ព្រះវិហារៈ នគរបាល​ព្រហ្មទណ្ឌ​ខេត្តព្រះវិហារ នៅ​ថ្ងៃទី ២៨ ខែកក្កដា កំពុង​បន្ត​សាកសួរ​បុរស​ម្នាក់ ២ ថ្ងៃ​បន្ទាប់ពី​ចាប់ខ្លួន នៅ​ភូមិ​ស្វាយប៉ាត ឃុំ​រំដោះ ស្រុក​រវៀង ខេត្តព្រះវិហារ ពាក់ព័ន្ធ​ការបង្ហោះ​សារ តាម​ហ្វេសប៊ុក រិះគន់​ការដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

លោក សេង ផល្លី​ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​បាន​ប្រាប់​នៅ​ថ្ងៃទី ២៨ កក្កដា​ថា ករណីនេះ​សមត្ថកិច្ច​កំពុង​សាកសួរ​លើ​ឈ្មោះ ផុន កុលចំរើន។ លោក​ឆ្លើយ​ប្រាប់​យ៉ាងខ្លី​ថា៖ «ការងារ​នេះ​ខ្ញុំ​កំពុង​ធ្វើ»។

ទោះយ៉ាងណា បើតាម​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​មួយរូប​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី ២៨ កក្កដា​ថា ជនសង្ស័យ​ឈ្មោះ ផុន កុលចំរើន អាយុ ៣២ ឆ្នាំ​មាន​ស្រុកកំណើត​នៅ​ភូមិ​សៀមរាប សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប។

ប៉ុន្តែ​បច្ចុប្បន្ននេះ ជនសង្ស័យ​រស់នៅ​ភូមិ​បឹងព្រាវ ឃុំ​បឹងព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង ជា​ម្ចាស់​អាខោន​ហ្វេសប៊ុក​ឈ្មោះ «ស្លាប​ប៉ាកា​ទេវរាជ»។ មន្ត្រី​រូបនេះ​បាន​បន្តថា៖ «ពេលនេះ​ខាង​មន្ត្រី​ជំនាញ​កំពុង​សាកសួរ​ជនសង្ស័យ ប៉ុន្តែ​មិនទាន់​ដឹងថា ត្រូវ​ចាត់​ការបន្ត​យ៉ាងណា​ទេ»។

លោក​រៀបរាប់ថា កាលពី​វេលា​ម៉ោ​ជាង ៧ យប់​ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២១ សមត្ថកិច្ច​នគរបាល​ខេត្តព្រះវិហារ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បុរស​ខាងលើ​នៅ​ភូមិ​ស្វាយប៉ាត ឃុំ​រំដោះ ស្រុក​រវៀង។ ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ពី​បទញុះញង់ និង​ជេរប្រមាថ​ប្រមុខ​រាជរដ្ឋាភិបាល​តាមរយៈ​ការសរសេរ​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។

មន្ត្រីនគរបាល​រូបនោះ​បញ្ជាក់ថា រូបគេ​បានគេច​ខ្លួន​ពី​ខេត្តកោះកុង មកដល់​ខេត្តព្រះវិហារ ហើយ​បាន​សុំ​ផ្ទះ​ឈ្មោះ មុំ កន ​ស្នាក់​នៅបាន ២ ថ្ងៃ​នៅ​ភូមិ​ស្វាយប៉ាត ឃុំ​រំដោះ ស្រុក​រវៀង ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែម្តងទៅ។

ចំពោះ​វត្ថុ​នៅជាប់​នឹង​ខ្លួន​ជនសង្ស័យ​មាន​ទូរស័ព្ទដៃ​ចំនួន ១ គ្រឿង និង​សម្ភារ​មួយចំនួន​ទៀត។

លោក ជា សុភាព នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តកោះកុង បាន​ប្រាប់​នៅ​ថ្ងៃទី ២៨ កក្កដា​ដែរ​ថា​ជនសង្ស័យ​បច្ចុប្បន្ន​រស់នៅក្នុង​ស្រុក​ស្រែអំបិល ខេត្តកោះកុង។

ប៉ុន្តែ​សមត្ថកិច្ច​មិនទាន់​បាន​ទទួល​ព័ត៌មាន​ពី​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផុន កុលចំរើន នៅឡើយ​ទេ។

នៅក្នុង​អាខោន​ហ្វេសប៊ុក​ឈ្មោះ «ស្លាប​ប៉ាកា​ទេវរាជ» គេ​ឃើញ​មាន​បង្ហោះ​ឃ្លីប​វីដេអូ និង​ការសរសេរ​សារ​ជាច្រើន​ដោយ​បាន​ធ្វើការ​រិះគន់​ខ្លាំងៗ ទៅលើ​ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​ក៏បាន​ធ្វើការ​រិះគន់​ពី​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ​នាពេល​បច្ចុប្បន្ននេះ​ផងដែរ៕