ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ណែនាំ​ដល់​ក្រុមការងារ​គ្រោះមហន្តរាយ​របស់ខ្លួន ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ដើម្បី​ត្រៀម​ទប់ទល់​គ្រោះទឹកជំនន់ និង​ទប់ស្កាត់​មធ្យោបាយ​ដឹកជញ្ជូន​ធុនធ្ងន់ ដែល​ឆ្លងកាត់​ទីតាំង​កំពុង​រងគ្រោះ ដែល​អាច​បង្កឱ្យមាន​គ្រោះថ្នាក់ និង​បង្ក​ផលប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ។

សេចក្តី​ណែនាំ​ស្តីពី​ការចូល​រួមសហការ​គ្រប់គ្រង​មហន្តរាយ សម្រាប់​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​ចុះ​ថ្ងៃទី ២៨ ខែកក្កដា បានឱ្យ​ដឹងថា ក្នុង​រយៈកាល​កន្លង​ទៅ​ថ្មីៗ​នេះ ស្ថានភាព​ទឹកភ្លៀង​បានចាប់ផ្ដើម​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ដែល​តម្រូវឱ្យ​យើង​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​អំពី​បរិមាណ​ទឹកភ្លៀង​នៅតាម​តំបន់​ជុំវិញ​ទន្លេមេគង្គ និង​ទន្លេសាប ដែល​កម្ពស់​ទឹកទន្លេ អាច​នឹង​ហក់​ឡើង​ខ្ពស់ និង​អាច​បង្កឱ្យមាន​ផលប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ-ស្ពាន។

សេចក្តី​ណែនាំ​បន្តថា ក្នុង​ករណី​នេះ​ទាមទារ​ឱ្យ​យើង​ត្រូវមាន​ការត្រៀមខ្លួន​ឱ្យបាន​ហ្មត់ចត់ ដោយ​ផ្អែកលើ​បទពិសោធ​កាលពី​ឆ្នាំ ២០២០ ដើម្បី​ទប់ទល់ និង​គ្រប់គ្រង​ហានិភ័យ​ផ្សេងៗ​ដែល​អាច​នឹង​កើតមានឡើង​ជាយថាហេតុ។

ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នៃ​ការកើនឡើង​ជំនន់​ទឹកភ្លៀង ដែល​អាច​បង្ក​ជា​គ្រោះមហន្តរាយ ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ-ស្ពាន ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ណែនាំ​ដល់​ក្រុមការងារ លេខាធិការដ្ឋាន គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​ក្រសួង អគ្គនាយកដ្ឋាន​សាធារណការ អគ្គនាយកដ្ឋាន​បច្ចេកទេស អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កំពង់ផែ​ស្វយ័ត​ភ្នំពេញ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី-ខេត្ត និង​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​ត្រៀមខ្លួន​ឱ្យបាន​រួចរាល់ និង​ចូលរួម​អនុវត្ត​នូវ​យន្តការ​ដែល​ចាំបាច់​មួយចំនួន។

យន្តការ​ទាំងនោះ​រួមមាន៖ «ត្រូវ​ចាត់​កម្លាំង​ជាបន្ទាន់​ចុះ​ជួសជុល និង​តភ្ជាប់​ផ្លូវ​ស្ពាន​ក្នុង​ករណី​មាន​ការកាត់ផ្តាច់​ផ្លូវ​ស្ពាន (ការផ្តាច់​ចរាចរណ៍) ដើម្បី​ធានា​ឱ្យ​មាន​និរន្តរភាព​ចរាចរណ៍​ និង​លើក​សំណើសុំ​គោលការណ៍ ធានា​ចំណាយ​មក​ក្រសួង​ឱ្យបាន​ឆាប់រហ័ស​បំផុត»។

ក្រសួង​បញ្ជាក់ថា៖ «ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ និង​មន្ទីរជំនាញ​ពាក់ព័ន្ធ ដើម្បី​ទប់ទល់​គ្រោះទឹកជំនន់ និង​ទប់ស្កាត់​មធ្យោបាយ​ដឹកជញ្ជូន​ធុន​ធ្ងន់ ដែល​ឆ្លងកាត់​ទីតាំង កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ និង​ត្រូវ​ផ្សព្វផ្សាយ​ផ្ដល់ព័ត៌មាន​ជូន​ប្រជាជន អ្នក​ធ្វើដំណើរ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្សេងៗ»។

ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្តាល លោក ម៉ឹង យូឡេង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ខេត្តកណ្តាល​បាន​ត្រៀមខ្លួន​រួចជាស្រេច​ជា​រៀងរាល់​ឆ្នាំ ដើម្បី​ទប់ទល់​គ្រោះទឹកជំនន់​ដែល​អាច​កើតមាន​ជាយថាហេតុ។

លោក​ថា៖ «ព្រោះ​អី​ខេត្តកណ្តាល​របស់​យើង​ព័ទ្ធជុំវិញ​ដោយ​ទឹក យើង​ត្រៀម​ទាំង​ម៉ាស៊ីនបូមទឹក គ្រឿងចក្រ បើសិនជា​អាសន្ន​អន់ក្រ​អី គឺ​យើង​ម្ចាស់ការ​ខ្លួនឯង​បាន»។

យ៉ាងណា​ក៏ដោយ​លោក​ថា គិត​ត្រឹម​ម្សិលមិញ​ពុំទាន់​មាន​កន្លែង​ណាមួយ​ដែល​ប្រឈម​ហានិភ័យ​ខ្ពស់​នៅឡើយ​ទេ​ ខណៈ​មន្ត្រី​នឹង​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច។ លោក​បញ្ជាក់ថា៖ « ពីព្រោះ​ទឹកជំនន់​ជន់​ខ្លាំង​រវាង​ខែ​កញ្ញា និង​ខែតុលា ពីព្រោះ​ខេត្តកណ្តាល​ខុសពី​ខេត្ត​ដទៃ ខេត្ត​យើង​ទទួល​ទឹក ២ ប្រភព​មួយផ្នែក​មកពី​ខេត្តកំពង់ស្ពឺ មួយផ្នែក​ទៀត​មកពី​ទន្លេមេគង្គ តែបើ​រដូវភ្លៀង​ខ្លាំង​ទឹក​នោះ​ធ្លាក់​មកពី​ខេត្តកំពង់ស្ពឺ​មកវិញ​ក្នុង​ខែកក្កដា សីហា​តែ​ចាប់ពី​ខែ​កញ្ញា ដល់​វិច្ឆិកា ទឹកទន្លេ​មេគង្គ​ឡើងវិញ​ម្តង»។

លោក ម៉ឹង យូឡេង បាន​គូសបញ្ជាក់​ថា៖ «យើង​យល់​អំពី​បញ្ហា​ស្ថានភាព​ភូមិសាស្ត្រ​នេះ​បាន​យើង​ត្រៀមលក្ខណៈ​ទប់ទល់​ទឹកជំនន់​តាំងពី​ឆ្នាំ ២០១៣ មកដល់​ឥឡូវនេះ​យើង​អាច​គ្រប់គ្រង​បាន»។

ទាក់ទង​ស្ពាន-ថ្នល់​វិញ​លោក​ថា៖ «ពី​ដើមឡើយ​យើង​មាន​ការបារម្ភ​ខ្លាំង​ចំពោះ​ផ្លូវជាតិ​លេខ ២ និង​ផ្លូវ​លេខ ២១ គឺ​ស្ពាន​បេឡត៍ តែ​ឥឡូវនេះ យើង​ដូរ​ពី​ស្ពាន​បេឡេត៍ ទៅ​ស្ពាន​បេតុង​អស់​ហើយ​អ៊ីចឹង​ហានិភ័យ​ដែល​អាច​បាក់​ស្ពាន​អី​នោះ មិនជា​អាទិភាព​ទេ»។

ក្រសួង​សាធារណការ​បាន​ណែនាំ​ឱ្យ​ក្រុមការងារ ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​សភាពការណ៍​គ្រោះអាសន្ន​នានា និង​ប្រមូល​ព័ត៌មាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ពី​ខ្សែបណ្ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ និង​ត្រូវ​ចាត់​កម្លាំង​ដំឡើង​ស្លាក​សញ្ញា​ចរាចរណ៍ និង​ស្លាក​សញ្ញា​សុវត្ថិភាព​នៅ​តាម​ទីតាំង​ដែល​កំពុង និង​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​អ្នកប្រើប្រាស់​ផ្លូវថ្នល់ និង​អ្នកដំណើរ៕

វីដេអូ៖