
អ្នកគ្រូបង្រៀនម្នាក់កំពុងបង្រៀនសិស្សនៅវិទ្យាល័យព្រះស៊ីសុវត្ថិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០។ ហ៊ាន រង្សី
ភ្នំពេញៈ ក្រសួងអប់រំ តាមរយៈវិទ្យាស្ថានជាតិអប់រំ សហការជាមួយសាលារៀនបញ្ញវន្ដអង្គរ រៀបចំសន្និសីទជាតិលើកទី១ស្តីពីការប្រឹក្សាគរុកោសល្យក្រោមប្រធានបទ «ការបង្កើតសហគមន៍សិក្សាវិជ្ជាជីវៈសម្រាប់គ្រូប្រឹក្សាគរុកោសល្យ» រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៨-៣០ ខែកក្កដានេះ ដើម្បីចែករំលែកចំណេះដឹង បទពិសោធ កិច្ចការងារនៃការប្រឹក្សាគរុកោសល្យនិងការបញ្ជ្រាបការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យអប់រំ។
លោក ច័ន្ទ រ័ត្ន ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវគរុកោលស្យជំនាន់ថ្មីនៃវិទ្យាស្ថានជាតិអប់រំបានថ្លែងក្នុងពេលបើកសន្នីសីទនេះ ពីម្សិលមិញថា មន្រ្តីក្រសួងអប់រំ នាយកសាលា លោកគ្រូអ្នកគ្រូ មកពីគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនសរុបប្រមាណ ១ ពាន់នាក់បានចូលរួមក្នុងសន្និសីទនេះតាមប្រព័ន្ធអនឡាញ (Video Zoom)។
លោកបន្ថែមថា សន្និសីទនេះ គឺពិតជាបានចូលរួមចំណែកក្នុងការចែករំលែកចំណេះដឹង បទពិសោធ កិច្ចការងារនៃការប្រឹក្សាគរុកោសល្យ និងការបញ្ជ្រាបការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យអប់រំ ព្រមទាំងបានឆ្លុះបញ្ជាំងពីតួនាទី និងសារៈសំខាន់នៃគ្រូប្រឹក្សាគរុកោសល្យ ក្នុងសាលារៀន ក៏ដូចជាក្នុងវិស័យអប់រំផងដែរ។
លោកថ្លែងថា៖ «គោលបំណងសន្និសីទនេះ គឺដើម្បីផ្លាស់ប្ដូរយោបល់តាមរយៈកិច្ចពិភាក្សាពីគំរូផ្សេងៗគ្នានៃការប្រឹក្សាគរុកោសល្យ ទស្សនៈនៃការយល់ឃើញលើការអនុវត្ដវិជ្ជាជីវៈប្រឹក្សាគរុកោសល្យនិងការផ្ដល់ឱកាសដល់គ្រូប្រឹក្សាគរុគោសល្យ ក្នុងការរក្សាបាននូវបណ្ដាញទំនាក់ទំនងជាសហគមន៍ព្រមទាំងបានអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងបទពិសោធលើវិជ្ជាជីវៈផងដែរ»។
បើតាមលោក ច័ន្ទ រ័ត្ន អ្នកសិក្សាស្រាវជ្រាវ គ្រូបង្រៀន គ្រូឧទ្ទេស ទីប្រឹក្សាអប់រំ និងអ្នកផ្ដល់យោបល់ត្រូវបានអញ្ជើញចូលរួមក្នុងសន្និសីទរយៈពេល ៣ ថ្ងៃនេះ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធឆ្លើយតបទៅនឹងការប្រឹក្សាគរុកោសល្យ និងការបង្កើតសហគន៍សិក្សាវិជ្ជាជីវៈក្នុងបរិបទកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។
លោកបន្តថា៖«សន្និសីទនេះ អាចជាកាលានុវត្ដភាពថ្មីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងបង្កើតឱ្យមានសហគមន៍សិក្សាវិជ្ជាជីវៈ បណ្ដាញអ្នកសិក្សាវិជ្ជាជីវៈ និងជំរុញឱ្យមានកិច្ចសហប្រតិបត្ដិការរវាងភាគីពាក់ព័ន្ធលើវិជ្ជាជីវៈប្រឹក្សាគរុកោសល្យ»។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា គន្លឹះក្នុងសន្និសីទនេះបានវាយតម្លៃខ្ពស់ចំពោះការរៀបចំសន្និសីទជាតិលើកទី១ ស្ដីពីការប្រឹក្សាគរុកោសល្យនេះ។ លោកបញ្ជាក់ថា៖ «ការរៀបចំសន្និសីទនេះ គឺដើម្បីលើកកម្ពស់នូវសហគមន៍អប់រំវិជ្ជាជីវៈ ជាពិសេសអាចឱ្យលោកគ្រូ អ្នកគ្រូផ្លាស់ប្ដូរបទពិសោធគ្នា ដើម្បីកែលម្អការរៀន និងការបង្រៀន។ វាក៏ជាផ្នែកមួយនៃកំណែទម្រង់ដែលយើងបាននិងកំពុងអនុវត្ដនាពេលកន្លងមកនេះ»។
លោករដ្ឋមន្រ្ដីថ្លែងថា៖ «ខ្ញុំក៏សូមឆ្លៀតឱកាសនេះ វាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូដែលក្នុងរយៈពេលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ នេះ បានបង្កផលលំបាកដល់វិស័យអប់រំអស់រយៈពេលជិត ២ ឆ្នាំ ហើយដែលយើងត្រូវបិទសាលា។ ប៉ុន្ដែក្នុងពេលដែលក្រសួងអប់រំសម្រេចបិទសាលាភ្លាម ខ្ញុំក៏បានដាក់ចេញជាយុទ្ធសាស្រ្ដមួយដើម្បីឆ្លើយតប គឺការបង្កើតការអប់រំឌីជីថល»។
លោកបានបន្តថា ការអប់រំបែបឌីជីថលកាលពីជំហានដំបូង ក្រសួងអប់រំ បានធ្វើទៅតាមអ្វីដែលក្រសួងមាន គឺបានចាប់ផ្ដើមថតជាវីដេអូមេរៀនទាំងឡាយ ដើម្បីដាក់ឱ្យសិស្សអាចបន្តរៀនបាន។ នៅពេលនោះមានលោកគ្រូ អ្នកគ្រូល្អៗ ល្បីឈ្មោះបានស្ម័គ្រចិត្ដធ្វើការងារ ដោយមិនយកកម្រៃផងដែរ តាមរយៈការបានថតជាវីដេអូមេរៀន បង្ហោះតាមបណ្ដាញហ្វេសប៊ុក យូធូបរបស់ក្រសួង ដើម្បីផ្ដល់ការសិក្សាដល់សិស្ស។ ក្រោយមកទើបក្រសួងបង្កើតប្រព័ន្ធរៀនអេឡិចត្រូនិច (E-learning) ជាច្រើនបន្ថែមទៀត។
លោករដ្ឋមន្រ្ដីបញ្ជាក់ថា៖ «ឥឡូវនេះ គឺយើងចាប់ផ្ដើមបង្កើតជាមជ្ឈមណ្ឌលអប់រំឌីជីថល ហើយរៀបចំបានល្អ។ បើគិតទៅវិស័យអប់រំយើងបានដើរទៅលឿនជាង ១០ ឆ្នាំ ក្នុងពេលរីករាលដាលជំងឺកូវីដ ១៩ នេះ។ ដូច្នេះ វាជាការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូទាំងអស់ដែលបានខិតខំពង្រឹងសមត្ថភាពខ្លួនឯង»៕