លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសនៅយប់ថ្ងៃទី២៨ ខែកក្កដា នេះ ដោយបានរកឃើញនូវអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ទី ៧ លាន ដែលជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
លោកបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា តាមរយៈការខិតខំរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូលរួមរបស់ប្រជាជន មកដល់ថ្ងៃនេះសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ១៩ បាន ៧ លាននាក់ ស្មើនឹង ៧០ ភាគរយ នៃប្រជាជនដែលត្រូវចាក់វ៉ាក់សាំង ចំនួន ១០ លាននាក់។
លោក ហ៊ុន សែន បានឱ្យដឹងទៀតថា៖ «សូមអបអរសាទរចំពោះលោកយាយចាន់ ឃីម រស់នៅភូមិកន្ត្រក សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី ៧ លាន»។
លោកនាយករដ្ឋមន្រ្តីបានសរសេរទៀតថា លោកស្រី ឱ វណ្ណឌីន នឹងនាំយកថវិកាចំនួន ១០ លានរៀល និងសម្ភារៈផ្សេងទៀតទៅជូនដោយផ្ទាល់។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជានឹងចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩ ទៅដល់ប្រជាពលរដ្ឋឱ្យបាន ១០ លាននាក់នៅក្នុងខែតុលាឬដើមខែវិច្ឆិកាខាងមុខនេះ៕