ខេត្តកំពតៈ ទីលាន​ចាក់សំរាម​សម្រាប់​ក្រុង​កំពត​កំពុង​ដំណើរការ​ស្ថាបនា​នៅក្នុង​ឃុំ​ថ្មី ស្រុក​ទឹកឈូ លើ​ផ្ទៃដី​ជាង ១០ ហិកតា​ ដែល​ការសាងសង់​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​ ហេង សម្បត្តិ អាហរ័ណ​នីហរ័ណ ដឹកជញ្ជូន និង​សំណង់ ដោយ​ត្រូវ​ប្រើពេល ១ ឆ្នាំ គិត​ចាប់ពី​ថ្ងៃទី ៩ កក្កដា ឆ្នាំនេះ​តទៅ។

លោក ឈុន ប៊ុណ្ណារិន អនុប្រធាន​គម្រោង​សាងសង់​ទីលាន​ចាក់សំរាម​ក្រុង​កំពត​ថ្លែង​កាលពី​ម្សិលមិញ​ថា​ ទីលាន​ចាក់សំរាម​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​សាងសង់​តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្រោម​កម្ចី​ថវិកា​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ប្រមាណ ២ លាន​ដុល្លារ ដែល​ទទួល​ការសាងសង់​ដោយ​ក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ​នីហរ័ណ ដឹកជញ្ជូន និង​សំណង់ រយៈពេល ១ ឆ្នាំ​លើ​ផ្ទៃដី​ជាង ១០ ហិកតា។

លោក ប៊ុណ្ណារិន បន្តថា គម្រោង​នេះ​បាន​ចាប់​អនុវត្ត​តាំងពី​ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២១ ដោយ​ផ្ដោតលើ​ហេដ្ឋារចនាសម្ព័ន្ធ​រួមមាន៖ ទីលាន​ចាក់សំរាម ២ ថត​ចំនួន ២ ស្រះ​ទឹក​សម្អាត​ទឹក​កខ្វក់​ចេញពី​សំរាម​ចំនួន ២ ទីលាន​ត្រងទឹក​កខ្វក់ និង​រំហួត អគារ​រដ្ឋបាល ប៉ុស្តិ៍​យាម អណ្ដូងទឹក សម្រាប់​ត្រួតពិនិត្យ​គុណភាព​ទឹក និង​ជួសជុល​ផ្លូវ​ចូល​ទីលាន​កប់​សំរាម។

លោក​ថ្លែងថា៖ «ក្នុង​ហ្នឹង​យើង​ក៏មាន​កន្លែង​ថ្លឹង​រថយន្ត កន្លែង​ស្តុក និង​ញែក​សំរាម​ធ្វើ​របង​ព័ទ្ធជុំវិញ​ទីលាន​ចាក់​សំរាម​ ដែល​បច្ចុប្បន្ននេះ​ការអនុវត្ត​គម្រោង​សាងសង់​នេះ​បាន​ប្រមាណ​ជាង ១៦ ភាគរយ​ហើយ»។

បើតាម លោក ប៊ុណ្ណារិន ទីលាន​ចាក់សំរាម​នេះ​ថ្មី​នេះ​ធ្វើឡើង​សម្រាប់​ចាក់សំរាម​ឱ្យ​ពេញ​ក្នុង​រយៈពេល ២០ ឆ្នាំ ប្រកបដោយ​ស្តង់ដា​មិនមាន​ផលប៉ះពាល់​ដល់​បរិស្ថាន ហើយ​ទៅ​ថ្ងៃ​អនាគត​អាច​នឹង​រៀបចំ​ជា​ទីរមនា​មួយ​ផងដែរ។

លោក​ថ្លែងថា «ខេត្តកំពត​អត់​ធ្លាប់មាន​ទីលាន​ចាក់សំរាម​ស្តង់ដា​ទេ មាន​ទីតាំង​ចាស់​សម្រាប់​ចាក់ ប៉ុន្តែ​ចាក់​ហើយ​ចោល​ស្អុយ​ពេញ​ហ្នឹងឯង។ ឥឡូវ​យើង​ត្រូវធ្វើ​លក្ខណៈ​បច្ចេកទេស​ថ្មី គឺ​យើង​ធ្វើ​លុប ធ្វើ​លុប​ដើម្បី​ពូន​វា​ជា​ភ្នំ​មួយ​យើង​បង្ហាប់​វា​ឱ្យ​ណែន ហើយ​ត្រងទឹក​ត្រង​អី​វា​យកមក​សម្លាប់​មេរោគ ដល់​ចុងក្រោយ​យើង​ដាំ​ស្មៅ​ពីលើ​មើលទៅ​ដូចជា​កន្លែង​លេង​កូនហ្គោល​អ៊ីចឹង»។

លោក រិត វឌ្ឍនា នាយក​រដ្ឋបាល​ខេត្តកំពត​ថ្លែង​ពី​ម្សិលមិញ​ថា អភិបាល​ខេត្តកំពត​ទើបតែ​បាន​ចុះ​ពិនិត្យ​ដល់ទី​តាំង​នៃ​ការដ្ឋាន​សាងសង់​ទីលាន​ចាក់សំរាម​កាលពី​ថ្ងៃទី ២៧ កក្កដា។ លោក​ថា អភិបាលខេត្ត​បាន​ណែនាំ​ឱ្យ​ជំនាញ​អាជ្ញាធរ​មូលដ្ឋាន​សហការ​ជាមួយ​ក្រុមហ៊ុន​ម៉ៅការ​ឱ្យបាន​ល្អ ដើម្បីឱ្យ​ដំណើរ​ការកសាង​ទីលាន​ចាក់សំរាម​នេះ បាន​លឿន​ឆាប់រហ័ស​ទៅ​តាម​គម្រោង សម្រាប់​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​រដ្ឋបាលខេត្ត ក្នុង​ការលើកកម្ពស់​អនាម័យ​បរិស្ថាន​ក្នុង​ក្រុង​កំពត​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត។

លោក​ថ្លែងថា៖ «ខេត្ត​យើង យើង​យកតែ​សមិទ្ធផល​ទេ ហើយ​អ្វីដែល​សំខាន់​យើង​ចង់បាន​គឺ​ភាពស្អាត ភាពល្អ គ្មាន​សំរាម ក្នុង​ក្រុង​កំពត។ យើង​ខិតខំ​សម្របសម្រួល​គ្រប់យ៉ាង​ទាំងអស់ ដើម្បីឱ្យ​ដំណើរការ​គម្រោង​ហ្នឹង​បាន​ទទួល​ជោគជ័យ»៕