The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​ក្រសួងបរិស្ថាន កំពុង​ពិនិត្យទិដ្ឋភាព​ច្បាប់​ប្រឆាំងនឹង​បុគ្គលដែល​លួច​ទន្ទ្រាន​ដី​ឧទ្យាន​ជាតិ




មន្ត្រី​ក្រសួងបរិស្ថាន កំពុង​ពិនិត្យទិដ្ឋភាព​ច្បាប់​ប្រឆាំងនឹង​បុគ្គលដែល​លួច​ទន្ទ្រាន​ដី​ឧទ្យាន​ជាតិ

Content image - Phnom Penh Post
លោក សាយ សំអាល់ (មុខ) និងមន្ត្រីក្រសួង​បរិស្ថាន​ ពេលចុះល្បាតឧទ្យានជាតិ។ រូបថត ក្រសួងបរិស្ថាន

មន្ត្រី​ក្រសួងបរិស្ថាន កំពុង​ពិនិត្យទិដ្ឋភាព​ច្បាប់​ប្រឆាំងនឹង​បុគ្គលដែល​លួច​ទន្ទ្រាន​ដី​ឧទ្យាន​ជាតិ

កំ​ពតៈ មន្ត្រី​ក្រសួងបរិស្ថាន​កំពុង​ពិនិត្យ​ទិដ្ឋភាព​ច្បាប់​ប្រឆាំងនឹង​បុគ្គល​ល្មើសច្បាប់ លួច​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ដែល​សកម្មភាព​នេះ​នៅតែ​បន្ត​កើតមាន​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

ការអះអាង​របស់​មន្ត្រី​បែបនេះ​បានធ្វើ​ឡើង​ក្រោយពេល លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ដឹកនាំមន្ត្រីជំនាញ ​និង​មន្ត្រី​មូលដ្ឋាន​ក្នុង​ខេត្តកំពត ដើម្បី​ល្បាត​ពិនិត្យ ការងារ​ដីធ្លី​នៅក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​កាលពី​ថ្ងៃទី ២៦ ខែកក្កដា ដើម្បី​បង្កើន​ប្រសិទ្ធភាព​លើ​ការការពារ​និង​អភិរក្ស​តំបន់ការពារធម្មជាតិ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ថ្លែងឱ្យដឹងថា ក្រសួងបរិស្ថាន​បាន​សង្កេតឃើញថា ស្ថានភាព​នៃ​ការចូល​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ​ដោយ​ខុសច្បាប់​នៅក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ​បានកើត​ឡើង​ច្រើន​ក្នុង​រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ ​ដែល​បង្កឡើង​ដោយ​ក្រុម​ជនខិលខូច ចាប់តាំងពី​ខែកក្កដា ឆ្នាំ ២០២០ មក​រហូតមកដល់​ខែមិថុនា ឆ្នាំ២០២។

ក្នុង​ដំណើរការ​ល្បាត​ពិនិត្យមើល​ស្ថានភាព​រំលោភច្បាប់​នោះ មន្ត្រី​បាន​កត់សម្គាល់ថា​ មានការ​ទន្ទ្រាន​កាន់កាប់​ព្រៃ​រដ្ឋ​ដោយ​ខុសច្បាប់​ ចំនួន ១៩២ កន្លែង មាន​ទំហំ​ជាង ៧០០ ហិកតា ដែល​ស្ថិតនៅក្នុង​ឃុំ​ចំនួន ៨ របស់​ស្រុក​ឈូក និង​ស្រុក​ទឹកឈូ និង​ក្រុង​កំពត។

លោក នេត្រ ភក្ត្រា ថ្លែងថា៖ «ស្ថានភាព​នៃ​ការទន្ទ្រាន​កាន់ កាប់​ដីព្រៃថ្មីៗមិនមែនជា​ដី​ដែល​ត្រូវបាន​ប្រើប្រាស់​និង​អាស្រ័យ​ផល​យូរ​ឆ្នាំ​ឡើយ។ ការ​ល្មើសច្បាប់​ក្នុងការ​ទន្ទ្រាន​ដី​រដ្ឋ​នោះ​ត្រូវតែ​អនុវត្ត​ទៅតាម​ច្បាប់​ដោយ​មិនមាន​ការលើកលែង​ឡើយ វិធានការ​ទប់ស្កាត់ ការអនុវត្ត​នីតិវិធី​ច្បាប់​កម្រិតណា អាហ្នឹង​ស្ថិតនៅលើ​ក្រសួងបរិស្ថាន»។

លោក ជាវ តា​យ អភិបាល​ខេត្តកំពត ថ្លែងឱ្យដឹងថា ឧទ្យាន​ជាតិ​ គឺជា​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន​ដែលមាន​ព្រះរាជក្រឹត្យ ចំណែក​រដ្ឋបាលខេត្ត​គ្រាន់តែ​អមដំណើរ​ក្នុង ការចុះទៅ​ពិនិត្យ​ទីតាំង​ដែលមាន​ការទន្ទ្រាន​នោះ ហើយ​មន្ទីរ​បរិស្ថាន​ខេត្តកំពត​បានធ្វើ​របាយ​ការណ៍​ជូន​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ដើម្បី​ចេញ​ដីកា​ដកហូត និង​រក្សា​ការពារ​ដី​ដែល​ទន្ទ្រាន​កាន់កាប់​ទាំងនោះ។

ទោះជា​យ៉ាងណាក៏ដោយ លោក ភក្ត្រា បញ្ជាក់ថា ក្រសួងបរិស្ថាន​បាន​សង្កេតឃើញថា​មេឃុំ​មួយចំនួន​នៃ​ស្រុក​ឈូក និង​ស្រុក​ទឹកឈូ បានចេញ​លិខិត​ធ្វើ​មោឃភាព​លើ​ការលក់​ទិញ ផ្ទេរសិទ្ធិ លើ​ដីធ្លី​ក្នុង​តំបន់ការពារធម្មជាតិ ហើយ​នេះ​ជា​ជំហាន​មួយ​យ៉ាងសំខាន់ ក្នុងការ​ទប់ស្កាត់​ភាពអនាធិបតេយ្យ​នៃ​ការទន្ទ្រាន​កាន់កាប់ និង​លួច​លក់​ដីព្រៃ​រដ្ឋ​ដោយ​ខុសច្បាប់។

ការទន្ទ្រាន​កាន់កាប់ ការលក់-ដូរ ឬ​ការផ្ទេរ​ដី​ក្នុង​ឧទ្យាន​ជាតិ ឬ​ដែនជម្រកសត្វព្រៃ​គឺ​ខុសច្បាប់។ ការទន្ទ្រាន​កាន់កាប់​ដី​ក្នុង​ឧទ្យាន​ជាតិ ឬ​ដែនជម្រកសត្វព្រៃ​អាចមាន​រូបភាព​ដូចជា​ការបោះបង្គោល ឬ​ការ​ឈូសឆាយ​ធ្វើ​ចម្ការ​ជាដើម។

លោក​ភក្ត្រា​ថ្លែងថា ដី​តំបន់ការពារធម្មជាតិ​ជា​ដី​សាធារណៈ​របស់​រដ្ឋ ហើយ​ការប្រើប្រាស់ ការបែងចែក ឬ​ធ្វើ​ប្រទានកម្ម​ដី​ក្នុង​តំបន់ការ​ពារធម្មជាតិ​លុះត្រាតែ​មានការ​សម្រេច​យល់ ព្រម​ពី​រាជរដ្ឋាភិបាល ដូច្នេះ​គ្មាន​អ្នកណាម្នាក់​អាចមាន​សិទ្ធិ​ទន្ទ្រាន កាន់កាប់ លក់ ដូរ ផ្ទេរសិទ្ធិ​កាន់-កាប់​ដីធ្លី ឬ​បញ្ជា​ក់លើ​លិខិតស្នាម​កាន់កាប់ ឬ​លក់-ដូរ​ដី​ក្នុង​តំបន់ការពារធម្មជាតិ​បានឡើយ៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍