កំពង់ស្ពឺៈ នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃទី​ ២៧ កក្កដា បន្ត​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​រំលោភ​ហើយ​វាយ​ក្បាល​ក្មេងស្រី​រងគ្រោះ​អាយុ​ ១៥ ​ឆ្នាំ​របួសធ្ងន់​ប្រព្រឹត្ត​នៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​កាលពី​ថ្ងៃទី​ ២៥ កក្កដា ខណៈ​ក្មេងរងគ្រោះ​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​។

លោក​ សាយ ប៊ុនថន អធិការ​នគរបាល​ស្រុក​ភ្នំស្រួច​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​ ២៧ កក្កដា​ថា ដោយ​អនុវត្តតាម​តួនាទី និង​ទទួលបញ្ជា​ពី​លោក​ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ គឺ​កម្លាំង​សមត្ថកិច្ច​របស់លោក និង​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពង់ស្ពឺ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ ម្នាក់​ពាក់ព័ន្ធ​រំលោភ​សេពសន្ថវៈ និង​ប៉ង​សម្លាប់​ក្មេងស្រី​រងគ្រោះ​បំបិទមាត់​។

លោក​ប្រាប់​តាម​សម្តី​សាក្សី​នៅ​កន្លែងកើតហេតុ​ថា ជនសង្ស័យ​មិនមែន​ជា​មនុស្ស​រស់នៅ ក្នុងភូមិ-ឃុំ​នោះទេ ប៉ុន្តែ​មាន​ឪពុក ម្តាយ​រស់នៅ​ក្នុងភូមិ​កើតហេតុ​នោះ​។ មុន​កើតហេតុ​ប្រមាណ​ជា​ ១ ​ខែ ជនសង្ស័យ​មកពី​រាជធានី​ភ្នំពេញ​ ដើម្បី​មកលេង​ឪពុកម្តាយ​របស់គេ ដែល​មានផ្ទះ​នៅក្បែរ​ផ្ទះ​ក្មេងស្រី​រងគ្រោះ​។

លោក​ថ្លែងថា​៖ «​ករណីនេះ​យើង​មិនទាន់​អាច​បង្ហាញ​ឈ្មោះ​ជនសង្ស័យ​បានទេ ព្រោះ​ស្ថិតក្នុង​ប្រតិបត្តិការ​តាម​ចាប់​»​។

លោក​រៀបរាប់ថា ហេតុការណ៍​ដែល​កើតឡើង​នេះ​អាច​នៅ​ចន្លោះ​ពី​ម៉ោង​ ១២ ​ថ្ងៃត្រង់ ថ្ងៃទី​ ២៥ កក្កដា ប៉ុន្តែ​មាន​ការឆោឡោ​ពី​អ្នកភូមិ នៅ​ម៉ោងជាង​ ៣ ​រសៀល​ថ្ងៃទី​ ២៥ កក្កដា ដោយសារ​នៅពេលនោះ​ក្មេងស្រី​រងគ្រោះ​បាន​ស្រែកហៅ​ឱ្យគេ​ជួយ ក្រោយពី​នាង​ដឹងខ្លួន​ពី​សន្លប់​។

លោក​បន្តថា​៖ «​ម្តាយ​ក្មេងស្រី​រងគ្រោះ​គាត់​យក​កូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ ក្រោយមក​ទើប​យើង​ដឹង​ដំណឹង​នេះ​»​។

ចំណែក​លោកស្រី កែវ សុផាត មេឃុំ​ត្រែងត្រយឹង​ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​ ២៧ កក្កដា ដែរ​ថា ក្មេងស្រី​រងគ្រោះ​ត្រូវបាន​ជនសង្ស័យ​វាយ​ក្បាល​នឹង​វត្ថុ​រឹង​បែកក្បាល​ហូរឈាម​របួស​យ៉ាង​ទម្ងន់​។

លោកស្រី​បញ្ជាក់ថា​៖ «​ប៉ុន្តែ​ដោយសារ​របួសធ្ងន់​ពេក​គ្រូពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​បន្ត​យកទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទៀត​»​។

លោកស្រី​ សុផា បន្តថា ​ក្នុង​ហេតុការណ៍​នេះ​ក៏មាន​ខាង​អង្គភាព​សង្គ្រោះ​កុមារ​ (CPU) ​របស់​ប្រទេស​អូស្ត្រាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ក៏​ចុះមក​សហការ​ស៊ើបអង្កេត​រឿងនេះ​ដែរ​។ បើតាម​របាយការណ៍​របស់​នគរបាល​ស្រុក​ភ្នំស្រួច ក្រុមការងារ​ចម្រុះ​នគរបាល​បាល​កម្ពុជា និង​អង្គភាព CPU កំពុង​បន្ត​ធ្វើការ បន្ទាប់ពី​មាន​ករណី​រំលោភ និង​ប៉ុនប៉ង​សម្លាប់​ក្មេងរងគ្រោះ​។

របាយការណ៍​បង្ហាញថា មាន​បុរស​ជា​អ្នកជិតខាង​ម្នាក់​បាន​ហៅ​ជនរងគ្រោះ​ទៅ​ជួយ​ធ្វើការ​ក្នុងផ្ទះ​មាន​ទីតាំង​នៅក្នុង​ភូមិ​កើតហេតុ​។ បន្ទាប់ពី​ក្មេង​រងគ្រោះ​ចូលដល់​ក្នុងផ្ទះ​របស់​ជនសង្ស័យ​ក៏​ត្រូវបាន​ជនសង្ស័យ រំលោភ​សេពសន្ថវៈ​ហើយ​ប៉ង​វាយ​សម្លាប់​ក្មេងរងគ្រោះ​។ ជនល្មើស​បាន​យក​ញញួរ​វាយ​ក្បាល​ជនរងគ្រោះ​រហូត​សន្លប់​។

របាយការណ៍​បន្តថា ជនល្មើស​បាន​ខ្ទាស់​សោ​ផ្ទះ​ទុក​ជនរងគ្រោះ​នៅ​ខាង​ក្នុងផ្ទះ ហើយ​បាន​រត់គេចខ្លួន​។ នៅវេលា​រសៀល​ម៉ោង​ជាង​ ៣ ​អ្នកជិតខាង​បានឮ​សំឡេង ស្រែក​មកពី​ក្នុងផ្ទះ​ជនសង្ស័យ​ហើយ​អ្នកភូមិ​បានគាស់​បើកទ្វារ​។ ពេលនោះ​បានឃើញ​ជនរងគ្រោះ​ក្នុង​ស្ថានភាព​ធីងធោង និង​មាន​របួសធ្ងន់​ជាច្រើន​កន្លែង​នៅលើ​ផ្នែក​ក្បាល និង​ដងខ្លួន​៕

វីដេអូ៖