ភ្នំពេញៈ គិត​ត្រឹម​ថ្ងៃទី ២៩ ខែកក្កដា មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​បាន ទទួល​ថវិកា​ពី​សប្បុរសជន​បាន​ប្រមាណ ៨ ម៉ឺន​ដុល្លារ រួម​នឹង​បរិក្ខារ​ប្រឆាំង​កូវីដ​ផ្សេងទៀត បន្ទាប់ពី​ធ្វើ​យុទ្ធនាការ​ស្វែងរក​ជំនួយ​ប្រមាណ​ជាង ១០ ថ្ងៃ ខណៈ​នៅ​ថ្ងៃ​ម្សិលមិញ​នេះ មន្ទីរពេទ្យ​នេះ​ក៏បាន​រកឃើញ​កុមារ​មាន​វិជ្ជមាន​ជំងឺ​កូវីដ ១៩ បន្ថែម ១ នាក់​ទៀត។

យុទ្ធនាការ​រៃអង្គាស​ថវិកា​នេះ​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ១៦ ខែកក្កដា បន្ទាប់ពី​មន្ទីរពេទ្យ​នេះ​រកឃើញ​កុមារ ២ នាក់ មាន​វិជ្ជមាន​កូវីដ ១៩ កាលពី​ថ្ងៃទី ២ ខែកក្កដា។ មន្ទីរពេទ្យ​នេះ​បញ្ជាក់​ថា កុមារ​ម្នាក់​បានជា​សះស្បើយ​ និង​បាន​វិលត្រឡប់​ទៅផ្ទះ​វិញ​ ខណៈ​កុមារ​ម្នាក់ទៀត​កំពុង​សម្រាក​ព្យាបាល។

លោកស្រី ស៊ិន កេតអរុណ ប្រធាន​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា មន្ទីរពេទ្យ-កុមារ​អង្គរ​សម្រេច​ប្រកាស​ស្វែងរក​ជំនួយ​ ដើម្បី​រៀបចំ​សាលព្យាបាល និង​ថែទាំ​អ្នកជំងឺ​កូវីដ ១៩ និង​ទិញ​សម្ភារ​បរិក្ខារ​ពេទ្យ​ដែល​ត្រូវការ​បន្ទាន់​ដូចជា តេស្ត​រហ័ស​រក​ជំងឺ​កូវីដ ១៩ និង​ឯកសណ្ឋាន​ការពារ​សម្រាប់​បុគ្គលិក​ពេទ្យ​រួមទាំង​សម្ភារ​មួយចំនួន​ទៀត។

លោកស្រី​ថ្លែងថា៖ «ថ្វីដ្បិតតែ​មន្ទីរពេទ្យ​កុមារ​អង្គរ​មិនបាន​ដើរតួនាទី​ជា​មន្ទីរពេទ្យ​ដែល​ព្យាបាល​ជំងឺ​កូវីដ១៩ តែ​មន្ទីរពេទ្យ​នេះ​បាន និង​កំពុង​បំពេញ​តួនាទី​យ៉ាង​សំខាន់​នៅក្នុង​ការពិនិត្យ​ព្យាបាល និង​ថែទាំ​កុមារ​មាន​ជំងឺ​ជាច្រើន​ផ្សេងទៀត​ដែល​ជំងឺ​ទាំងនោះ​គឺ​ងាយ​នឹង​រងគ្រោះ​ដល់​អាយុជីវិត​របស់​ពួកគេ ដោយសារ​តែ​ឥទ្ធិពល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ ១៩ ដូចជា ជំងឺ​គ្រុនឈាម កង្វះ​អាហារូបត្ថម្ភ កង្វះ​អនាម័យ និង​ការមិន​អាច​មកកាន់​មន្ទីរពេទ្យ​ ដើម្បី​ទទួល​ការព្យាបាល​ឱ្យបាន​ទាន់ពេលវេលា»។

លោកស្រី កេតអរុណ បាន​បញ្ជាក់ថា មន្ទីរពេទ្យ​រំពឹងថា​នឹង​នៅតែ​មាន​សប្បុរសជន​បន្ត​ជួយ​មន្ទីរពេទ្យ​តាមរយៈ​កម្មវិធី​ផ្សេងៗ​ទៀត​របស់​មន្ទីរពេទ្យ ហើយ​ចំនួន​ថវិកា​ប្រមាណ ៨ ម៉ឺន​ដុល្លារ​នេះ​អាច​ជួយ​មន្ទីរពេទ្យ​បាន​មួយគ្រា លុះត្រាតែ​ការរាតត្បាត​ជំងឺ​កូវីដ ១៩ ត្រូវ​បាន​បញ្ចប់។ ក្នុងករណី​មិនមាន​ការបរិច្ចាគ​បន្ថែមទៀត​មន្ទីរពេទ្យ​នៅតែ​បន្ត​ស្វែងរក​យុទ្ធសាស្ត្រ​ថ្មីៗ​ទៀត​នៅ​ក្នុង​ការស្វែងរក​ជំនួយ​ ឬ​ចំណូល​សម្រាប់​ប្រតិបត្តិការ​របស់​មន្ទីរពេទ្យ។

លោកស្រី បាន​បន្ថែម​ថា៖ «ប៉ុន្តែ​កុមារ​មាន​ជំងឺ​ជាច្រើន​ផ្សេងទៀត​នៅតែ​បន្ត​មក​ទទួល​ការព្យាបាល​នៅទីនេះ​ជាហេតុ​ដែល​យើង​ត្រូវតែ​ស្វែងរក​ថវិកា​ថែមទៀត​មិនអាច​បញ្ឈប់​បានទេ»។

បើតាម​លោក ស្រី កេតអរុណ ថវិកា​ជាង ៨ ម៉ឺន​ដុល្លារ​គឺ​ទទួល​បាន​មកពី​ការបរិច្ចាគ​ពី​ស្ថាប័ន​រដ្ឋាភិបាល ក្រុមហ៊ុន​ឯកជន​ និង​សាធារណជន​ទូទៅ​រួមទាំង​សម្ភារ​បរិក្ខារ​ផ្សេងទៀត​រួមមាន តេស្ត​រហ័ស​រក​ជំងឺ​កូវីដ ១៩ ឯកសណ្ឋាន​ការពារ​សម្រាប់​បុគ្គលិក​ពេទ្យ ម៉ាស់ អាល់កុល-លាងដៃ និង​ជែល ស្រោមដៃ​ឧបករណ៍​បំពាក់​នៅក្នុង​សាល​ព្យាបាល​អ្នកជំងឺ​កូវីដ ១៩ ដូចជា ម៉ាស៊ីន​បូម​ស្លេស្ម៍ ម៉ាស៊ីន​ចាក់​ថ្នាក់។

គិត​ត្រឹម​ថ្ងៃទី ២៣ កក្កដា មន្ទីរពេទ្យ​នេះ​បាន​ទទួល​ជំនួយ​តេស្ត​រហ័ស​ចំនួន ៤ ០០០ តេស្ត ម៉ាស់​ចំនួន ៣ ០០០ និង​សម្ភារ​មួយចំនួន​ទៀត។ ក្នុង​ថ្ងៃនោះ​ដែរ​លោកស្រី​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ក៏បាន​បរិច្ចាគ​ថវិកា​ចំនួន ៥ ម៉ឺន​ដុល្លារ ដល់​មន្ទីរពេទ្យ​កុមារអង្គរ​នេះ​ផងដែរ។

លោកស្រី ស៊ិន កេតអរុណ បានឱ្យ​ដឹងថា៖ «មន្ទីរពេទ្យ​កុមារ​អង្គរ​នៅតែ​បន្ត​ទទួល​ពិនិត្យ និង​ព្យាបាល​កុមារ​ដែល​មាន​ជំងឺ​ជាច្រើន​ជា​មធ្យម ៣០០ នាក់​ប្រកបដោយ​គុណភាព និង​ក្តី​មេត្តាករុណា​ដោយ​ឥត​គិត​កម្រៃ»។

លោកស្រី កេតអរុណ បានឱ្យ​ដឹង​ដែរ​ថា កាលពី​ថ្ងៃទី ២៩ ខែកក្កដា កុមារា​ម្នាក់ទៀត​ត្រូវបាន​រកឃើញ​មាន​វិជ្ជមាន​ជំងឺ​កូវី ១៩ ដែល​តម្រូវឱ្យ​បន្ត​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ រហូត​ដល់​ជាសះស្បើយ។

យោងតាម​របាយការណ៍​មន្ទីរពេទ្យ​នេះ បាន​ឱ្យ​ដឹងថា ក្នុង​រយៈពេល ៦ ខែ​ដើម​ឆ្នាំនេះ កុមារ​ដែល​ទទួល​ពិគ្រោះ​ជំងឺ​ក្រៅ​មាន ៣០ ៦៣៥ ករណី សង្គ្រោះបន្ទាន់​មាន ៥ ៩៧១ ករណី សម្រាក​ពេទ្យ​មាន​ប្រមាណ ២ ៣០០ ករណី និង​ចំនួន​អ្នកជំងឺ​ស្លាប់មាន ១៦ ករណី។

របាយការណ៍​ដដែល​នេះ​បញ្ជាក់ថា ចំនួន​កុមារ​អ្នកជំងឺ​ដែល​បានទទួល​ការព្យាបាល​នៅក្នុង​ឆ្នាំ ២០២០ មាន​ចំនួន ៩៧ ០៦៩ ករណី ខណៈ​ចំនួន​កុមារ​អ្នកជំងឺ​ដែល​បាន​ទទួល​ការពិនិត្យ​ព្យាបាល​តាំងពី​ចាប់ផ្ដើម​មន្ទីរពេទ្យ​នេះ​រហូតមក​ទល់​បច្ចុប្បន្ន​មាន​ជាង ២,៥ លាន​ករណី។

លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​កាលពី​ម្សិលមិញ៕