ស្វាយរៀង/ព្រៃវែងៈ ប្រជាកសិករ​នៅតាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ បាន​ត្អូញត្អែរ​អំពី​ការធ្លាក់ចុះ​តម្លៃ​ស្រូវ នៅក្នុង​ទីផ្សារ​ក្នុងស្រុក ខណៈ​ពួកគាត់​មិនអាច​ដឹកស្រូវ​យកទៅលក់​នៅក្នុង​ប្រទេស​វៀតណាម​ បាន​ដូច​កាលពីមុន ព្រោះ​ច្រកព្រំដែន​រវាង​ប្រទេស​ទាំង ២ ត្រូវបាន​បិទ​ជា​បណ្ដោះអាសន្ន​ ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩។

ប្រជាកសិករ​នៅ​ឃុំ​បន្ទាយក្រាំង​នៃ​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង លោក អាត់ សុផល បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា នៅពេល​នេះ​ក្រុម​ឈ្មួញកណ្ដាល​នៅក្នុង​ស្រុក​បាន​ទម្លាក់​តម្លៃ​ស្រូវ​ពី ៩០០ រៀល​មក​នៅត្រឹម ៦៥០ រៀល​ប៉ុណ្ណោះ​ក្នុង ១ គីឡូក្រាម។ តម្លៃ​នេះ​បាន​ធ្វើឱ្យ​គ្រួសារ​របស់លោក​មាន​ការខាតបង់​ប្រាក់ចំណូល​រាប់លាន​រៀល បើ​ធៀប​ទៅនឹង​តម្លៃ​ទីផ្សារ​ស្រូវ​នៅក្នុង​ប្រទេស​វៀតណាម ដែល​លោក​ធ្លាប់បាន​ដឹក​ទៅ​លក់​នាពេល​កន្លងមក។

លោក សុផល បាន​ថ្លែងថា៖ «យើង​គ្មាន​ជម្រើស​នោះទេ ព្រោះ​យើង​មិនអាច​ដឹកស្រូវ​យក​ទៅលក់​នៅក្នុង​ប្រទេស​វៀតណាម​ដូច​កាលពីមុន​ទៀត​បាន ហើយ​យើង​ក៏ត្រូវ​ការលុយ​មក​ទូទាត់​ថ្លៃដើម ដែល​យើង​បាន​បុល​គេ​យកមក​ធ្វើ​ស្រូវ និង​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ផងដែរ»។

បើតាម​លោក សុផល ប្រជាកសិករ​នៅក្នុង​ស្រុក​កំពង់រោទិ៍ ភាគច្រើន​បាននាំគ្នា​ដឹកជញ្ជូន​ស្រូវ ដែល​ពួកគេ​ផលិត​បាន​យក​ទៅ​លក់​នៅក្នុង​ទីផ្សារ​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ​ព្រៃវល្លិ៍ ដែល​អាច​បាន​តម្លៃ​ពី ៩០០ រៀល​ទៅ ១ ០៥០ រៀល​ក្នុង ១ គីឡូក្រាម។

ប៉ុន្តែ​ដោយសារថ្មីៗ​នេះ នៅ​ប្រទេស​វៀតណាម​មាន​បញ្ហា​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ ១៩ ច្រើន​ខ្លាំងពេក អាជ្ញាធរ​កម្ពុជា ក៏ដូចជា​អាជ្ញាធរ​ប្រទេស​វៀតណាម​បាន​ឯកភាព បិទ​ច្រកព្រំដែន​នៃ​ប្រទេស​ទាំង ២ ជា​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កាន់តែ​ខ្លាំង​ឡើង​នៃ​ជំងឺ​ដ៏កាច​សាហាវ​នេះ។

ចំណែក លោក ថន មឿន ដែលជា​មន្ត្រីនគរបាល​នៅ​ឃុំ​ជ្រៃ ស្រុក​ស្វាយអន្ទរ ខេត្តព្រៃវែង ក៏បាន​លើកឡើង​អំពី​ករណី​ស្រដៀង​គ្នា​នេះ​ផងដែរ​ថា ក្រុម​ឈ្មួញកណ្ដាល​បាន​ឆក់យក​ឱកាស​នេះ មក​ទម្លាក់​ថ្លៃ​ស្រូវ​របស់​កសិករ​នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម ដោយ​យក​លេស​ថា ពួកគេ​មាន​ការចំណាយ​ច្រើន​ទៅលើ​ថ្លៃ​កម្មករ ថ្លៃ​សម្ងួត​ស្រូវ និង​ថ្លៃ​ដឹកជញ្ជូន និង​ថ្លៃ​ចំណាយ​ទៅលើ​សេវា​ផ្សេងៗ​ទៀត។

លោក មឿន ដែលមាន​ផ្ទៃដី​រហូតដល់ ៧ ហិកតា សម្រាប់ធ្វើ​ស្រូវ​នោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ទៀតថា លោក​បាន​ចំណាយ​ថ្លៃដើម​ទៅលើ​ការផលិត​ស្រូវ​ផ្ការំដួល​ក្នុង ១ ហិកតា អស់​ចន្លោះ​ពី ១,៥ លាន ទៅ ២ លាន​រៀល សម្រាប់តែ​ការទិញ​ជី និង​ថ្នាំ​កសិកម្ម ព្រមទាំង​ថ្លៃ​ភ្ជួរ​រាស់​ដី សាំង​បូមទឹក​បញ្ចូល​ស្រែ ច្រូតកាត់ និង​ថ្លៃ​ដឹកជញ្ជូន។ តែ​ផល​ស្រូវ​ដែល​ប្រមូលបាន ពី ៤-៥ តោន ក្នុង ១ ហិកតា។

លោក​បញ្ជាក់ថា៖ «ឥឡូវនេះ​ក្រុម​ឈ្មួញកណ្ដាល​នៅក្នុង​ស្រុក​ហ៊ាន​ឱ្យ​តម្លៃ​ត្រឹមតែ ៨០០ រៀល​ប៉ុណ្ណោះ​សម្រាប់​ប្រភេទ​ស្រូវ​ផ្ការំដួល ដែល​ពីមុន​ច្រកព្រំដែន​មិនទាន់​បិទ​ឈ្មួញ​ពី​ប្រទេស​វៀតណាម​ចូលមក​ប្រមូល​ទិញ​ដល់​ក្នុងភូមិ គេ​ហ៊ាន​ឱ្យ​ថ្លៃ​ដល់ ១ ១៥០ រៀល​ក្នុង ១ គីឡូក្រាម។ ដូច្នេះ​យើង​ខាតបង់​ផលចំណេញ​រហូតដល់ ១,៤ លាន​រៀល​ក្នុង ១ ហិកតា»។

ច្រកទ្វារព្រំដែន​ទាំងអស់​រវាង​កម្ពុជា-វៀតណាម ត្រូវបាន​ប្រកាស​បិទ​ជា​បណ្ដោះអាសន្ន​ក្នុង​រយៈពេល ១ ខែ ដោយ​ចាប់ផ្ដើម​អនុវត្តន៍​ពីថ្ងៃ​ទី ១៥ ខែកក្កដា ដល់​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២១ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១។ សម្រាប់​ខេត្តព្រៃវែង ច្រកព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី និង​ច្រក​អន្តរជាតិ​កោះរការ ព្រមទាំង​ច្រក​តំបន់​មួយចំនួន​ទៀត ដែល​រួមមាន​ច្រក​កោះ​សំពៅ ច្រក​ពាមអន្ទា និង​ច្រក​បាទី​ត្រូវបាន​បិទ។

ជុំវិញ​ករណីនេះ លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា លោក​គ្មាន​រំពឹងថា ច្រកព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​អាច​នឹង​ចាប់ផ្ដើម​បើក​ឡើងវិញ តាម​កាលកំណត់​នាពេលឆាប់ៗ​នោះទេ ខណៈ​ស្ថានភាព​ជំងឺ​កូវីដ ១៩ និង ជំងឺ​កូវីដ​បំប្លែង​ខ្លួន​ប្រភេទ​ថ្មី Delta កំពុង​បន្ត​ការឆ្លង​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។

លោក​បន្តថា៖ «នៅពេលនេះ យើង​កំពុង​រង់ចាំ​តាមដាន​នូវ​ស្ថានភាព​នៃ​ជំងឺ​កូវីដ ១៩ បើ​ខាង​វៀតណាម​មាន​ការថយចុះ​នៃ​ចំនួន​អ្នក​ឆ្លង​ថ្មី​នោះ ច្រកទ្វារ​ព្រំដែន​អាច​នឹង​បើក​ដំណើរការ​ឡើងវិញ ប៉ុន្តែ​បើ​នៅតែ​បន្ត​កើនឡើង វា​អាច​នឹង​ពន្យារពេល​យូរ​ជាង​នេះ។ ទោះយ៉ាងណា​ខាង​មន្ទីរ​កសិកម្ម​យើង​កំពុង​រិះរក​មធ្យោបាយ ដើម្បី​រក្សា​តម្លៃ​ស្រូវ​កុំឱ្យ​ធ្លាក់​ថ្លៃ​ជាង​នេះ គឺ​រក្សា​ឱ្យនៅ​ត្រឹម ៧៥០ រៀល​ក្នុង ១ គីឡូក្រាម»។

បើតាម​លោក សំណាង តម្លៃ​ស្រូវ​នាពេល​បច្ចុប្បន្ន សម្រាប់​ខេត្តព្រៃវែង ជា​មធ្យម​បាន​ធ្លាក់​មក​នៅក្នុង​តម្លៃ​ពី ៦៥០ រៀល ទៅ ៧៥០ រៀល​ក្នុង ១ គីឡូក្រាម ដែលជា​តម្លៃ​នៃ​ការប្រមូលទិញ​របស់​ឈ្មួញកណ្ដាល។ ប៉ុន្តែ​នៅ​តំបន់​ខ្លះ មាន​ការប្រមូលទិញ​ក្នុងតម្លៃ​ខ្ពស់ជាង​នេះ៕

វីដេអូ៖