The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ដុត​គ្រឿងញៀន​ជិត ៦៣ គីឡូ​អបអរ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន




ដុត​គ្រឿងញៀន​ជិត ៦៣ គីឡូ​អបអរ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន

Content image - Phnom Penh Post
គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿង​ញៀន​ខេត្ត​បាត់​ដំបង កាលពីថ្ងៃម្សិលមិញ​ បាន​ដុត​បំផ្លាញ​គ្រឿង​ញៀន​ប្រមាណ​ជិត ៦៣​ ​​​គីឡូក្រាម​ ដើម្បីអបអរសាទរទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំ​ង​​គ្រឿង​ញៀន។ រូបថត ប៉ូលិស

ដុត​គ្រឿងញៀន​ជិត ៦៣ គីឡូ​អបអរ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន

បាត់ដំបង/បន្ទាយមានជ័យៈ គណ:កម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តបាត់ដំបង​កាលពី​ម្សិលមិញ បាន​ដុតបំផ្លាញ​គ្រឿងញៀន​ប្រមាណ​ជិត ៦៣ គីឡូក្រាម នៃ​សំណុំរឿង​ចំនួន ១ ០៩១ ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ខណៈ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​បាន​សម្រេច​ឃុំខ្លួន​ជនជាតិ​ថៃ​ប្រុស​ស្រី​ចំនួន ៤ នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​គ្រឿងញៀន។

លោក កែវ សុជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាត់ដំបង​បាន​ថ្លែង​នៅក្នុង​ពិធី​នោះ​ថា គ្រឿងញៀន​ប្រមាណ​ជិត ៦៣ គីឡូក្រាម ដែល​មន្ត្រី​ជំនាញ​បាន​ដុតបំផ្លាញ​នាពេលនេះ គឺ​បង្ក្រាបបាន​ពីបទល្មើស​កាលពី​ឆ្នាំ ២០២០ នៅក្នុង​ខេត្ត​ចំនួន ៦ រួមមាន ខេត្ត​បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ពោធិ៍សាត់ និង​ខេត្ត​ប៉ៃលិន។

លោក​បាន​បញ្ជាក់ថា ការដុត​បំផ្លាញ​គ្រឿងញៀន​នាពេល​នេះ​គឺជា​សារ​ឆ្លើយតប និង​ជា​សកម្មភាព​ដែល​បង្ហាញ​ឱ្យ​សាធារណ​ជន​ទូទៅ​បាន​ឃើញថា វត្ថុតាង​គ្រឿងញៀន ដែល​បង្ក​ហានិភ័យ និង​នាំឱ្យមាន​ភាពអន្តរាយ​ត្រូវ​បាន​ដុតបំផ្លាញ​ចោល​នា​ឱកាស​ប្រារព្ធ​ទិវា-អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ថ្ងៃទី ២៦ មិថុនា មក​ប្រារព្ធ​នៅ​ថ្ងៃទី ២៩ ខែកក្កដា នេះ ដោយសារ​បញ្ហា​រីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ ។

លោក​បាន​ថ្លែងថា៖ «បរិមាណ​គ្រឿងញៀន​ដ៏ច្រើន​សន្ធឹកសន្ធាប់​នេះ ប្រសិនបើ​សមត្ថកិច្ច​យើង​បង្ក្រាប​មិនទាន់​ពេលវេលា​ទេវា​នឹង​ពង្វក់ស្មារតី​អូសទាញ​ដល់​ប្រជាពលរដ្ឋ​ស្លូតត្រង់ ពិសេស​គឺ​យុវជន​ឱ្យប្រើប្រាស់​ដោយ​ខុសច្បាប់​បណ្តាល​ឱ្យ​ខូចសុខភាព និង​ឈាន​រហូតដល់​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​អំពើ​ឃាតកម្ម និង​ឧក្រិដ្ឋកម្ម បង្ក​ភាពអសន្តិសុខ​ក្នុង​សហគមន៍»។

Content image - Phnom Penh Post
គ្រឿងញៀន​ដែល​សមត្ថកិច្ច​ប្រមូល​យកមក​ដុតបំផ្លាញ​នៅ​ខេត្តបាត់ដំបង កាលពី​ម្សិលមិញ។ រូបថត ប៉ូលិស

ដោយឡែក​ជនសង្ស័យ​ជា​ជនជាតិ​ថៃ​ប្រុស​ស្រី​ចំនួន ៤ នាក់​ត្រូវ​បាន​អយ្យការ​សាលា​ដំបូង​ខេត្តបន្ទាយមានជ័យ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ហើយ​កាលពី​ម្សិលមិញ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន បន្ទាប់ពី​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បន្ទាយមានជ័យ​បាន​បញ្ជូនមក​សាលាដំបូង​ខេត្ត។

លោក សំរិទ្ធិ សុខុន អ្នកនាំពាក្យ​អយ្យការ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង ៤ នាក់​នេះ ត្រូវបាន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ទៅតាម​នីតិវិធី​ដោយ​រង់ចាំ​ការស៊ើបសួរ​ពី​ចៅក្រម​របស់​សាលាដំបូង​ខេត្ត។

តាម​របាយការណ៍​របស់​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បន្ទាយមានជ័យ បានឱ្យដឹងថា ជនជាតិ​ថៃ​ទាំង ៤ នាក់​នោះ រួមមាន ឈ្មោះ អាសាណាក់ សាវេត ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ ឈ្មោះ សុគផាកន សាខន ផាន់ ភេទ​ស្រី​អាយុ ៣៥ ឆ្នាំ ឈ្មោះ​ សាក់ សិគ វិមុន ហោ អម ភេទ​ ស្រី អាយុ ២៩ ឆ្នាំ និង ឈ្មោះ អឡាថៃ ឆាមកាថូក ភេទ​ស្រី អាយុ ២៧ ឆ្នាំ។ ជនសង្ស័យ​ទាំង ៤ នាក់​នេះ ស្នាក់នៅ​ក្រុង​ប៉ោយប៉ែត​មុនពេល​ឃាត់ខ្លួន។

រីឯ​វត្ថុតាង​ដែល​សមត្ថកិច្ច​បាន​ដកហូត​រួមមាន ម្សៅ​ក្រាមសថ្លា ២ កូនថង់ ថ្នាំ​គ្រាប់​ពណ៌​ក្រហម​មាន​អក្សរ​ WY ចំនួន ៧ គ្រាប់ ដែកកេះ​ចំនួន ១ បំពង់​ចូក​ចំនួន ១ ដប​កែច្នៃ​សម្រាប់​ជក់​ចំនួន ២ និង​ទូរស័ព្ទ​ដៃ​ចំនួន ៣ គ្រឿង ។

ជនសង្ស័យ​ទាំង ៤ នាក់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ រួមជាមួយ​នឹង​បក្ខពួក ២ នាក់​ទៀត៕

អត្ថបទគួរចាប់អារម្មណ៍