កំពតៈ យ៉ាងហោចណាស់​មាន​បុរស ៥ នាក់​បាន​ស្លាប់ និង ៣ នាក់​ទៀត​កំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅឡើយ ដោយ​សង្ស័យ​ករណី​ពុល​ស្រាស​និង​ស្រាថ្នាំ​ពីថ្ងៃទី ២៦ កក្កដា នៅ​ឃុំ​ដូនយ៉យ ក្នុង​ស្រុក​ឈូក ខេត្ត​កំពត។ នេះ​បើតាម​ការអះអាង​ពី​អាជ្ញាធរ​មូលដ្ឋាន​កាលពី​ព្រឹក​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១។

លោក ស៊ិន កើន នាយនគរបាល​ប៉ុស្តិ៍ ឃុំ​ដូនយ៉យ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជនរងគ្រោះ​ដែល​ស្លាប់​ដោយ​សង្ស័យ​ពុល​ស្រាស និង​ស្រាថ្នាំ​នោះ​រួមមាន ឈ្មោះ ពេជ្រ រឿន អាយុ ៥៤ ឆ្នាំ, ហូង ប៉ឹម​ អាយុ អាយុ ៣៧ ឆ្នាំ,វង្ស សារិន អាយុ ៥៤ ឆ្នាំ ដែល​អ្នក​ទាំង ៣ មាន​លំនៅ​ក្នុងភូមិ-ឃុំ​ដូន​យ៉យ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ម៉ម វ៉ាន់ អាយុ ៥៣ ឆ្នាំ និង​ឈ្មោះ អ៊ីង ក្រូច អាយុ ៥៧ ឆ្នាំ មាន​លំនៅ​ក្នុង​ភូមិ​ក្រសាំងមានជ័យ ឃុំ​ដូនយ៉យ ស្រុក​ឈូក។

លោក​បញ្ជាក់ថា៖ «ករណី​នេះ បាន​កើតឡើង​បន្ទាប់ពី​ជនរងគ្រោះ​ទាំង ៥ នាក់ រួមទាំង​អ្នកភូមិ​មួយចំនួន​បាន​ទៅ​ចូលរួម​ពិធី​បុណ្យសព​អ្នកភូមិ​ម្នាក់​កាលពី​ល្ងាច​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២១ ហើយ​នាំគ្នា​ផឹក​ស្រាស និង​ស្រាថ្នាំ។ បន្ទាប់មក​ពួកគេ​ក៏មាន​អាការ ឈឺក្បាល ក្អួតចង្អោរ និង​ថប់ដង្ហើម​ហើយ​បាន​ស្លាប់​ជា​បន្តបន្ទាប់ ក្រោយ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ឈូក»។

សព​ជនរងគ្រោះ​ទាំង ៥ ត្រូវបាន​ក្រុម​គ្រូពេទ្យ​ធ្វើតេស្ត​រក​មេរោគ​កូវីដ ១៩ តែ​លទ្ធផល​អវិជ្ជមាន។ ប៉ុន្តែ​ដោយ​ផ្អែកលើ​អាការ​របស់​អ្នកជំងឺ និង​ការអះអាង​ពី​សាច់ញាតិ​ជនរងគ្រោះ និង​អ្នកភូមិ​ដែល​បាន​ធ្លាក់ខ្លួន​ឈឺ​ផ្សេង ក្រុមគ្រូពេទ្យ​ជំនាញ​ក៏បាន​ដាក់​ការសង្ស័យ​ចំពោះ​ការស្លាប់​នេះ​ថា «បណ្ដាល​មកពី​ករណី​ពុល​ស្រា»។ នេះ​បើតាម​លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលស្រុក​ឈូក។

លោក​បាន​ថ្លែងថា៖ «ពេលនេះ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ប្រមូល​សំណាក​ស្រាស និង​ស្រាថ្នាំ​ពី​ក្នុង​ភូមិ​កើតហេតុ​ចំនួន ១១ សំណាក​ទៅ​ពិសោធ ដើម្បី​ស្វែងរក​ការពិត។ ជាមួយ​គ្នា​នេះ អ្នកភូមិ ១១ នាក់​ដែល​ជា​អ្នកលក់​ស្រាស និង​ស្រាថ្នាំ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ហៅ​ទៅ​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត»។

ជុំវិញ​ករណីនេះ លោក លក ញ៉ាវ ស្នងការរង​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ខេត្តកំពត​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ក្នុង​ចំណោម​អ្នកលក់​ស្រា ១១ នាក់​នោះ គឺមាន ២ នាក់​ត្រូវ​បាន​មន្ត្រី​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ បន្ទាប់ពី​ពួកគាត់​សារភាព​ថា​បាន​ស្រា​ខ្លាំង​គ្មាន​ប្រភព​ច្បាស់លាស់​មក​ផលិត​ជា​ស្រាថ្នាំ។ ចំណែក ៩ នាក់​ទៀត​ត្រូវបាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់ពី​អប់រំ និង​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ការទិញ លក់ ស្រាស និង​ស្រាថ្នាំ តទៅទៀត។

លោក ញ៉ាវ បាន​បញ្ជាក់​ថា៖ «នៅពេល​នេះ ក្រុមការងារ​យើង​កំពុង​រៀបចំ​នីតិវិធី​ដើម្បី​កោះអញ្ជើញ​ម្ចាស់​ទីតាំង​ផលិត​ស្រាស នៅក្នុង​ភូមិ​ដូនយ៉យ ២ នាក់​ទៀត​ឱ្យចូល​បំភ្លឺ​ជុំវិញ​ការលួច​បិតស្រា»។

ទោះយ៉ាងណា​លោក ញ៉ាវ មិនបាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ម្ចាស់​ទីតាំង​ផលិត​ស្រា​ខុសច្បាប់​ទាំង ២ នាក់​នោះទេ ដោយ​គ្រាន់តែ​ថា ក្រុមមន្ត្រី​ជំនាញ​នៃ​សាខា ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ (កបប) ខេត្ត​កំពត កំពុង​ប្រមូល​ភ័ស្ដុតាង​បន្ថែម​ ដើម្បី​ដាក់បន្ទុក​ពួកគេ​ហើយ។

ក៏ប៉ុន្តែ លោក សុទ្ធ ណារឿន ប្រធាន​សាខា (កបប) ខេត្ត​កំពត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ម្ចាស់​ទីតាំង​ផលិត​ស្រាស​នោះ​រួមមាន​ឈ្មោះ ស៊ាង ថី អាយុ ៣០ ឆ្នាំ និង​ម្នាក់ទៀត ឈ្មោះ ណាក់ វិចិត្រ អាយុ ២៧ ឆ្នាំ។

លោក​ថា៖ «នៅពេល​នេះ​ពួកគេ​ទាំង ២ នាក់ បាន​រត់គេច​ខ្លួន​អស់​ទៅហើយ។ ប៉ុន្តែ​ទីតាំង​ដែល​ពួកគេ​ផលិត​នោះ មាន​លក្ខណៈ​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា​បច្ចេកទេស និង​ខ្វះ​អនាម័យ ហើយ​គ្មាន​ការអនុញ្ញាត»។

លោក ណារឿន បាន​បន្តថា៖ «យើង​បាន​រកឃើញ​ល្បាយ​ស្រា​ជាច្រើន​នៅក្នុង​ទីតាំង​របស់​ពួកគេ ហើយ​បាន​រឹបអូស​ជា​បណ្ដោះអាសន្ន ដើម្បី​នាំយក​សំណាក​ទៅកាន់​មន្ទីរពិសោធន៍​ក្នុង​រាជធានី​ភ្នំពេញ»។

បើតាម​លោក ណារឿន ក្រោយ​មាន​ករណី​សង្ស័យ​ពុល​ស្រា​តាំងពី​ថ្ងៃទី ២៦ ខែកក្កដា​មក ក្រុមការងារ​លោក​បាន​ចុះ​ស្រាវជ្រាវ និង​ប្រមូល​សំណាក​ស្រាស និង​ស្រាថ្នាំ បញ្ជូន​ទៅ​មន្ទីរពិសោធន៍​របស់​អគ្គនាយកដ្ឋាន ក.ប.ប នៅ​ភ្នំពេញ កាលពី​យប់​ថ្ងៃទី ២៧ ខែ​កក្កដា។

លោក​បាន​បន្ថែមថា៖ «មក​ទល់​ពេលនេះ យើង​នៅ​មិនទាន់​ទទួល​បាន​លទ្ធផល​នៃ​ការធ្វើ​តេស្ត​លើ​សំណាក និង​ល្បាយ​ស្រា​ទាំងនោះ​ពី​មន្ទីរពិសោធន៍​វិញ​ទេ ខណៈ​អ្នកភូមិ ៣ នាក់​ទៀត​ក្នុង​ចំណោម​អ្នកភូមិ ១៤​ នាក់ ដែល​សង្ស័យ​ពុល​ស្រា ដោយសារ​បាន​ចូលរួម​ផឹកស្រា​ក្នុង​ពិធី​បុណ្យសព​កាលពី​ថ្ងៃទី ២៥ ខែ​កក្កដា​នោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ឈូក​នៅឡើយ »។

នេះ​មិនមែន​ជា​ករណី​សង្ស័យ​ពុល​ស្រា​លើក​ទី ១ នៅ​ខេត្តកំពត​នោះទេ។ ក៏ប៉ុន្តែ​កាលពី​ខែឧសភា​ក៏​មាន​ករណី​ពុល​ស្រា​នៅ​ស្រុក​កំពង់ត្រាច ស្លាប់​មនុស្ស ៩ នាក់ និង​ជាង ៤០ នាក់​ទៀត​ធ្លាក់ខ្លួន​ឈឺ​ផងដែរ។ កាលនោះ​មាន​អ្នក​ផលិត​ស្រា ២ នាក់​ត្រូវបាន​ចាប់ខ្លួន ហើយ​ម្នាក់​ក្នុង​ចំណោម​នោះ​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន។ រីឯ​នៅ​ថ្ងៃ ៤ កក្កដា ថ្មីៗនេះ​មាន​មនុស្ស ៤ នាក់​ទៀត​ស្លាប់ ៣០ នាក់​ធ្លាក់ខ្លួន​ឈឺ ប៉ុន្តែ​អ្នក​ផលិត​បាន​រត់គេចខ្លួន ដោយ​សមត្ថកិច្ច​កំពុង​តាម​ចាប់។

ទន្ទឹម​នឹងនេះ រដ្ឋបាលខេត្ត​កំពត​បានចេញ​បម្រាម​ហាម​ទិញ​លក់ និង​ផលិត​ស្រាស និង​ស្រាថ្នាំ ដែល​ពុំមាន​ការអនុញ្ញាត​នៅ​ទូទាំង​ខេត្ត ដើម្បី​កុំឱ្យ​បន្ត​គ្រោះថ្នាក់​ដល់​អ្នកទិញ​ផឹក៕

វីដេអូ៖