ភ្នំពេញៈ អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) បានប្រកាស​នឹង​បើកសវនាការ​លើ​បណ្ដឹង​សារទុក្ខ​នៃ​សំណុំរឿង​ជនជាប់ចោទ ខៀវ សំផន ជា​ជនជាប់ចោទ​ក្នុង​សំណុំរឿង ០០២/០២ នៅសល់​តែ​ម្នាក់​គត់ ដែល​បច្ចុប្បន្ន​គាត់​មាន​អាយុ ៩០ ឆ្នាំ ហើយ​អង្គជំនុំជម្រះ​សាលា​ដំបូង​នៃ​តុលាការ​នេះ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់ ១ ជីវិត​ក្នុង​បទចោទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ប្រឆាំងនឹង​ជនជាតិ​វៀតណាម​ប្រព្រឹត្តឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ចន្លោះ​ពីថ្ងៃ​ទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់​ថ្ងៃទី ៦ ខែមករា ឆ្នាំ ១៩៧៩។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ នៃ អ.វ.ត.ក បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ ថា ការបើក​សវនាការ​នេះ​ស្របតាម​គន្លង​ថ្មី​ដោយ​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​ខ្ពស់​ ដើម្បី​ជា​វិធានការ​ការពារ​ និង​ទប់ស្កាត់​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ ដោយ​ធ្វើតាម​ប្រព័ន្ធ​សោតទស្សន៍ និង​កាត់បន្ថយ​ចំនួន​មន្ត្រី​បុគ្គលិក និង​សាធារណជន​ចូលរួម។

លោក​ថ្លែងថា៖ «សវនាការ​លើ​បណ្តឹង​សារទុក្ខ​ក្នុង​សំណុំ​រឿង ០០២/០២ ប្រឆាំងនឹង​ខៀវ សំផន នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ចន្ទ ទី ១៦ ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី ១៩ ខែសីហា ឆ្នាំ ២០២១ នៅវេលា​ម៉ោង ៩ ព្រឹក។ អង្គជំនុំជម្រះ​ក៏បាន​ត្រៀម​ថ្ងៃ​បម្រុង​សម្រាប់​សវនាការ​ក្នុង​ករណី​ចាំបាច់​ពីថ្ងៃ​សុក្រ ទី ២០ ដល់​ថ្ងៃទី​សុក្រ ទី ២៧ ខែសីហា ឆ្នាំ ២០២១ (រយៈពេល ៦ ថ្ងៃ)»។

ជនជាប់ចោទ​ដែល​ត្រូវ​ជំនុំជម្រះ​ក្នុង​សំណុំរឿង ០០២/០២ មាន នួន ជា ដែលជា​អនុលេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង ខៀវ សំផន ជា​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ បទចោទ​នៅក្នុង​សំណុំរឿង ០០២/០២ គឺ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ អំពើ​ប្រល័យពូជសាសន៍ និង​ការបំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្ស៊ឺណែវ ពាក់ព័ន្ធ​ទៅនឹង​ទីតាំង​ឧក្រិដ្ឋកម្ម និង​ការចោទប្រកាន់​លើ​អង្គហេតុ​ដូចជា ការដ្ឋាន​ការងារ និង​សហករណ៍ មន្ទីរ​សន្តិសុខ និង​ទីតាំង​សម្លាប់​មនុស្ស (មន្ទីរ​សន្តិសុខ ស-២១ មន្ទីរ​សន្តិសុខ​ក្រាំងតាចាន់ មន្ទីរ​សន្តិសុខ​អូរកន្សែង និង​មន្ទីរ​សន្តិសុខ​ភ្នំ​ក្រោល) អំពើ​ប្រល័យ​ពូជសាសន៍​ទៅលើ​ប្រជាជន​ចាម និង​វៀតណាម ការប្រព្រឹត្ត​ចំពោះ​ពុទ្ធសាសនិកជន និង​អតីតមន្ត្រី​រដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ និង​ការរៀប​អាពាហ៍ពិពាហ៍​នៅ​ទូទាំង​ប្រទេស។

លោក នួន ជា ត្រូវបាន​គេ​ចាត់ទុកជា​បងធំ​ទី ២ បន្ទាប់ពី ប៉ុល ពត បានទទួល​មរណភាព​ក្នុង​វ័យ ៩៣ ឆ្នាំ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត កាលពី​ខែ​សីហា ឆ្នាំ ២០១៩៕