The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ សម្រាប់​មនុស្យ​អាយុ​ពី ១២-១៧ ឆ្នាំ​ចាប់ផ្តើម​នៅ​រាជធានី​មុន




យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ សម្រាប់​មនុស្យ​អាយុ​ពី ១២-១៧ ឆ្នាំ​ចាប់ផ្តើម​នៅ​រាជធានី​មុន

Content image - Phnom Penh Post
គ្រូពេទ្យ​រៀបចំ​ចាក់​វ៉ាក់សាំង​ឱ្យ​អ្នក​ដែល​មាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង​នៅ​ខណ្ឌ​ដូនពេញ នាពេល​កន្លងមក។ ហុង មិនា

យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ សម្រាប់​មនុស្យ​អាយុ​ពី ១២-១៧ ឆ្នាំ​ចាប់ផ្តើម​នៅ​រាជធានី​មុន

ភ្នំពេញៈ គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស (គ.វ.ក-១៩) បញ្ចេញ​ផែនការ​លម្អិត​ពី​ការចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ ១៩ សម្រាប់​ក្រុម-មនុស្ស​អាយុ​ពី ១២ ដល់ ១៧ ឆ្នាំ ដែល​ចាប់​ផ្តើមដំបូង​គឺ រាជធានី​ភ្នំពេញ​នៅថ្ងៃទី ១ ខែ​សីហា ដែល​ប្រកាស​បើក​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​វិមាន​សន្តិភាព។

ដោយឡែក​សម្រាប់​ខេត្ត-កណ្តាល ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង​ជា​គោលដៅ ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ ១៩ ជា​បន្តបន្ទាប់ ក្រោយពី​ចាក់​នៅ​រាជធានី​ភ្នំពេញ។ ដំណើរ​ការចាក់​សម្រាប់​មន្ត្រីរាជការ​ក្រោម​ឱវាទ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំង ៣ នេះ​ត្រូវ​រៀបចំ​ដោយ​រដ្ឋបាល-ខេត្ត​សាមី​នេះដែរ ហើយនឹង​ត្រូវ​ជូនដំណឹង​ពី​កាលបរិច្ឆេទ​ចាក់​វ៉ាក់សាំង​នៅពេល​ក្រោយ។ រីឯ​នៅ​បណ្តា​ខេត្តផ្សេងៗ​ទៀត​នឹង​ត្រូវ​រៀបចំ​ចាក់​ជា​បន្តបន្ទាប់​ទៀត នៅពេល​មាន​វ៉ាក់សាំង។

សម្រាប់​យុទ្ធនាការ​ចាក់​នៅ​រាជធានី​ភ្នំពេញ ការចាក់​វ៉ាក់សាំង​សម្រាប់​កូនចៅ​ឥស្សរជន ដែល​មាន​តួនាទី​ជា​ឧបនាយករដ្ឋមន្ត្រី ឬ​មាន​ឋានៈ​ស្មើ​រហូត​ដល់​មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា បម្រើការ​នៅ​ថ្នាក់ជាតិ។ សម្រាប់​កូនចៅ​អ្នកឧកញ៉ា និង​កូនចៅ​របស់​មន្ត្រីការទូត មន្ត្រី​អង្គការសហប្រជាជាតិ​តំណាង​ហិរញ្ញវត្ថុ​អន្តរជាតិ អង្គការ​អន្តរជាតិ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​កូនចៅ​អ្នកសារព័ត៌មាន។ អ្នក​ទាំងនេះ​នឹង​ចាក់​នៅ​ទីតាំង ដែល​ត្រូវ​បានរៀបចំ​នៅតាម​មន្ទីរពេទ្យ​ធំៗ​ចំនួន ៥ រួមមាន មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​ព្រះអង្គឌួង មន្ទីរពេទ្យ​កុមារ​ជាតិ មន្ទីរពេទ្យ​គន្ធបុប្ផា ភ្នំពេញ (វត្តភ្នំ) និង​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក។

លោកស្រី​ ឱ វណ្ណឌីន អ្នក​នាំពាក្យ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស បានបញ្ជាក់​តាមរយៈ​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី ២៧ ខែកក្កដា ថា កូនចៅ​របស់​មន្ត្រី​នៃ​ក្រសួង​ព្រះបរមរាជវាំង ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ និង​រដ្ឋសភា​នឹង​ចាក់​នៅ​ថ្ងៃទី ១ ខែសីហា។ ដំណើរការ​ចាក់​គ្រប់​ស្ថាប័ន​គឺ​ចាប់ពី​ម៉ោង ៨ ព្រឹក​ដល់​ម៉ោង ៥ ល្ងាច​ដូចគ្នា។

សម្រាប់​កូនចៅ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី តុលាការ​កំពូល​សាលាឧទ្ធរណ៍​ភ្នំពេញ និង​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាក់​នៅ​ថ្ងៃទី ២ ខែសីហា។ សម្រាប់​កូនចៅ​នៃ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការពារជាតិ​ចាក់​នៅ​ថ្ងៃទី ៣ ខែសីហា។ សម្រាប់​កូនចៅ​នៃ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ចាក់​នៅ​ថ្ងៃទី ៤ ខែ​សីហា។

សេចក្តី​ប្រកាស​បន្តថា សម្រាប់​កូនចៅ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រុមប្រឹក្សា​អភិវឌ្ឍន៍-កម្ពុជា និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ចាក់​នៅ​ថ្ងៃទី ៥ សីហា។ សម្រាប់​កូនចៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ក្រសួង​ផែនការ​ចាក់​នៅ​ថ្ងៃទី ៦ សីហា។ សម្រាប់​កូនចៅ​នៃ​ក្រសួង​សុខាភិបាល​ចាប់ពី​ថ្ងៃ​ទី ១ ដល់ទី ៤ ខែសីហា។ រីឯ​កូនចៅ​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ចាក់​នៅ​ថ្ងៃទី ៧ ខែ​សីហា។

ប្រភព​ដដែល​បន្តថា សម្រាប់​កូនចៅ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួងបរិស្ថាន​ចាក់​នៅ​ថ្ងៃទី ៨ ខែសីហា ខណៈ​កូនចៅ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​ចាក់​នៅ​ថ្ងៃទី ៩ សីហា។ ចំណែក​កូនចៅ​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួង​កិច្ចការនារី ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​ពាណិជ្ជកម្ម​ចាក់​នៅ​ថ្ងៃទី ១០ ខែ​សីហា។

សម្រាប់​កូនចៅ​នៃ​ក្រសួង​មុខងារ​សាធារណៈ​សាលា​ភូមិន្ទរដ្ឋបាល ក្រសួង​ទេសចរណ៍ និង​ក្រសួង​ព័ត៌មាន​នឹង​ត្រូវ​ចាក់​នៅ​ថ្ងៃទី ១១ ខែសីហា។ ចំណែក​នៅ​ថ្ងៃទី ១២ ខែសីហា សម្រាប់​កូនចៅ​នៃ​ក្រសួង​ធម្មការ និង​សាសនា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនិតិសម្បទា និង​ក្រសួង​ធនធានទឹក និង​ឧតុនិយម។

បើតាម​សេចក្តី​ប្រកាស​នេះ​សម្រាប់​កូនចៅ​នៃ​ក្រសួង​រ៉ែ និង​ថាមពល អគ្គិសនី​កម្ពុជា អាជ្ញាធរ ប្រេងកាត ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ និង​អាកាស​ចរណ៍​ស៊ីវិល​ចាក់​នៅ​ថ្ងៃទី ១៣ ខែសីហា ហើយ​សម្រាប់​កូនចៅ​នៃ​អាជ្ញាធរ​ផ្សេងៗ​ទៀត​ត្រូវ​ចាក់​នៅ​ថ្ងៃទី ១៤ ខែសីហា។

គ.វ.ក-១៩ បញ្ជាក់​ផងដែរ​ថា សម្រាប់​មន្ទីរពេទ្យ​កាល់ម៉ែត គឺជា​ទីកន្លែង​សម្រាប់ ចាក់វ៉ាក់​សាំង​បង្ការ​កូវីដ ១៩ ជូន​កូនចៅ​របស់​ឥស្សរជន​ដែលមាន​តួនាទី​ជា​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬ​មាន​ឋានៈ​ស្មើ។ ចំណែក​នៅ​មន្ទីរពេទ្យ​ព្រះអង្គឌួង ជា​កន្លែង​សម្រាប់​ចាក់​វ៉ាក់សាំង​ជូន​កូនចៅ ឥស្សរជន​ដែល​ជា​អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឬ​មាន​ឋានៈ​ស្មើ។

រីឯ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​ និង​ទារក សម្រាប់​ចាក់​ដល់​កូនចៅ​ឥស្សរជន​ដែលមាន​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធាន​ការិយាល័យ បុគ្គលិក​ក្របខ័ណ្ឌ និង​មន្ត្រី​ជាប់កិច្ចសន្យា។ មន្ទីរពេទ្យ​កុមារ​ជាតិ ជា​កន្លែង​សម្រាប់​ចាក់​ជូន​កូនចៅ​របស់​មន្ត្រីរាជការ​ដែល​បម្រើការ​នៅ​ទីស្តីការ​ក្រសួង​សុខាភិបាល​ទាំងអស់​ចាប់ពី​ប្រធាន​នាយកដ្ឋាន​ចុះ និង​មន្ត្រី​ជាប់​កិច្ចសន្យា។

ជាមួយ​គ្នា​នេះ សម្រាប់​កូនចៅ​អ្នកឧកញ៉ា លោក​ឧកញ៉ា និង​ឧកញ៉ា ចាក់​នៅ​ថ្ងៃទី ១៥ និង ១៦ ខែសីហា នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ សម្រាប់​កូនចៅ​របស់​មន្ត្រីការទូត មន្ត្រី​អង្គការ​សហប្រជាជាតិ តំណាង​ហិរញ្ញវត្ថុ​អន្តរជាតិ អង្គការ​អន្តរជាតិ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​ចាក់​នៅ​ថ្ងៃទី ១៧ ដល់ ១៨ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ ចំណែក​កូនចៅ​អ្នកសារព័ត៌មាន​វិញ គឺ​ចាក់​ពីថ្ងៃ​ទី ៥ ដល់ ៦ ខែសីហា នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ។

លោកស្រី​ ឱ វណ្ណឌីន បញ្ជាក់ថា៖ «សម្រាប់​កូនចៅ​មន្ត្រីក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​កូនចៅ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​រាជធានី-ភ្នំពេញ ទៅ​ចាក់​វ៉ាក់សាំង​នៅ​ទីតាំង​ទាំង ៤២ ទីតាំង​ក្នុង​ខណ្ឌ​ទាំង ១៤ ដែល​រៀបចំ​ចាត់ចែង​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំង​ដូស​ទី ១ និង​ទី ២»។

លោកស្រី​បន្ថែមថា ការចាក់​វ៉ាក់សាំង​ដូស​ទី ២ ដល់​មនុស្ស​អាយុ ១២ ដល់​ក្រោម ១៨ ឆ្នាំ​ត្រូវ​មាន​គម្លាត ២១ ថ្ងៃ ដូចនេះ​អ្នក​ដែល​បាន​ចាក់​ដូស​ទី ១ រួចហើយ ត្រូវ​ចាក់​ដូស​ទី ២ នៅ​ទីតាំង​ដែល​បាន​ចាក់​ដូស​ទី ១។

សេចក្តី​ប្រកាស​បន្ថែមថា​សម្រាប់​កូនចៅ​នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីៈ ចាក់​នៅ​ថ្ងៃទី ៧ និង ៨ សីហា ចំណែក​ខាង​ក្រសួងយុត្តិធម៌​ចាក់​នៅ​ថ្ងៃទី ៩ និង​ទី ១០ ខែសីហា នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ដូចគ្នា។

លោកស្រី​ ឱ វណ្ណឌីន ឱ្យដឹងថា អ្នក​ដែលមាន​អាយុ​ពី ១២ ដល់ ១៥ ឆ្នាំ​ត្រូវមាន​សំបុត្រកំណើត​ ឬ​សៀវភៅ​ស្នាក់នៅ ឬ​សៀវភៅ​គ្រួសារ ឬ​លិខិត​ឆ្លង​ដែរ។ អ្នកដែល​មាន​អាយុ​ពី ១៥ ដល់​ក្រោម ១៨ ឆ្នាំ​ត្រូវ​យក​សំបុត្រកំណើត ឬ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​សៀវភៅ​ស្នាក់នៅ ឬ​សៀវភៅ​គ្រួសារ ឬ​លិខិត​ឆ្លងដែន។

លោកស្រី​ថា ការចាក់​វ៉ាក់សាំង​កូវីដ ១៩ ត្រូវមាន​លិខិត​ព្រមព្រៀង​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​ដោយមាន​លាយលក្ខណ៍អក្សរ​ពី​សំណាក់​ឪពុកម្តាយ អាណាព្យាបាល អ្នកគ្រប់គ្រង ចំពោះ​កុមារកំព្រា​ដែល​រស់នៅ​តាម​មណ្ឌល និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ករណី​ក្មេង​កំព្រា​ដែល​ពុំមាន​អាណាព្យាបាល​ ឬ​មិនមាន​ទីតាំង​ស្នាក់នៅ​ពិតប្រាកដ៕

រាជធានីភ្នំពេញ​ទាំង​ដូស​ទី ១ និង​ទី ២»។

លោកស្រី​បន្ថែមថា ការចាក់​វ៉ាក់សាំង​ដូស​ទី ២ ដល់​មនុស្ស​អាយុ ១២ ដល់​ក្រោម ១៨ ឆ្នាំនេះ ត្រូវមាន​គម្លាត ២១ ថ្ងៃ ដូចនេះ​អ្នក​ដែល​បាន​ចាក់​ដូស​ទី ១ រួចហើយ ត្រូវ​ចាក់​ដូស​ទី ២ នៅ​ទីតាំង​ដែល​បាន​ចាក់ដូស​ទី ១៕

អត្ថបទគួរចាប់អារម្មណ៍