​កូន ហើយ​គាត់​ប្រាប់​ខ្ញុំ គឺ​រាល់ពេល​រំលោភ​គឺ​ជនសង្ស័យ​បើក​ទូរស័ព្ទ​ឱ្យមើល​បណ្តើរ​រំលោភ​បណ្តើរ​»​។ លោក​បន្តទៀតថា ជនសង្ស័យ​នៅ​ថ្ងៃទី​ ១៨ ​កក្កដា​ ឆ្នាំ​ ២០២១ ​បាន​រំលោភ​សេពសន្ថវៈ​ក្មេងស្រី​រងគ្រោះ​ម្តងទៀត​ទើប​ម្តាយ​ក្មេងរងគ្រោះ​ឃើញ​អាការ​របស់​កូន​ប្លែក ក៏​ហៅ​សួរ​ក៏​បែកការណ៍​តែម្តង​។

បើតាម​លោក សុខគីម ផ្អែក​តាម​ចម្លើយ​របស់​ជនសង្ស័យ សារភាព និង​ចម្លើយ​របស់​ក្មេងស្រី​គឺ​បង្ហាញថា មាន​ភាពស៊ីចង្វាក់​គ្នា ទើប​សមត្ថកិច្ច​របស់​លោក បានសម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​៕