ភ្នំពេញៈ បន្ទាប់ពី​ជំនួយ​វ៉ាក់សាំង​របស់​សហរដ្ឋអាមេរិក​នឹង​ដឹក​មកដល់​ក្នុង​ជំហាន​ដំបូង​ក្នុងចំណោម​វ៉ាក់សាំង​ Johnson&Johnson ជាង ១ លានដូស មកដល់​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះ ចក្រភព​អង់គ្លេស​ក៏​បាន​ប្រកាស​ផ្តល់​វ៉ាក់សាំង​កូវីដ ១៩ AstraZeneca ចំនួន ៤១៥ ០០០ ដូស ​ដល់​ប្រទេស​កម្ពុជា ​តាមរយៈ​កិច្ចព្រមព្រៀង​ទ្វេភាគី ដែល​វ៉ាក់សាំង​នេះ​នឹង​ដឹក​ចេញពី​ចក្រភព​អង់គ្លេស​នៅ​សប្តាហ៍​នេះ​ស្ថានទូត​ចក្រអង់គ្លេស​ប្រចាំ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ២៨ ខែកក្កដា បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា វ៉ាក់សាំង​ចំនួន ៩ លានដូស​ត្រូវបាន​បរិច្ចាគ​ទៅកាន់​ប្រទេស​ជាច្រើន​តាមរយៈ​កិច្ចព្រមព្រៀង​ទ្វេភាគី និង​យន្តការ​ COVAX ដើម្បី​ដោះស្រាយ​បញ្ហា​កូវីដ​ហើយ​វ៉ាក់សាំង​ទាំងនេះ​ត្រូវ​បាន​គេ​រំពឹងថា នឹង​ចាកចេញ​ពី​ចក្រភព​អង់គ្លេស​នៅ​សប្តាហ៍​នេះ ដោយ​ប្រទេស​កម្ពុជា​ក៏​ស្ថិត​ក្នុងចំណោម​បណ្តា​ប្រទេស​ដែល​នឹង​ទទួលបាន​វ៉ាក់សាំង​ទាំងនេះ​ផងដែរ។

ស្ថានទូត​ចក្រភព​អង់គ្លេស​ក៏បាន​បញ្ជាក់​ផងដែរ​ថា៖ «ចក្រភព​អង់គ្លេស​បាន​ប្តេជ្ញា​ថា នឹង​បរិច្ចាគ​វ៉ាក់សាំង​ចំនួន ១០០ លាន​ដូស​ដល់​ប្រទេស​នានា​នៅត្រឹម​ខែមិថុនា ឆ្នាំ ២០២២ ដែល ៨០ លានដូស​នៃ​ចំនួន​នេះ​នឹង​ត្រូវបាន​បរិច្ចាគ​តាមរយៈ​យន្តការ​កូវ៉ាក់»។

ស្ថានទូត​នេះ​បាន​បញ្ជាក់ថា វ៉ាក់សាំង​ចំនួន ៥ លានដូស​ត្រូវបាន​ផ្តល់​ឱ្យ​យន្តការ​កូវ៉ាក់​ដែលជា​គម្រោង​ ដើម្បី​ធានាបាន​នូវ​ការទទួល​វ៉ាក់សាំង​កូវីដ ១៩ ដែល​មាន​លក្ខណៈ​សកល និង​ស្មើភាព​គ្នា។ យន្តការ​កូវ៉ាក់​នឹង​ចែកចាយ​ជាបន្ទាន់​ដល់​បណ្តា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​តាមរយៈ​ប្រព័ន្ធ​បែងចែក​ប្រកប​ដោយ​សមធម៌​ដែល​ផ្តល់​អាទិភាព​ក្នុង​ការផ្តល់​វ៉ាក់សាំង​ដល់​ប្រជាជន​ដែល​ត្រូវការ​បំផុត។ វ៉ាក់សាំង​ចំនួន ៤ លានដូស​ទៀត​នឹងត្រូវ​ចែកចាយ​ដោយផ្ទាល់​ដល់​ប្រទេស​ដែល​ត្រូវការ។

ចក្រភព​អង់គ្លេស​កំពុង​បរិច្ចាគ​វ៉ាក់សាំង​របស់​សាកលវិទ្យាល័យ Oxford-AstraZeneca ដែល​ផលិត​ដោយ Oxford Biomedicaនៅ Oxford និង​វេចខ្ចប់​នៅ Wrexham, North Wales។

បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឱ្យដឹងទៀតថា នេះ​ជា​វ៉ាក់សាំង ១០០ លានដូស​ដំបូងបង្អស់​ ដែល​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស​បាន​ប្តេជ្ញា​ថា ចក្រភព​អង់គ្លេស​នឹង​ចែកចាយ​ក្នុង​រយៈពេល ១ ឆ្នាំ​ទៀត​នៅក្នុង​កិច្ចប្រជុំ G7 កាលពី​ខែ​មុន​នៅ​ Cornwall ដោយ ៣០ លានដូស​នឹង​ត្រូវបញ្ជូន​នៅ​ដំណាច់​ឆ្នាំនេះ។

ប្រភព​ដដែល​ថា៖ «យ៉ាងហោច​ណាស់ ៨០ លានដូស​ក្នុង​ចំណោម ១០០ លានដូស​នឹងត្រូវ​ផ្តល់ឱ្យ​យន្តការ COVAX ហើយ​ចំនួន​ដែល​នៅ​សេសសល់​នឹង​ផ្តល់​ទៅ​ប្រទេស​ផ្សេងៗ​ទៀត​ដោយផ្ទាល់។ ការបរិច្ចាគ​នេះ​ធ្វើតាម​ការប្តេជ្ញា​ដែល​មេដឹកនាំ G7 បាន​សន្យា​ ដើម្បី​ចាក់​វ៉ាក់សាំង​ឱ្យ​មនុស្ស​ទូទាំង​ពិភពលោក និង​បញ្ចប់​ការរាតត្បាត​នៅក្នុង​ឆ្នាំ ២០២២»។

ការបញ្ជូន​វ៉ាក់សាំង​នៅ​សប្តាហ៍​នេះ​នឹង​ជួយ​បំពេញ​តម្រូវការ​វ៉ាក់សាំង​ក្នុង​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក រួមទាំង​នៅ​ទ្វីប​អាហ្វ្រិក អាស៊ីអាគ្នេយ៍ និង​ការ៉ាបៀន។ តំបន់​ទាំងនេះ​កំពុង​ជួបប្រទះ​បញ្ហា​រីករាលដាល​ខ្លាំង​នៃ​ការចម្លង ការព្យាបាល​នៅ​មន្ទីរពេទ្យ និង​ការស្លាប់​ដោយ​ជំងឺ​កូវីដ១៩។

រដ្ឋមន្ត្រី​ក្រសួងការបរទេស​អង់គ្លេស​លោក Dominic Raab បាន​ប្រកាស​នៅ​ថ្ងៃទី ២៨ ខែកក្កដា​ថា ក្នុង​សប្តាហ៍​នេះ​ចក្រភព​អង់គ្លេស​នឹង​ចាប់ផ្តើម​បញ្ជូន​វ៉ាក់សាំង​កូវីដ​ចំនួន ៩ លានដូស​ទៅកាន់​ប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​ ដើម្បី​ដោះស្រាយ​បញ្ហា​កូវីដ១៩។

លោក​ Dominic Raab បាន​មានប្រសាសន៍​ថា៖ «ចក្រភព​អង់គ្លេស​នឹង​បញ្ជូន​វ៉ាក់សាំង​ AstraZeneca ចំនួន ៤១៥ ០០០ ដូស​ទៅកាន់​ប្រទេស​កម្ពុជា​ដែលជា​ផ្នែក​មួយ​នៃ​ការផ្តល់​វ៉ាក់សាំង​ចំនួន ១០០ លានដូស​ដំបូង​ដែល​យើង​បាន​ប្តេជ្ញា​ដើម្បី​ជួយ​ឱ្យ​តំបន់​ដែល​ក្រីក្រ​បំផុត​នៃ​ពិភពលោក​បានទទួល​ការចាក់​វ៉ាក់សាំង​ក្នុងករណី​បន្ទាន់»។

លោក​បាន​បញ្ជាក់ថា៖ «យើង​កំពុង​ធ្វើការ​ដើម្បី​ជួយ​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​ហើយក៏​ព្រោះតែ​យើង​ដឹងថា យើង​នឹង​មិនមាន​សុវត្ថិភាព​ទេ រហូត​ទាល់តែ​មនុស្ស​គ្រប់គ្នា​មាន​សុវត្ថិភាព»។

ចំណែក​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​ លោកស្រី Tina Redshaw ក៏បាន​លើកឡើង​ដែរ​ថា វ៉ាក់សាំង AstraZeneca ចំនួន ៤១៥ ០០០ ដូស​នេះ​នឹង​ជួយ​ដល់​សហគមន៍​ក្នុង​មូលដ្ឋាន​ ដើម្បី​ចាប់ផ្តើម​អាជីវកម្ម ការពារ​សេវាកម្ម​សុខភាព និង​ស្តារ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ឡើងវិញ។

លោកស្រី​បាន​ថ្លែងថា៖ «ខ្ញុំ​ពិតជា​រីករាយ​ដែល​ចក្រភព​អង់គ្លេស​ប្ដេជ្ញាចិត្ត​ក្នុង​ការបរិច្ចាគ​វ៉ាក់សាំង​នៅ​ទូទាំង​ពិភពលោក ទាំង​តាមរយៈ​កិច្ចព្រមព្រៀង​ទ្វេភាគី និង​យន្តការ​កូវ៉ាក់​ហើយ​ក្នុងនោះ​ក៏មាន​ប្រទេស​កម្ពុជា​ផងដែរ»។

គួរបញ្ជាក់​ផងដែរ​ថា ប្រទេស​ធំៗ​ចំនួន ៣ ក្រៅពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានប្រកាស​ផ្តល់​វ៉ាក់សាំង​ដល់​កម្ពុជា​ជាច្រើន​ក្នុងនោះ​មាន​ប្រទេស​ជប៉ុន បានផ្តល់​វ៉ាក់សាំង AstraZeneca ដែល​ផលិត​នៅ​ជប៉ុន​ចំនួន ១ លានដូស, សហរដ្ឋ​អាមេរិក​ប្រកាស​ផ្តល់​វ៉ាក់សាំង​ Johnson&Johnson ចំនួន​ជាង ១ លាន​ដូស និង​ចក្រភព​អង់គ្លេស​បាន​ប្រកាស​បរិច្ចាគ​វ៉ាក់សាំង AstraZeneca ចំនួន​ជាង ៤០ ម៉ឺនដូស​ផងដែរ។

ទន្ទឹមនឹង​នេះដែរ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ នៅក្នុង​ប្រទេស​កម្ពុជា បាន​ឈានដល់​ជាង ៧ លាន​នាក់​ហើយ ហើយ​ក្នុងនោះ​ជន​ទី ៧ លាន​ក៏បាន​រកឃើញ​កាលពី​យប់​ថ្ងៃទី ២៨ ខែកក្កដា​ផងដែរ ដែលជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប។

គិត​ត្រឹម​យប់​ថ្ងៃទី ២៨ ខែកក្កដា ប្រទេស​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ទៅដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​បាន​សរុប​ចំនួន​ជាង ៧ លាន​នាក់​ហើយ​ដែល​ស្មើនឹង ៧០,៤៤ ភាគរយ​ធៀប​នឹង​គោលដៅ​នៃ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចាក់​ចំនួន ១០ លាន​នាក់ ដែល​រាជរដ្ឋាភិបាល​គ្រោង​នឹង​បញ្ចប់​នៅត្រឹម​ខែតុលា ឬ​ដើមខែ​វិច្ឆិកា​ខាង​មុខ​នេះ៕