បន្ទាយមានជ័យៈ លោកស្រី ឌី សុជាតិ ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្តបន្ទាយមានជ័យ​ឱ្យដឹង​នៅ​ថ្ងៃទី ២៩ កក្កដា​ថា​សមត្ថកិច្ច​របស់​លោកស្រី​គ្រោង​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី ៦ នាក់​ ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃទី ៣០ កក្កដា។ ពួកគេ​សង្ស័យថា ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​លួច​នាំ​មនុស្ស​ឆ្លងដែន​ចេញ-ចូល​ប្រទេស​ថៃ​ ខុសច្បាប់។

លោកស្រី​ថ្លែងថា៖ «អ្នក​ទាំង ៦ នាក់​នោះ​ ខាង​នគរបាល​ជំនាញ​យើង​បានរៀបចំ​ឯកសារ​ហើយ​បញ្ជូនទៅ​ថ្ងៃទី ២៩ កក្កដា តែបើ​មិនទាន់​គឺ​បញ្ជូនទៅ​ថ្ងៃទី ៣០ កក្កដា»។

បើតាម​លោកស្រី​ថា ជនសង្ស័យ​ទី១- ឈ្មោះ ចេង មួយហួង ភេទ​ស្រី អាយុ ២៥ ឆ្នាំ,​ ទី២- ឈ្មោះ ចេង គឹមសែ ភេទ​ប្រុស អាយុ ២៥ ឆ្នាំ, ទី៣- ឈ្មោះ ហៃ សុភ័ក្ត្រ ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ, ទី៤- ឈ្មោះ​ ហួត ដេវីត ភេទ​ប្រុស អាយុ ១៩ ឆ្នាំ, ទី៥- ឈ្មោះ ហួត ហួរ ភេទ​ស្រី អាយុ ៦០ ឆ្នាំ និង​ឈ្មោះ ភុក បញ្ញា ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ។ ពួកគេ​រស់នៅក្នុង​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ។

ពាក់ព័ន្ធ​ការឃាត់ខ្លួន​នេះដែរ​បើតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បង្ហាញថា កាលពីថ្ងៃ​ទី ២៨ កក្កដា ឆ្នាំ ២០២១ បានឱ្យដឹងថា ក្រុម​ជនរងគ្រោះ​ត្រូវ​បាន​ក្រុម​មេខ្យល់​ដឹក​តាម​រថយន្ត ១ គ្រឿង​ម៉ាក​កាមរី ស្លាក​លេខ​ប្រទេស​ថៃ ចេញពី​ផ្សារ​រុងក្លឿ​ចំនួន ១៣ នាក់ ​ក្នុង​នោះ​មាន​អ្នក​នាំ​ផ្លូវ ២ នាក់​ ជា​ជនជាតិ​ថៃ។ មនុស្ស​ដែល​នៅក្នុង​រថយន្ត ១១ នាក់​ ត្រូវបាន​ក្រុម​មេខ្យល់​យកលុយ​ម្នាក់ៗ​ចំនួន ៦ ពាន់​បាត។

ចំពោះ​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​ពី​មនុស្ស ៣ នាក់​ ដែល​ចាំ​ទទួល​នៅ​ព្រំដែន​ក្នុង​ទឹកដី​ក្រុង​ប៉ោយប៉ែត​មាន​ទូរស័ព្ទដៃ ២ គ្រឿង ក្នុងនោះ​មាន​សំឡេង​ឆ្លើយឆ្លង​គ្នា​តាមឡាញ​ពាក់ព័ន្ធ​តម្លៃ​ឈ្នួល​នាំ​មនុស្ស​ឆ្លងដែន​ផង៕