ភ្នំពេញៈ នគរបាល​ខណ្ឌដង្កោ​ ​នឹង​បញ្ជូន​បុរស​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ២៩ ខែ​កក្កដា​ បន្ទាប់ពី​ឃាត់ខ្លួន​បាន ៣ ថ្ងៃ​ ពាក់ព័ន្ធ​ចាប់​ស្ត្រី​មាន​ប្តីម្នាក់​រំលោភសេពសន្ថវៈ ​ប្រព្រឹត្ត​នៅ​ សង្កាត់​សាក់​សំពៅ​ ខណ្ឌដង្កោ។

លោក​ ជឹម ស៊ីថា​ អធិការនគរបាល​ខណ្ឌ​ដង្កោ​ ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី ២៨​ ខែ​កក្កដា​ថា ជនសង្ស័យ​ឈ្មោះ ផាន់ ដា​រ៉ា អាយុ ២៩ ឆ្នាំ​ នឹង​ត្រូវ​កម្លាំង​នគរបាល​របស់​លោក​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃទី ២៩ កក្កដា​។

ប៉ុន្តែ​ឯកសារ​សំណុំរឿង​របស់​ជ​ន​សង្ស័យ ​គឺ​លោក​បញ្ជូនទៅ​តំណាង​អយ្យការ​មុន​រួចហើយ។

លោក​ថ្លែងថា៖ «រឿងនេះ ​សមត្ថកិច្ច​ខ្ញុំ​ចាប់​តាម​បណ្តឹង​របស់​ជនរងគ្រោះ»។

លោក ​រស់ សុខា​ នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សាក់​សំពៅ បាន​ប្រាប់​នៅ​រសៀល​ថ្ងៃទី ២៨ កក្កដា​ថា ស្ត្រី​រងគ្រោះ​ឈ្មោះ រ.ថ​ អាយុ ២១ ឆ្នាំ មាន​ប្តីប្រកប​របរ​ទិញ​លក់​អេតចាយ ​ក្នុង​ទឹកដី​សង្កាត់​សាក់​សំពៅ ក្នុង​ខណ្ឌ​ដង្កោ។

លោក​ប្រាប់​តាម​សម្តី​ស្ត្រី​រងគ្រោះ​ថា​ តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពី​យប់​ថ្ងៃទី ២៣ កក្កដា​ នាង​បាន​ស្នាក់​នៅក្នុង​រោង​អេត​ចាយ​ម្នាក់ឯង ​ព្រោះ​ប្តី​របស់​នាង​ ទៅ​​ខេត្ត។

ពេលនោះ​ជនសង្ស័យ​ឃើញ​នាង ស្លៀក​រ៉ូ​ប​កំពុង​អង្គុយ​ក្នុង​បន្ទប់​ម្នាក់ឯង​ ក៏​ដើរចូលមកក្នុង​បន្ទប់​តែដោយសារ​សំអាងថា​ ជាម​នុស្ស​ស្គាល់គ្នា​ ទើប​នាង​មិន​គិតថា​ មាន​អ្វី​កើត​ឡើងលើ​រូបនាង​នោះ​ទេ។

លោក​បន្តថា​ ពេលនោះ ​ជនសង្ស័យ​បាន​​បើក​ទូទឹកកក​យក​ទឹក​មួយ​ដប​ផឹក​ហើយ​ចាប់​នាង​ឱប​តែម្តង។

នៅពេលនោះ​នាង​ខំ​រើ​បំរាស់​ដែរ​ ប៉ុន្តែ​ខ្លាច​ជនសង្ស័យ​សម្លាប់។

បើតាម​លោក ​សុខា​ បាន​ស្រង​សម្តី​ស្ត្រី​រងគ្រោះ​ថា៖ «ជនសង្ស័យ ចាប់​បឺត​មាត់​នាង ​តែ​ត្រូវ​នាង​ខាំ អណ្ដាត​ប៉ុន្តែ​មិនបាន​បណ្ដាលឱ្យ​ជនល្មើស​របួសធ្ងន់​ទេ។ គេ​គំរាម​ឱ្យ​នាង​នៅ​ឱ្យស្ងៀម​ កុំ​ស្រែក​ប្រយ័ត្ន ខ្មាស​គេ»។

លោក​បន្តថា ​ពេលនោះ​ ស្ត្រី​រងគ្រោះ​មិន​ហ៊ាន​ស្រែក​ហើយខំប្រឹង​រើ​តែ​រើ​មិន​រួច។

លោក​បន្តទៀតថា​ ក្រោយពី​ជនសង្ស័យធ្វើ​សកម្មភាព​រំលោភ​ជនរងគ្រោះបាន​សម្រេច​​រួចហើយ​ក៏​គេចខ្លួន​តែម្តង។

ពេលភ្លាមៗនោះ​ ស្ត្រី​រងគ្រោះ​មិន​ហ៊ាន​ទូរស័ព្ទ​ប្រាប់​ប្តី​របស់​នាង​ទេ។ លុះ​ដល់​ថ្ងៃទី ២៧​ ខែ​កក្កដា​ នៅវេលា​ម៉ោង​ប្រហែល ៩ ព្រឹក​ ទើប​នាង​ប្រាប់​ប្តី និង​បាន​រាយការណ៍​ប្រាប់លោក​​ ជឹម ស៊ីថា​ ហើយ​លោក​អធិការ​​ ក៏​​បាន​នាំ​កម្លាំង​​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង​៕