ត្បូងឃ្មុំៈ រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បាន​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល រយៈពេល​ ១៤​ថ្ងៃ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩ ដោយ​ត្រូវ​បាន​រឹត​ត្បិត​ការ​ធ្វើ​ដំណើរ​ចេញ​ពី​លំនៅឋាន ឬ​ទី​សំណាក់​បច្ចុប្បន្ន ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ត្បូងឃ្មុំ ក្នុង​ចន្លោះ​ម៉ោង ២១​ដល់​ម៉ោង ៣​ព្រឹក និង​ហាម​ការ​ប្រមូល​ផ្តុំ​មនុស្ស​ដើម្បី​ផឹក​គ្រឿង​ស្រវឹង។

វិធានការ​នេះ មាន​រយៈពេល ១៤​ថ្ងៃ គិត​ចាប់​ពី​វេលា​ម៉ោង ២៣:៥៩ នាទី ថ្ងៃ​ទី ២៩ ​ខែ​កក្កដា ឆ្នាំ ២០២១ រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ ២០២១។ នេះ​បើ​តាម​សេចក្តី​សម្រេច​របស់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ នា​យប់​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ ២០២១។

ក្នុង​វិធានការ​សម្រាប់ ១៤ ថ្ងៃ ក្រៅពី​ត្រូវ​បាន​រឹត​ត្បិត​ការ​ធ្វើ​ដំណើរ​ចេញ​ពី​លំនៅឋាន ឬ​​ ទី​សំណាក់​បច្ចុប្បន្ន ក៏​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន​ចំពោះ​សកម្មភាព មុខរបរ ឬ ​អាជីវកម្ម​ក្លិប​កម្សាន្ត​គ្រប់​ប្រភេទ។

រាល់​ការ​ជួបជុំ ឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន ដែល​មាន​មនុស្ស​ចូលរួម​លើស​ពី ១០ (ដប់) នាក់ ត្រូវ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។

ត្រូវ​បាន​ហាម​ឃាត់​រាល់​ការ​ជួបជុំ ឬ ការ​ប្រមូល​ផ្តុំ​មនុស្ស ដើម្បី​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ។

សេចក្តី​សម្រេច​របស់​រដ្ឋបាល​ខេត្តត្បូង​ឃ្មុំ​បញ្ជាក់​ថា៖ «គ្រប់​ភោជនីយដ្ឋាន-អាហារដ្ឋាន ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រកប​អាជីវកម្ម​របស់​ខ្លួន ត្រឹម​ជា​លក្ខណៈ​វេច​ខ្ចប់ ដោយ​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​អតិថិជន ចូល​មក​ទទួល​ទាន​នៅ​ក្នុង​បរិវេណ​នៃ​ទី​កន្លែង​របស់​ខ្លួន​ឡើយ»។

រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​បន្ត​ថា រាល់​សកម្មភាព​នៃ​ការ​ជួបជុំ ឬ ការ​ប្រមូល​ផ្តុំ​មនុស្ស ឬ សកម្មភាព​ការងារ មុខ​របរ និង​អាជីវកម្ម ដែល​ត្រូវ​បាន​អនុញ្ញាត ត្រូវ​អនុវត្ត​វិធានការ​សុវត្ថិភាព​ផែ្នក​សុខាភិបាល​ឱ្យ​បាន​ម៉ឺងម៉ាត់៕