ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ចូន​កំពុង​សិក្សា​ពី​ការពង្រីក​កំណាត់​ផ្លូវជាតិ​លេខ ៤ ពី​ទទឹង ៧ ម៉ែត្រ ទៅ ១០ ម៉ែត្រ​ទៅ​តាម​ទីតាំង​ភូមិសាស្ត្រ​ជាក់ស្តែង ដែល​គម្រោង​នេះ​គ្រោង​នឹង​អនុវត្ត​រយៈពេល ២៤ ខែ គឺ​ចាប់ពី​ឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៣ ខាងមុខ។

ជាមួយ​នឹង​ទទឹងផ្លូវ​ឱ្យ​ធំ​ទូលាយ​ជាង​មុន ក្រសួង​ក៏​គ្រោង​នឹង​ជួសជុល និង​លើកកម្ពស់​ផ្លូវ​នៅតាម​តំបន់​មួយចំនួន​ដែល​ធ្លាប់​លិច​ដោយ​ទឹកភ្លៀង ដើម្បី​ពង្រឹងគុណភាព​ផ្លូវ និង​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​ផង​ដែរ។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី ២៩ ខែកក្កដា​ថា ក្រសួង​មិនទាន់​ធ្វើការ​លម្អិត​យ៉ាងណា​ចំពោះ​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ​ ៤ នេះ​នៅឡើយ​ទេ ព្រោះ​បញ្ហា​ចំពោះមុខ ក្រសួង​កំពុង​សិក្សា​ឱ្យបាន​ស៊ីជម្រៅ​ជាមុនសិន ដើម្បី​ឈានទៅ​រក​ការអនុម័ត​ថវិកា​សម្រាប់​គម្រោង​ពង្រីក​ផ្លូវ ១ ខ្សែ​នេះ។

លោក​បញ្ជាក់ថា៖ «នៅក្នុង​ដំណាក់កាល​នេះ យើង​បាន​គិតគូរ​ទៅលើ​ការរៀបចំ​នូវ​ផ្លូវ​ល្បឿន​លឿន ដើម្បី​ដោះស្រាយ​យ៉ាងណា កុំឱ្យ​មាន​ការកកស្ទះ និង​កាត់បន្ថយ​ពេលវេលា និង​កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន។ ប៉ុន្តែ​យើង​ក៏​មិន​បោះបង់​ផ្លូវ​ចាស់​ដែរ យើង​នៅតែ​ដំណើរការ​សម្រាប់​ការធ្វើដំណើរ​ជា​លក្ខណៈ​គ្រួសារ និង​ការធ្វើ​ដំណើរ​ជិតៗ​របស់​ប្រជាពលរដ្ឋ​យើង»។

បើតាម​លោក ហ៊ាង សុទ្ធាយុត្តិ គម្រោង​ស្តារ និង​ស្ថាបនា​ផ្លូវជាតិ​លេខ ៤ ឡើងវិញ​នឹង​ត្រូវ​ប្រើពេល​ប្រមាណ ២ ឆ្នាំ​ក្នុង​ការពង្រីក​ផ្លូវ​កៅស៊ូ​មួយ​នេះ​ឱ្យ​ក្លាយជា​ផ្លូវ​ ដែល​មាន​ភាពងាយស្រួល​ទាំង​ការដឹកជញ្ជូន និង​ការធ្វើដំណើរ​របស់​សាធារណជន។ គម្រោង​នេះ​នឹង​ពង្រីក​ទទឹងផ្លូវ​ទំហំ​ពី ៧ ទៅ ១០ ម៉ែត្រ​បន្ថែម ទៅតាម​ទីតាំង​ភូមិសាស្ត្រ​ជាក់ស្តែង លើកលែងតែ​កន្លែង​ខ្លះ​ដែល​បាន​ពង្រីក​រួចហើយ ដូចជា​នៅ​ម្តុំ​ខេត្ត​កំពង់ស្ពឺ និង​ចោមចៅ រាជធានី​ភ្នំពេញ។

លោក​ថ្លែងថា៖ «ដោយសារតែ​ផ្លូវជាតិ​លេខ ៤ នេះ​មាន​កន្លែង​ខ្លះ គឺ​មាន​ទំហំ​តូច ដូច្នេះ​បើ​យើង​គិតពី​ទំហំ​ចរាចរណ៍ និង​ទំហំ​យានយន្ត​បច្ចុប្បន្ន​ឃើញ​ថា រថយន្ត​ពិបាក​ក្នុង​ការចៀស​គ្នា ដែល​ធ្វើឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតមាន។ ផ្លូវនេះ គឺ​ត្រូវមាន​ទំហំ​មួយ ដែល​សមស្រប​ទៅ​នឹង​តម្រូវការ​បច្ចុប្បន្ន ដោយ​ត្រូវ​ពង្រីក​ជា ២ គន្លង​ដោយ​ម្ខាងៗ យើង​ត្រូវ​ពង្រីក​ចន្លោះ​ពី ៣ ទៅ ៣ ម៉ែត្រ​កន្លះ​បន្ថែមទៀត ដើម្បីឱ្យ​ផ្លូវ​មួយ​នេះ​ចូល​ជា​ស្តង់ដា​ផ្លូវ​មួយ ដែល​ងាយស្រួល​ក្នុង​ការធ្វើដំណើរ»។

ផ្លូវជាតិ​លេខ ៤ តភ្ជាប់​ពី​ភ្នំពេញ ទៅ​ក្រុង​ព្រះសីហនុ គឺ​មាន​ប្រវែង​សរុប​ជាង ២៣០ គីឡូម៉ែត្រ ហើយ​កាលពី​ឆ្នាំ ២០២០ ធនាគារពិភពលោក បាន​អនុម័ត​ហិរញ្ញប្បទាន​ចំនួន ១១០ លាន​ដុល្លារ​អាមេរិក សម្រាប់​ប្រើប្រាស់​លើ​ការបង្កើន​គុណភាព និង​ការរៀបចំ​កែលម្អ​ផ្លូវ​នេះ​ឡើងវិញ។

លោក គង់ សុវណ្ណ អ្នក​ជំនាញ​សុខភាព​សាធារណៈ និង​ជា​នាយក​កម្មវិធី​មូលនិធិ​សុវត្ថិភាព​អន្តរជាតិ​ជឿថា ក្រសួង​នឹងសិក្សា​ឱ្យបាន​ស៊ីជម្រៅ​ជាពិសេស​ផ្តោត​សំខាន់​ជុំវិញ​ស្ថានភាព​ផ្លូវ​មួយចំនួន​ដែល​ជា​កន្លែង​គ្រោះថ្នាក់​បំផុត​នោះ ដោយ​ធ្វើយ៉ាងណា​ស្ថាបនា​ផ្លូវ​ទាំងនេះ​ឱ្យបាន​ត្រឹមត្រូវ និង​ប្រកប​ដោយ​បរិក្ខារ​បច្ចេកទេស​ទន្ទឹម​គ្នា​នេះដែរ​ការអប់រំ​បណ្តុះបណ្តាល​ឥរិយាបថ​របស់​មនុស្ស​ដែល​ជា​អ្នកប្រើប្រាស់​ផ្លូវ​ក៏​ជា​រឿង​មួយ​ចាំបាច់​ផងដែរ ដើម្បី​រួមផ្សំ​ធ្វើឱ្យ​ការប្រើប្រាស់​ផ្លូវ​នៅក្នុង​ប្រទេស​កម្ពុជា​ប្រកប​ដោយ​សុវត្ថិភាព។

លោក​ថា៖ «នៅពេល​មាន​ផ្លូវ​ល្អ​ស្អាត​មាន​ការបំពាក់​បរិក្ខារ​សុវត្ថិភាព​ហើយ ចំណែក​អ្នកបើកបរ​មិនទាន់​ទទួលបាន​ការអប់រំ​ត្រឹមត្រូវ​ហើយ​ការអនុវត្ត​ការត្រួតពិនិត្យ​ច្បាប់​មិន​បាន​ជាប់លាប់​នោះ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​គឺ​នៅតែ​កើតមាន​ដដែល​ទេ»៕