កំពង់ស្ពឺៈ មន្ត្រី​បរិស្ថាន​ខេត្តកំពង់ស្ពឺ​ឃាត់​មនុស្ស ៦ នាក់ ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ការហ៊ុមព័ទ្ធ​យក​ដី​របស់​រដ្ឋ ក្នុង​ភូមិ​ចំការតែ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខណៈ​ពេល​ចុះទៅ​បង្ក្រាប​ដក​បង្គោលរបង និង​រុះរើ​ផ្ទះ រោង និង​ខ្ទម​អនាធិបតេយ្យ ដែល​បាន​សាងសង់​នៅ​ទីនោះ​កាលពី​ថ្ងៃទី ២៨ ខែកក្កដា។

លោក ឱម ម៉ាក់ធារី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​ថ្លែង​ពី​ម្សិលមិញ​ថា មន្ត្រី​បរិស្ថាន​ដឹកនាំ​ដោយ លោក​ សួស សុផល ​អនុប្រធាន​មន្ទីរ​ទទួលបន្ទុក​មន្ត្រី​ឧទ្យានុរក្ស ការិយាល័យ​ឧទ្យានជាតិ​គិរីរម្យ​បាន​ចុះបង្ក្រាប​ការហ៊ុមព័ទ្ធ​ដីព្រៃ​របស់​រដ្ឋ​ក្នុង​គោលបំណង​យក​ធ្វើជា​កម្មសិទ្ធិ និង​ការសាងសង់​រោង​ខ្ទម​អនាធិបតេយ្យ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​នៅ​ទីតាំង ៤ កន្លែង​ដោយ​ឃាត់​មនុស្ស ៦ នាក់​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការប្រព្រឹត្ត​បទល្មើស​ធនធានធម្មជាតិ​បន្តទៀត។

លោក​បន្តថា ក្នុងចំណោម​ទីតាំង ៤ កន្លែង​នោះ​នៅ​ទី​តាំងទី ១ មន្ត្រី​បរិស្ថាន បានកំណត់​ដឹង​អត្តសញ្ញាណ​ម្ចាស់​ទីតាំង ដោយ​ការសួរនាំ​ទៅកាន់​ស្ត្រី​ម្នាក់​ជា​អ្នកយាម​ដី​ឲ្យ​គេ​នៅ​ទីនោះ។

លោក​ថ្លែងថា៖ «មន្ត្រី​យើង​បានធ្វើ​កិច្ចសន្យា​ដើម្បី​បញ្ឈប់​ការសាងសង់​បណ្ដោះអាសន្ន​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ភូមិ​ចំការតែ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ក្នុង​ឧទ្យាន​ជាតិ​ព្រះសុរាម្រិត​កុសមៈ​គិរីរម្យ។ បើតាម​ការបញ្ជាក់​ពី​ឈ្មោះ​ ឈុំ ស្រីលាភ ភេទ​ស្រី​បានឱ្យ​ដឹងថា ទីតាំង​ខាងលើ​ម្ចាស់​មានឈ្មោះ​ ចាន់ ថុល រស់នៅ​ភ្នំពេញ» ។

ដោយឡែក ចំពោះ​ទីតាំង ៣ កន្លែង​ទៀត​ដែល​ស្ថិត​ក្នុងភូមិ​ចំការតែ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច លោក ឱម ម៉ាក់ធារី បញ្ជាក់ថា មិន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ។ បន្ទាប់ពី​បាន​ពិនិត្យ​បរិវេណ​កន្លែង​កើតហេតុ​ទាំង ៣ ទីតាំង​នោះ ឃើញ​មាន​ដាំ​បង្គោលរបង​ហ៊ុមព័ទ្ធ​ចំនួន ២ ០០០ ដើម និង​លួស​បន្លា​ចំនួន ៣ ខ្សែ​ប្រវែង ១ ៥០០ ម៉ែត្រ។ មន្ត្រី​បរិស្ថាន​បាន​ដក និង​កម្ទេចចោល នៅនឹងកន្លែង និង​បន្ត​ស្រាវជ្រាវ​រក​ជនសង្ស័យ ដើម្បី​ចាប់​យកមក​ផ្តន្ទាទោស​តាមច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ។

លោក​ថ្លែងថា៖ «ចំពោះ​ករណី​បញ្ជូនទៅ​តុលាការ​មិនទាន់​មាន​ទេ ដោយសារតែ​ធ្វើ​កិច្ចសន្យា​ ហើយ​អ្នកពាក់ព័ន្ធ​ទាំងនោះ​មិន​បាន​ប្រព្រឹត្តល្មើស​បន្តទៀត ប៉ុន្តែ​បើ​មានការ​ប្រព្រឹត្ត​ខុស​ត​ទៀត អាហ្នឹង​យើង​ចាត់ការ​តាម​ការអនុវត្ត​ជាក់ស្តែង​នៅលើ​ទីវាល» ។

បើតាម​លោក ឱម ម៉ាក់ធារី ចំពោះ​អ្នកពាក់ព័ន្ធ​ដែល​មន្ត្រី​ជំនាញ​បាន​ស្គាល់​អត្តសញ្ញាណ​ថា ជា​ម្ចាស់​ទីតាំង​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់។

លោក​ថ្លែងថា៖ «ចង់​ជម្រាបជូន​ថា កាលណា​គេ​ហៅ​មក​សួរចម្លើយ គេ​ឆ្លើយ​ហើយ ត្រូវ​សរសេរ​ក្នុង​កំណត់ហេតុ អ៊ីចឹង​ទេ អ្វី​ដែលជា​សំណុំរឿង​នឹង​បញ្ជូនទៅ​តុលាការ តុលាការ​នឹង​មើល​ទៅតាម​សំណុំរឿង​ហ្នឹង ហើយ​ក្នុង​សំណុំរឿង​ហ្នឹង ជន​ដែល​ប្រព្រឹត្ត​ហ្នឹង​ឆ្លើយ​ដាក់​អ្នកណាខ្លះ គេ​ចេញ​ដីកាកោះហៅ​អ្នក​ហ្នឹង​ទៅ អាហ្នឹង​នីតិវិធី​របស់​តុលាការ» ។

លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីជាន់ខ្ពស់​នៃ​សមាគម​អាដហុក​ថ្លែងថា រឿងរ៉ាវ​ពាក់ព័ន្ធ​ក្នុង​បញ្ហា​កាប់​រានទន្ទ្រាន​ដីព្រៃ​រដ្ឋ​កើតឡើង​ដដែលៗ ស្ទើរតែ​គ្រប់​ខេត្ត​ក្រោមរូបភាព ប្រជាពលរដ្ឋ​ចូលទៅ​កាប់​រានទន្ទ្រាន​អាស្រ័យ​ផល ហើយ​លក់​ទៅ​ឲ្យ​អ្នកមាន​លុយ​មានអំណាច ដែលមាន​ការឃុបឃិត​គ្នា​ពី​អាជ្ញាធរ​មួយចំនួន​បានចេញ​លិខិត​ទិញ-លក់។

លោក​ថ្លែងថា៖ «ប្រជាពលរដ្ឋ​នៅតែ​ទៅ​កាប់​រានទន្ទ្រាន​ដីព្រៃ​អស់ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​គ្រប់​ខេត្ត​ទាំងអស់។ អ៊ីចឹង​យើង​ឃើញថា វិធានការ​របស់​អាជ្ញាធរ​អត់​មាន​ពិតប្រាកដ ហើយដោយ​សារ​អំពើពុករលួយ​ជា​ប្រព័ន្ធ​ផង ធ្វើឲ្យ​អ្នកមាន​លុយ​មានអំណាច ប្រើប្រាស់​រូបភាពដដែលៗបាន​ជោគជ័យ» ។

ឆ្លើយតប​ចំពោះ​បញ្ហា​នេះ លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​ថ្លែងថា មន្ត្រី​ជំនាញ​ធ្វើការ​ទៅតាម​ច្បាប់ មិនមាន​ការបន្ធូរបន្ថយ​ឡើយ ប៉ុន្តែ​ការអនុវត្ត​ច្បាប់​ត្រូវ​ស្វែងរក​មេខ្លោង​នៅក្រោយ​ខ្នង​ឱ្យឃើញ​ច្បាស់​ដើម្បី​ដាក់​ទៅ​តុលាការ​ដោះស្រាយ។

លោក​ថ្លែងថា៖ «ពលរដ្ឋ​មួយចំនួន​គាត់​ទៅ​ស៊ីឈ្នួល​គេ ដោយ​មិនបាន​ដឹងថា បញ្ហា​ផ្លូវច្បាប់​យ៉ាងណាទេ ហេតុនេះ​យើង​ត្រូវឱ្យ​គាត់​ធ្វើ​កិច្ចសន្យា​ដឹង​ពី​កំហុស មិនមែន​ឲ្យ​តែ​ឃើញ​ចាប់ ឃើញ​ចាប់​នោះទេ យើង​ពិនិត្យមើល​ជាក់ស្តែង​ និង​ទុក​ឱកាស​ឱ្យ​គាត់​បាន​កែខ្លួន​ផង»៕

វីដេអូ៖