ភ្នំពេញៈ ​គណៈកម្មការ​ជំនាញ​រដ្ឋសភា​បាន​ឯកភាព​សម្រេច​បញ្ជូន​សេចក្តី​ព្រាងច្បាប់ ស្តីពី​វិសោធនកម្ម​លើ​មាត្រា​ចំនួន ៨ នៃ​ច្បាប់​ស្តីពី​ការងារ​ទៅ​គណៈកម្មាធិការ​អចិន្រៃ្តយ៍​រដ្ឋសភា ដើម្បី​ពិនិត្យ​ដាក់បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​នាពេល​ខាងមុខ បន្ទាប់ពី​បាន​ស្តាប់​ការបកស្រាយ​ច្បាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារ។

កាលពី​ថ្ងៃទី ២៧ ខែកក្កដា លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដឹកនាំ​សហការី​ចូលរួម​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ (ZOOM) ជាមួយ​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច​អតីតយុទ្ធជន​យុវនីតិសម្បទា ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី​នៃ​រដ្ឋសភា ដើម្បី​ការពារ​សេចក្តីព្រាងច្បាប់ នេះ។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ការងារ ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ គឺ​ធ្វើ​លើ​មាត្រា ១២៣ មាត្រា ១៣៨ មាត្រា ១៦២ មាត្រា ៣០០ មាត្រា ៣៤៣ មាត្រា ៣៥០ មាត្រា ៣៦៣ និង​មាត្រា ៣៦៧ បន្ទាប់ពី​ច្បាប់​ស្តីពី​ការងារ​ត្រូវបានធ្វើ​វិសោធនកម្ម​ចំនួន ២ លើក​រួចមកហើយ ដែល​ក្នុង​នោះ​នៅ​ឆ្នាំ ២០០៧ វិសោធនកម្ម​ពាក់ព័ន្ធ​នឹង​អត្រា​ប្រាក់​ឈ្នួល​បន្ថែម​ម៉ោង និង​ការងារ​ពេលយប់ និង​ឆ្នាំ ២០១៨ វិសោធនកម្ម​ពាក់ព័ន្ធ​នឹង​ប្រាក់​បំណាច់​អតីតភាព​ការងារ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​បាន​លើកឡើ​ថា ការធ្វើ​វិសោធនកម្ម​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការងារ​នាពេលនេះ គឺ​ផ្ដើ​ចេញ​ពី​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការកែទម្រង់​សេដ្ឋកិច្ច សង្គម​ក្នុង​បរិបទ​ថ្មី​នៃ​សកលភាវូបនីយកម្ម គឺ​បដិវត្តន៍​បច្ចេកវិទ្យា​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ដែល​ឈានដល់​ចំណុច ៤។

លោក​បន្តថា ការរីកចម្រើន​នេះ គឺ​តម្រូវឱ្យមាន​ធនធានមនុស្ស និង​លក្ខខណ្ឌ​ការងារ​ដែល​អាច​មានការ​ប្រកួតប្រជែង​មួយ ដើម្បី​ទាក់ទាញ​ការវិនិយោគ​ពី​ខាងក្រៅ។

លោក​បន្ថែមថា៖ «ម្យ៉ាងទៀត​ផ្អែកទៅលើ​បរិបទ​នៃ​សេដ្ឋកិច្ច​សង្គម​ដែលមាន​ភាពប្រកួតប្រជែង​ក្នុង​ការទាក់ទាញ​វិនិយោគ​កំពុងមាន​ភាព​ស្រួចស្រាល់​នេះ គឺ​យើង​ត្រូវ​ពិនិត្យមើល​ពី​លក្ខខណ្ឌ​ការងារ​របស់​ប្រទេស​យើង ដែល​ខ្ពស់​ជាងគេ ការឈប់​ប្រចាំឆ្នាំ​ច្រើន និង​ប្រាក់​ឈ្នួល​យើង​ខ្ពស់ជាង​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ាន មិន​ត្រឹមតែប៉ុ​ណ្ណោះ ប្រទេសជិតខាង​ខ្លះ​មាន​កម្លាំង​ពលកម្ម​ច្រើនជាង​ប្រទេស​យើង​ទៀតផង»។

តាម​គេហទំព័រ​របស់​រដ្ឋសភា​បាន​ឱ្យដឹងថា បន្ទាប់ពី​ស្តាប់ ការថ្លែង​ការពារ​សេចក្តី​ព្រាងច្បាប់​នូវ​ចំណុច​ដែល​ធ្វើ​វិសោធន​កម្មនេះ គណៈកម្មាធិការ​ជំនាញ​រដ្ឋសភា​បាន​ឯកភាព​សម្រេច​បញ្ជូន​សេចក្តី​ព្រាងច្បាប់ ស្តីពី​វិសោធនកម្ម​នៃ​ច្បាប់​ស្តីពី​ការងារ​នេះ​ទៅ​គណៈកម្មាធិការ​អចិន្រៃ្តយ៍​រដ្ឋសភា​វិញ ដើម្បី​ពិនិត្យ​ដាក់បញ្ចូល​ក្នុង​របៀបវារៈ​សម័យ​ប្រជុំ​រដ្ឋសភា​នាពេល​ខាងមុខ។

លោកស្រី ឡោក ខេង ប្រធាន​គណៈកម្មការ​ដែល​បាន​ដឹកនាំ​ពិនិត្យ​លើ​ខ្លឹមសារ​វិសោធនកម្ម​សេចក្តី​ព្រាងច្បាប់​នេះ​ថ្លែងថា បន្ទាប់ពី​គណៈកម្មាធិការ​អចិន្រៃ្តយ៍​នៃ​រដ្ឋសភា​ប្រគល់​ភារកិច្ច​ជូន​គណៈកម្មការ​ក្នុង​ការពិនិត្យ​លើ​សេចក្តីព្រាង​វិសោធនកម្ម មាត្រា​មួយចំនួន​នៃ​ច្បាប់​ស្ដីពី​ការងារ គណៈកម្មការ​បាន​ធ្វើការ​ប្រជុំ​ផ្ទៃក្នុង​ដើម្បី​ពិនិត្យ​លើ​សេចក្តី​ព្រាង​ច្បាប់​ដែល​ត្រូវធ្វើ​វិសោធនកម្ម​ទាំង ៨ មាត្រា និង​ពិនិត្យ​លើ​សេចក្តី​ថ្លែងហេតុ​ផងដែរ។

លោកស្រី បញ្ជាក់ថា៖ «ច្បាប់​ស្តីពី​ការងារ​នេះ គឺជា​ក្របខ័ណ្ឌ​គតិយុត្ត​មួយ​ដ៏សំខាន់​ក្នុង​ការលើកកម្ពស់​សិទ្ធិ​ការងារ និង​ភាពសុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ស្រប​ពេលដែល​ព្រះរាជាណាចក្រ​កម្ពុជា បាននិង​កំពុង​ខិតខំ​អភិវឌ្ឍ​វិស័យ​ការងារ ដោយ​ផ្សារភ្ជាប់​ជាមួយ​ពាណិជ្ជកម្ម​ជាតិ អន្តរជាតិ តាមរយៈ​ភាពរីកចម្រើន​នៃ​ការវិនិយោគ​លើ​វិស័យ​ឯកជន ជាពិសេស​វិស័យ​ឧស្សាហកម្ម កាត់ដេរ​សម្លៀកបំពាក់ និង​ការផលិត​ស្បែកជើង»៕