កែបៈ ផ្ទះ​ពលរដ្ឋ​នៅក្នុង​សង្កាត់​អូរក្រសារ ក្រុង-ខេត្ត​កែប សរុប ៨៦ ខ្នង​បាន​រង​ផលប៉ះពាល់ និង​ខូចខាត​យ៉ាងដំណំ ដោយសារ​ខ្យល់​កន្ត្រាក់​បក់បោក​ក្នុងពេល ២ ថ្ងៃ​ជាប់គ្នា។ នេះ​បើតាម​មន្ត្រីនគរបាល​មូលដ្ឋាន​នៅព្រឹក​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១។

លោក ឆាយ សុខា នាយ​នគរបាលប៉ុស្តិ៍​សង្កាត់​អូរក្រសារ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ភ្លៀង​លាយឡំ​ខ្យល់កន្ត្រាក់ ២ ថ្ងៃ​កន្លងមកនេះ​បាន​បង្ក​ការខូចខាត​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន ៨៦ ខ្នង​នៅក្នុង​ភូមិ​ចំនួន ២ នៃ​សង្កាត់​អូរក្រសារ​ក្នុងនោះ​ផ្ទះ ១៨ ខ្នង​បាន​បាក់​រលំ​ខូចខាត​ទាំងស្រុង និង ៦៨ ទៀត ខូចខាត​មធ្យម​ដោយ​ប៉ើង​របើក​ដំបូល ប៉ុន្តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​ណា​ម្នាក់​នោះ​ទេ។

លោក សុខា បាន​បញ្ជាក់ថា៖ «កាលពីថ្ងៃ​ទី ២៧ ខែកក្កដា មាន​ករណី​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បក់បោក​ប៉ះពាល់​ផ្ទះ​ពលរដ្ឋ​នៅ​ភូមិ​អូរក្រសារ​ ១៦ ខ្នង។ នៅ​រសៀល​ថ្ងៃទី ២៨ ខែកក្កដា ក៏មាន​ភ្លៀងខ្យល់​បក់បោក​បង្ក​ការខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​សរុប ៧០ ខ្នង​ថែមទៀត​ក្នុងនោះ​នៅ​ភូមិ​ដំណាក់​ចំបក់ ១៨ ខ្នង និង ៥២ ខ្នង​ទៀត​នៅ​ភូមិ​អូរក្រសារ។ ប៉ុន្តែ​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះទេ»។

បើតាម​លោក សុខា ករណី​នេះ​លោក​ សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​បាន​ដឹកនាំ​កម្លាំង​ចុះជួយ​អន្តរាគមន៍​ជួសជុល​ផ្ទះ​ជូន​គ្រួសារ​ពលរដ្ឋ​រងគ្រោះ​ឡើងវិញ និង​ចែក​អំណោយ​សង្គ្រោះបឋម​ក្នុង ១ គ្រួសារ​ទទួលបាន​អង្ករ ២៥ គីឡូក្រាម ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ និង​ថវិកា ២ ម៉ឺន​រៀល​ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ក្នុង​គ្រា​ដ៏លំបាក​នេះ។ ខ្យល់​កន្ត្រាក់​នេះ​បាន​បង្ក​ផលប៉ះពាល់​ទ្រព្យសម្បត្តិ ពិសេស​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ​ក្នុង​កម្រិតធ្ងន់ មធ្យម និង​ស្រាល​ចំនួន ៥២ គ្រួសារ នៅ​ភូមិ​អូរក្រសារ សង្កាត់​អូរក្រសារ ក្រុងកែប។

ដោយឡែក​នៅឯ​ខេត្តកោះកុង​កាលពី​ព្រឹក​ម្សិលមិញ​មាន​សេចក្ដី​រាយការណ៍​ពី​មន្ត្រីខេត្ត​នេះ​មក​ថា ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​កំពុង​បក់បោក​ក្នុង​ក្រុង​ខេមរភូមិន្ទ,ស្រុក​មណ្ឌលសីមា,ស្រុក​ថ្មបាំង,ស្រុក​បទុមសាគរ​ និង​ស្រុក​ស្រែអំបិល​ក្នុង​កម្រិត​ពី​តិច​ទៅ​ខ្លាំង ប៉ុន្តែ​មិនទាន់​ប៉ះពាល់​លំនៅឋាន​ពលរដ្ឋ​នៅឡើយ​ទេ។

លោក សុខ សុទ្ធី អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តកោះកុង​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ថា៖ «នៅពេល​នេះ ខេត្ត​កោះកុង​ទាំងមូល​កំពុង​គ្របដណ្ដប់​ដោយ​ភ្លៀង​លាយឡំ​ខ្យល់​បក់បោក​ខ្លាំង។ ទោះបី​នៅពេល​នេះ​មិនទាន់​មាន​របាយការណ៍​ពី​អាជ្ញាធរ​ក្រុង-ស្រុក ស្ដីពី​ផលប៉ះពាល់​លំនៅឋាន​ពលរដ្ឋ​ក៏ដោយ ក៏​រដ្ឋបាលខេត្ត​យើង​នៅតែ​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​អំពី​បាតុភូត​គ្រោះធម្មជាតិ​នេះ ពិសេស​ប្រជានេសាទ​គប្បី​ផ្អាក​សកម្មភាព​ចេញ​ទូក​នេសាទ​ជា​បណ្ដោះអាសន្ន»។

យោងតាម​ការព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បាន​ចេញ​ផ្សាយ​ពីថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២១ បាន​ឱ្យ​ដឹងថា​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បក់បោក​ខ្លាំង​នឹង​បន្ត​កើតមាន​រហូតដល់​ថ្ងៃទី ៣ ខែសីហា ខាងមុខ​នេះ ជាពិសេស​ខេត្ត​នៅតាម​តំបន់​ឆ្នេរសមុទ្រ។

ជាមួយ​គ្នា​នេះ ក្រសួង​ក៏បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ក្នុង​តំបន់ឆ្នេរ​ទាំងអស់​ក៏​ដូច​អ្នកដើរ​កម្សាន្ត​តាម​សមុទ្រ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​អាកាសធាតុ និង​រលក​សមុទ្រ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត៕

វីដេអូ៖