ភ្នំពេញៈ មន្ត្រីសាធារណការបានឱ្យដឹងថា សកម្មភាពល្មើសនឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានថយចុះស្ទើរតែលែងមានក្នុងមួយរយៈចុងក្រោយនេះ ក្រោយពីការប្រកាសមិនលើកលែងចំពោះសកម្មភាពល្មើសច្បាប់។
លោក តាំង ពៅ ប្រធានលេខាធិការដ្ឋាននៃក្រសួងសាធារណការ និងដឹកជញ្ចូនបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៨ កក្កដាថា សកម្មភាពល្មើសនៃការដឹកលើសទម្ងន់ពីអ្នកបើកបរលើដងផ្លូវ ហាក់មានការថយចុះ ឬស្ទើរតែលែងមានបទល្មើស ដោយសារតែកន្លែងថ្លឹងឡានជាង ៣០ កន្លែង ទូទាំងប្រទេស និងក្រុមការងារចល័តចុះត្រួតពិនិត្យបទល្មើសនេះ គឺពុំមានឃាត់យានយន្ត ដែលល្មើសនឹងការដឹកលើសទម្ងន់កំណត់នោះទេ។
លោកបន្តថា៖ «យើងមិនទាន់ឃើញមានបទល្មើសថ្មី ដែលយើងចាប់បានទេ បន្ទាប់ពីការប្រកាស (របស់) ក្រសួង។ សកម្មភាពល្មើស គឺសុទ្ធតែរឿងចាស់»។
លោក តាំង ពៅ ថ្លែងថា ចំពោះយានយន្តដឹកលើសទម្ងន់កំណត់ជាង ១៧០ ករណី ដែលក្រុមការងារធ្វើការឃាត់បានក្នុងរយៈពេល ១ ឆ្នាំនេះគឺនៅតែបន្តអនុវត្តច្បាប់ ដោយត្រូវរក្សាទុក ១ ឆ្នាំ និងមានការពិន័យជាប្រាក់ទៅតាមការកំណត់នៃច្បាប់ ហើយក្រុមការងារនៅតែបន្តបង្កើនសកម្មភាពត្រួតពិនិត្យ ចំពោះបទល្មើសដឹកលើសទម្ងន់កំណត់ នៅទូទាំងប្រទេសបន្តទៀត ដើម្បីធានាថា បទល្មើសនេះនឹងលែងមាន។
កាលពីថ្ងៃទី ២០ ខែកក្កដា អ្នកបើកឡាន និងម្ចាស់ឡានដឹកដី ដឹកខ្សាច់ប្រមាណ ២០០ នាក់បានប្រមូលផ្តុំគ្នាតវ៉ានៅកន្លែងថ្លឹងរថយន្តលើផ្លូវ ៦០ ម៉ែត្រ ក្នុងខេត្តកណ្តាល រឿង ឃាត់ទុកយានយន្ត ក្រោយពីការបង្ក្រាបកន្លងមក ប៉ុន្តែត្រូវបានបដិសេធ ព្រោះជាទង្វើផ្ទុយច្បាប់។
លោក ពុធ ស៊ីមេន អាជីវករបើកឡានធំម្នាក់បានថ្លែងថា៖ «យើងមិនមានការតវ៉ាអីទៀតទេ យើងសុំតែឯកឧត្តមរដ្ឋមន្ត្រី អាណិតប្រគល់ឡានរបស់យើងដែលចាប់បានកន្លងទៅមកវិញ ដើម្បីអាចបន្តការរកស៊ីចិញ្ចឹមជីវិតវិញ។ យើងសន្យា...កំហុសទាំងប៉ុន្មាន គឺលែងឱ្យមានទៀតហើយ»។
លោក គង់ សុវណ្ណ អ្នកជំនាញសុខភាពសាធារណៈ និងជានាយកកម្មវិធីមូលនិធិសុវត្ថិភាពអន្តរជាតិបានថ្លែងថា មានតែការពង្រីកវិសាលភាពការអនុវត្តច្បាប់ឱ្យបានកាន់តែច្រើន និងបង្កើនក្រុមការងារចុះត្រួតពិនិត្យចល័តទើបការប្រព្រឹត្តល្មើស មានការថយចុះ និងទប់ស្កាត់មានប្រសិទ្ធភាព៕