ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រកាស​បន្ត​បើកប្រាក់​ឧបត្ថម្ភ​ជូន​កម្មករនិយោជិត​សរុប​ចំនួន ៥៩ ០១២ នាក់ នៅ​រោងចក្រ​សហគ្រាស​ចំនួន ១៧៥ ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ស្បែកជើង និង​កាបូប​ ដែល​ស្ថិត​នៅក្នុង​តំបន់​បិទខ្ទប់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៃ​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល និង​ក្រុងព្រះសីហនុ​នៃ​ខេត្ត​ព្រះសីហនុ (ក្នុង​ជំហាន​ទី ២ ទី ៣ និង​ទី ៤)។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​ថ្ងៃទី ២៨ ខែកក្កដា ម្សិលមិញ​បាន​ឱ្យដឹងថា ធនាគារ​ឯកទេស​វីង​នឹង​ផ្ញើសារ​អំពី​ការបើកប្រាក់​ឧបត្ថម្ភ​ចំនួន ១៦០ ០០០ រៀល​តែ​ ១ លើក​គត់​ស្រប​តាម​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ ក្រោយពេល​បិទខ្ទប់​របស់​រាជរដ្ឋាភិបាល​ទៅ​លេខ​ទូរស័ព្ទ ដែល​កម្មករនិយោជិត​បាន​ផ្តល់​មកឱ្យ​ក្រសួង​តាមរយៈ​រដ្ឋបាល​រោងចក្រ​នាពេល​កន្លងមក​ជាមួយ​នេះ ក្រសួង​បាន​រំព្ញក​ថា ធនាគារ​ឯកទេស​វីង​នឹង​បង្វិល​ប្រាក់ឧបត្ថម្ភ​នេះ ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិនបើ​បងប្អូន​ខកខាន​មិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ក្នុង​រយៈពេល ២១ ថ្ងៃ​ បន្ទាប់ពី​ទទួលបាន​សារ​តាម​ទូរស័ព្ទ​ពី​ធនាគារ​ឯកទេស​វីង។ ដើម្បី​បើកប្រាក់​​ឧបត្ថម្ភ​នេះ​កម្មករនិយោជិត​ត្រូវយក​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ទូរស័ព្ទ​ដែល​ទទួល​បាន​សារ​នោះ​ទៅកាន់​ភ្នាក់ងារ​វីង​ដែល​នៅ​ជិត​បំផុត។

ក្រសួង​ការងារ​បាន​បញ្ជាក់ថា កម្មករ​និយោជិត មិន​តម្រូវឱ្យ​បង់ថ្លៃ​សេវា​ទៅ​ភ្នាក់ងារ​វីង​ឡើយ ពេល​បើកប្រាក់​ឧបត្ថម្ភ​នេះ។ ក្នុងករណី​បងប្អូន​កម្មករ និយោជិត ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​ចំនួន ១៧៥ នេះ​មិនបាន​ទទួល​សារ​ទូរស័ព្ទ​ពី​ធនាគារ​វីង ឬ​មាន​ចម្ងល់​ផ្សេងៗ​នោះ​សូម​ទាក់ទង​តាម​តេឡេក្រាម​ ឬ​ទូរស័ព្ទ ១២៩៧ នោះ​ក្រសួង​នឹង​បន្ត​ជូនដំណឹង​អំពី​ការបើក​ផ្តល់​ប្រាក់ឧបត្ថម្ភ​នេះ។

ជុំវិញ​ការបន្ត​បើកប្រាក់​ឧបត្ថម្ភ​ជូន​កម្មករ​នេះ​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​មិនអាច​ទាក់ទង ដើម្បី​សុំ​ការបញ្ជាក់​បន្ថែម​បានទេ កាលពី​ម្សិលម្សិល។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​រដ្ឋាភិបាល​ដែល​បន្ត​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​កម្មករ​និយោជិត​នៅក្នុង​តំបន់​បិទខ្ទប់​នេះ ដោយ​លោក​ថ្លែងថា នេះ​ជា​ការជួយ​សម្រួល​ការលំបាក​ដល់​ពួកគេ​បាន​មួយកម្រិត។

ទោះជា​យ៉ាងណា​លោក អាត់ ធន់ បាន​លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល បាន​ឧបត្ថម្ភ​ដល់​កម្មករនិយោជិត​រៀងរាល់​ខែ​ក៏​រឹតតែ​ល្អ​មួយ​កម្រិត​ទៀត ព្រោះ​ការបិទខ្ទប់​ក៏​មាន​រយៈពេល​យូរ​ផងដែរ។ បើ​មិន​ដូច្នោះ​ទេ រដ្ឋាភិបាល​គួរតែ​បង្កើន​សាច់ប្រាក់​ឱ្យបាន​ច្រើនជាង​នេះ ដោយ​យ៉ាងហោច​ណាស់​បាន ១០០ ដុល្លារ​អាមេរិក ទើប​ការចំណាយ​របស់​កម្មករ និង​យោជិត​គ្រប់គ្រាន់​បាន។

លោក​បាន​បញ្ជាក់ថា៖ «តាមពិត​ចំនួន​នេះ​វា​តិចពេក យើង​គិត​មើល​តម្លៃ​ផ្ទះ​វា​អស់ ២០ ទៅ ៣០ ដុល្លារ​ហើយ និង​អាហារ​ហូបចុក​អី​ផ្សេងទៀត វា​អស់​ជិត ១០០ ដុល្លារ ហើយ​និង​ការចំណាយ​ផ្សេងៗ​ទៀត។ អ៊ីចឹង ខ្ញុំ​គិតថា យ៉ាងហោចណាស់​ក៏​ជិត ១៥០ ដុល្លារ​ដែរ»។

លោក អាត់ ធន់ បាន​បញ្ជាក់​ទៀតថា ប្រសិនបើ​និយោជក​បើកប្រាក់​បៀវត្សរ៍​ជូន​កម្មករនិយោជិត​នៅក្នុង​អំឡុងពេល​បិទខ្ទប់​ក៏​ពួកគាត់​មិនមាន​ការលំបាក​ដែរ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ប្រកាស​ថា​នៅពេល​ព្យួរ​រោងចក្រ​ក្នុង​អំឡុងពេល​បិទខ្ទប់​នេះ​កម្មករ​មិន​ទទួល​បាន​អត្ថប្រយោជន៍​ពី​និយោជក​ទេ​ ហើយ​រដ្ឋាភិបាល​ផ្តល់​សាច់ប្រាក់ ៤០ ដុល្លារ​នេះ​មិន​គ្រប់គ្រាន់​ទេ។

មួយវិញ​ទៀត​លោក អាត់ ធន់ ក៏បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យ​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​កម្មករ​ផ្នែក​សេវាកម្ម​ ឬ​បុគ្គលិក​សណ្ឋាគារ​ផ្សេងទៀត​ផងដែរ ដើម្បីឱ្យ​ពួកគាត់​មាន​លទ្ធភាព​ក្នុង​ការចំណាយ ពីព្រោះ​ពួកគាត់​ក៏​ទទួលរង​ផលប៉ះពាល់​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​នេះដែរ៕