The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វិធី​ដែល​រាជរដ្ឋាភិបាល​អាច​ការពារ​ប្រជាជន​ និង​បន្ថែម​ប្រាក់ចំណូល




វិធី​ដែល​រាជរដ្ឋាភិបាល​អាច​ការពារ​ប្រជាជន​ និង​បន្ថែម​ប្រាក់ចំណូល

Content image - Phnom Penh Post

វិធី​ដែល​រាជរដ្ឋាភិបាល​អាច​ការពារ​ប្រជាជន​ និង​បន្ថែម​ប្រាក់ចំណូល

ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ ១៩ បាន​ធ្វើឱ្យ​គ្រួសារ សេដ្ឋកិច្ច និង​ប្រទេស​ជាតិ​ស្ថិតនៅក្រោម​សម្ពាធ​យ៉ាងខ្លាំង។ ការការពារ​សុខភាព​សាធារណៈ និង​ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស​គឺមាន​សារៈសំខាន់ និង​បន្ទាន់​បំផុត​ដែល​មិន​ធ្លាប់មាន។

ការជក់បារី​គឺជា​កត្តា​ហានិភ័យ​មួយ​ចំពោះ​អ្នកជំងឺ​កូវីដ ១៩ កាន់តែ​ធ្ងន់ធ្ងរ ដូច្នេះ​ការឈប់​ជក់បារី​នៅពេល​ឥឡូវនេះ​គឺជា​ឱកាស​មួយ ដែល​វា​នឹង​ជួយ​កាត់បន្ថយ​បញ្ហា​សុខភាព និង​ការចំណាយ​សេដ្ឋកិច្ច​សង្គម។ ប៉ុន្តែ​ជា​អកុសល​ប្រជាជន​កម្ពុជា​ប្រមាណ ១,៧ លាន​នាក់​នៅតែ​ខ្ជះខ្ជាយ​ប្រាក់​ដែល​ពួកគេ​រកបាន​ទៅលើ​ការជក់បារី ខណៈ​បារី​នៅតែ​មាន​តម្លៃថោក​នៅឡើយ។

តម្លៃ​បារី​ជា​មធ្យម​នៅក្នុង​ប្រទេស​កម្ពុជា​គឺ (១,៤២ ដុល្លារ​ក្នុង ១ កញ្ចប់) គឺជា​អត្រា​ទាប​បំផុត​ទី ៤ នៅលើ​ពិភពលោក ហើយ​ពន្ធ​ថ្នាំជក់​មាន​ត្រឹមតែ ២៩ ភាគរយ​ប៉ុណ្ណោះ​នៃ​តម្លៃ​លក់រាយ​បើ​ប្រៀបធៀប​នឹង​តម្លៃ​ជា​មធ្យម​ស្ទើរតែ ៥០ ភាគរយ​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដទៃ​ទៀត។

ជាការ​ពិតណាស់ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ឱ្យ​ប្រទេស​ទាំងអស់​បង្កើន​ចំណែក​ពន្ធ​យ៉ាងហោចណាស់ ៧៥ ភាគរយ​នៃ​តម្លៃ​បារី​លក់រាយ។

ប្រាកដ​ណាស់ ឧស្សាហកម្ម​ថ្នាំ-ជក់ មិន​ចង់ឱ្យ​ប្រជាជន​កម្ពុជា​ឈប់​ជក់បារី​នោះទេ ពីព្រោះ​វា​អាចធ្វើឱ្យ​បាត់បង់​ប្រាក់ចំណេញ​របស់​ខ្លួន។ ដូច្នេះ​ដើម្បី​ធានាថា ប្រជាជន​នៅតែ​បន្ត​ការជក់បារី​ក្នុង​អំឡុងពេល​មាន​ជំងឺ​រាតត្បាត​នេះ ក្រុមហ៊ុន​ថ្នាំជក់​ជាច្រើន ដូចជា​ក្រុមហ៊ុន Japan Tobacco International (JTI) កំពុង​ជំទាស់​នឹង​កំណែទម្រង់ពន្ធ ឬ​ដំឡើង​ពន្ធ ដែល​អាចធ្វើឱ្យ​បារី​មាន​តម្លៃ​ថ្លៃ។

ការផ្លាស់ប្តូរ​ពន្ធ​បែបនេះ​គឺ​ចាំបាច់​នៅក្នុង​ប្រទេស​កម្ពុជា​ជាពិសេស​គឺ​ដើម្បី​ការពារ​យុវជន​ និង​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ទទួលរង​ផលប៉ះពាល់​ខ្លាំង​បំផុត​ដល់​សុខភាព និង​បន្ទុក​សេដ្ឋកិច្ច​នៃ​ជំងឺ​ដែល​បណ្តាលមកពី​ការជក់បារី។

ផ្ទុយទៅវិញ​ក្រុមហ៊ុន​ថ្នាំជក់​បានស្នើសុំ​ការដំឡើង​ពន្ធ​តិចតួច ហើយ​បំភ័យ​រដ្ឋាភិបាល​ថា ការបង្កើន​ពន្ធ​ច្រើន​អាចធ្វើឱ្យ​ការលួចលាក់​នាំចូល​កាន់តែ​អាក្រក់​ទៅៗ។

ឧស្សាហកម្ម​ថ្នាំជក់​ថែមទាំង​បាន​អះអាងថា បារី​ខុសច្បាប់​គឺមាន​គ្រោះថ្នាក់​ជាង​បារី​ស្របច្បាប់។ តាមពិត​បារី​ស្របច្បាប់​គឺមាន​គ្រោះថ្នាក់​ដូច​បារី​ខុសច្បាប់​ដែរ។ នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​មិន​គិតពី​ខុសច្បាប់ ឬ​ស្របច្បាប់ បារី​បាន​សម្លាប់​មនុស្ស​ប្រមាណ ១៥ ០០០ នាក់​ជា​រៀងរាល់​ឆ្នាំ។

តើ​មានការ​ជាប់ទាក់ទង​គ្នា​ដែរឬទេ​រវាង​អត្រាពន្ធ​ខ្ពស់ និង​ពាណិជ្ជកម្ម​ខុសច្បាប់?

ករណី​វិនិយោគ​សម្រាប់​ការត្រួតពិនិត្យ​ថ្នាំជក់​នៅក្នុង​ប្រទេស​កម្ពុជា​បាន​រកឃើញថា មាន​បារី​ចំនួន ១៨,៥ លាន​កញ្ចប់ ត្រូវបាន​លួចលាក់​នាំចូល​ខុសច្បាប់​នៅក្នុង​ឆ្នាំ ២០១៧ ដែល​តំណាងឱ្យ ៦,៩ ភាគរយ​នៃ​ទីផ្សារ​បារី​នៅ​កម្ពុជា។

នេះ​គឺ​ទាប​ជាង​មធ្យមភាគ ១១ ភាគរយ ឬ​ទាប​ជាង​នេះ បើ​ប្រៀបធៀប​នឹង​ប្រទេសជិតខាង​របស់​កម្ពុជា​មួយចំនួន។ នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជា​នៅ​ប្រទេស​ផ្សេងទៀត​ដែរ ពាណិជ្ជកម្ម​ខុសច្បាប់​អាច​ត្រូវបាន​គ្រប់គ្រង​បានល្អ​តាមរយៈ​ការត្រួតពិនិត្យ​របស់​រដ្ឋាភិបាល​កាន់តែ​តឹងរ៉ឹង​ទៅលើ​ខ្សែចង្វាក់​ផ្គត់ផ្គង់​ថ្នាំជក់​រួមទាំង​ក្រុមហ៊ុន​ផលិត​បារី​ធំៗ។

អ្នក​នៅក្នុង​ឧស្សាហកម្ម​នេះ​បានឱ្យដឹងថា ការធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់​ចំនួន ៦០ ភាគរយ​នៅ​ប្រទេស​ម៉ាឡេស៊ី​ត្រូវបាន​ប៉ាន់​ស្មានថា ធ្វើឡើង​ដោយ​ឧស្សាហកម្ម​ថ្នាំជក់​ ដើម្បី​កុំឱ្យ​រដ្ឋាភិបាល​ផ្សេងទៀត​ដំឡើង​ពន្ធ។ ប៉ុន្តែ​ការប៉ាន់ស្មាន​នេះ​មិន​ត្រូវបាន​គាំទ្រ​ដោយ​ទិន្នន័យ​ដែលមាន​តម្លាភាព​ទេ។ សំខាន់​ជាងនេះទៅទៀត​ប្រទេស​ម៉ាឡេស៊ី មិនបាន​ដំឡើង​ពន្ធ​ថ្នាំជក់​ទេ ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លងមកនេះ ខណៈ​ការលួចលាក់​នាំចូល​នៅតែ​បន្ត។ ពិតណាស់​ទីផ្សារ​ខុសច្បាប់​ដែល​រីករាលដាល​ដោយ​ឧស្សាហកម្ម​ថ្នាំជក់ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​មិន​គាំទ្រ​ការយល់ឃើញ​ថា​ពន្ធ​ខ្ពស់​គឺជា​ហេតុផល​នៃ​ការលួចលាក់​នាំចូល​នោះទេ។

ប្រទេស​ជាច្រើន​ដែល​បាន​ដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​ដូចជា​ប្រទេស​សិង្ហបុរី អូស្ត្រាលី និង​ហ្វីលីពីន គឺ​កំពុង​ទទួលបាន​ចំណូល​ខ្ពស់ និង​ជួយ​កាត់បន្ថយ​ការជក់បារី​ ទោះបីជា​បារី​ខុសច្បាប់​នៅតែមាន​នៅក្នុង​ទីផ្សារ​របស់​ពួកគេ​ក៏ដោយ។ ការទទួលបាន​ប្រាក់ចំណូល​ខ្ពស់ជាង​នេះ​អាច​យកទៅ​វិនិយោគ​ក្នុង​វិធានការ​កាន់តែ​រឹងមាំ​ដើម្បី​បង្ក្រាប​ការជួញដូរ​ថ្នាំជក់​ខុសច្បាប់ ក៏ដូចជា​ជួយ​កាត់បន្ថយ​ការជក់បារី។ បណ្តា​ប្រទេស​ដែល​វិនិយោគ និង​អនុវត្ត​ការគ្រប់គ្រង​ខ្សែចង្វាក់​ផ្គត់ផ្គង់​ល្អ បាន​ជួយ​ឱ្យ​ការជួញដូរ​បារី​ខុសច្បាប់​ធ្លាក់ចុះ។

ទោះបីជា​ក្រុមហ៊ុន​ថ្នាំជក់​តែង​រអ៊ូរទាំ​ថា ការដំឡើង​ពន្ធ​បាន​ធ្វើឱ្យ​ការលួច​នាំចូល​កើនឡើង​ក្តី ក៏​គម្រោង Organized Crime and Corruption Reporting Project បានបង្ហាញ​អំពី​ភាពស្មុគស្មាញ​របស់ JTI ក្នុងការ​លួចលាក់​នាំចូល​ផលិតផល​របស់ខ្លួន​រួមទាំង «គំរូ​នៃ​ការលួចលាក់​នាំចូល» របស់​និយោជក JTI និង​អ្នក​ចែកចាយ​ និង​សកម្មភាព​ជាច្រើន​ទៀត​នៃប្រតិបត្តិ​របស់ JTI ដើម្បី​រារាំង​ការស៊ើបអង្កេត​នៃ​ការនាំចូល​លួចលាក់​ខុសច្បាប់។

ការសិក្សា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ខុសច្បាប់​របស់​សហគមន៍​អឺរ៉ុប​ជាមួយ​ក្រុមហ៊ុន​ថ្នាំជក់ ពហុសាសន៍​ធំៗ​ចំនួន ៤ រួមទាំង​ក្រុមហ៊ុន​ JTI ផងដែរ បាន​រកឃើញ​ពី​កង្វល់​ធំៗ​ចំនួន ៣ គឺៈ

១- កិច្ចព្រមព្រៀង​ខ្វះ​តម្លាភាព។

២- ការបង់ប្រាក់​មាន​ចំនួន​តិច ដែល​មិនបាន​ឆ្លុះបញ្ចាំង​អំពី​ទំហំ​ទីផ្សារ​ខុសច្បាប់ ដែល​សំអាង​លើ​ផលិតផល​ពិតប្រាកដ​របស់​ក្រុមហ៊ុន។

៣. ប្រព័ន្ធ «Codentify» របស់​ឧស្សាហកម្ម​នេះ​មិន​បំពេញ​តាម​តម្រូវការ​ និង​ការតាមដាន​ដែលមាន​ចែង​ក្នុង​មាត្រា ៨ នៃ​ពិធីសារ​ស្តីពី​ការលុបបំបាត់​ពាណិជ្ជកម្ម​ខុសច្បាប់ ផលិតផល​ថ្នាំជក់។

ច្បាស់​ណាស់​ថា ការសហការ​ជាមួយ​ឧស្សាហកម្ម​នេះ ដើម្បី​បង្ក្រាប​ការរត់ពន្ធ​ថ្នាំជក់​ខុសច្បាប់​គឺ​សម្រួល​ដល់​ការអនុត្ត​ច្បាប់​របស់​រដ្ឋាភិបាល។ ម្យ៉ាងវិញទៀត​ការដំឡើង​ពន្ធ​ថ្នាំជក់​នឹង​ជួយ​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ ក៏ដូចជា​ជួយ​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ឱ្យមាន​ប្រាក់ចំណូល និង​ទំហំ​សារពើពន្ធ​សម្រាប់​រដ្ឋាភិបាល​កាន់តែ​ខ្ពស់។ ប៉ុន្តែ​ទោះយ៉ាងណា រដ្ឋាភិបាល​បាន​បាត់បង់​ចំណូល​កាន់តែ​ច្រើន ដោយសារ​មិន​អនុវត្ត​អត្រា​យកពន្ធ​ឱ្យបាន​ខ្ពស់ និង​ធ្វើឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន។

តើ​អ្វី​ជា​រចនាសម្ព័ន្ធ និង​អត្រាពន្ធ​ថ្នាំជក់​ដែល​សម​ហេតុផល?

ការអនុវត្ត​ជា​អន្តរជាតិ​ល្អ​បំផុត គឺ​មាត្រា ៦ (WHO FCTC Article 6 Guidelines) របស់​អង្គការ​សុខភាព​ពិភពលោក ដែល​ផ្តល់​អនុសាសន៍​ថា​នៅពេល​កំណត់​អត្រាពន្ធ រដ្ឋាភិបាល​គួរតែ​គិតគូរ​អំពី​តម្លៃ អតិផរណា និង​គោលដៅ​សុខភាព​សាធារណៈ​ ដើម្បី​ធ្វើឱ្យ​ផលិតផល​ថ្នាំជក់​មាន​តម្លៃ​ថ្លៃ។

ទន្ទឹមនឹង​នេះដែរ រដ្ឋាភិបាល​គួរតែ​អនុវត្ត​ប្រព័ន្ធ​ជាក់លាក់​ ឬ​ចម្រុះ ដើម្បី​លើកកម្ពស់​សុខុមាលភាព​ និង​បង្កើត​ប្រាក់ចំណូល ខណៈដែល​ត្រូវ​ចៀសវាង​ទាំងស្រុង​នូវ​ប្រព័ន្ធ «tiered and ad valorem» ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ក្រុមហ៊ុន​ផលិត​ ប៉ុន្តែ​ជា​គុណវិបត្តិ​ចំពោះ​រដ្ឋាភិបាល។

ការសិក្សា​លើ​ប្រព័ន្ធ​ពន្ធ​របស់​កម្ពុជា​នាពេល​ថ្មីៗ​នេះ​បានបង្ហាញ ថា​ចំណូល​ពន្ធ​រដ្ឋ​របស់​រដ្ឋាភិបាល​អាចមាន ៤៤៣ ភាគរយ​ខ្ពស់ជាង និង​បន្ថែម​ចំនួន ៨១៩,៩ ពាន់​លាន​រៀល (១៩៨,២ លាន​ដុល្លារ​អាមេរិក) ទៅលើ​ពន្ធ​ដែល​ប្រមូល​បាន​ក្នុង​ឆ្នាំ ២០១៩-២០២០ ប្រសិនបើ​កម្ពុជា​ប្តូរ​ទៅប្រើ​ប្រព័ន្ធ​ពន្ធ​ថ្នាំជក់​ចម្រុះ និង​បង្កើន​អត្រាពន្ធ​ចាប់តាំងពី ឆ្នាំ ២០១៩។

នៅក្នុង​ប្រទេស​ហ្វីលីពីន ប្រព័ន្ធពន្ធ (valorem and multi-tiered ) ដែល​ត្រូវបាន​ណែនាំ​ដោយ​ក្រុមហ៊ុន​ថ្នាំជក់ នាំឱ្យ​មាន​ការធ្លាក់ចុះ​នៃ​ការប្រមូល​ប្រាក់ចំណូល និង​អត្រា​ការជក់បារី​កើនឡើង។

កំណែ​ទម្រង់ពន្ធ (2012 Sin Tax Reform) បាន​ធ្វើឱ្យ​រចនាសម្ព័ន្ធ​ពន្ធ​ថ្នាំជក់​កាន់តែ​សាមញ្ញ និង​បាន​ដំឡើង​អត្រាពន្ធ​ជាក់លាក់។ ជា​លទ្ធផល ការប្រមូល​ពន្ធ​ថ្នាំជក់​កើនឡើង​ទ្វេដង​ក្នុង​ឆ្នាំ​ដំបូង​នៃ​ការអនុវត្ត ដែល​បាន​ជំរុញ​យ៉ាងខ្លាំង​ដល់​ថវិកា​របស់​វិស័យ​សុខាភិបាល និង​ឧបត្ថម្ភធន​ដល់​ធានារ៉ាប់រង​សុខភាព​ជាតិ​ដែល​ជា​ផ្នែក​មួយ​នៃ​ការធានារ៉ាប់រង​សុខភាព​ជា​សកល សម្រាប់​ប្រជាជន​ក្រីក្រ ហើយ​អត្រា​នៃ​ការជក់បារី​ក៏​បាន​ធ្លាក់ចុះ​គួរឱ្យ​កត់សម្គាល់​ផងដែរ។

ការរៀនសូត្រ​ពី​ប្រទេស​ហ្វីលីពីន​ប្រទេស​កម្ពុជា​អាច​ផ្លាស់ប្តូរ​ទៅរក​រចនាសម្ព័ន្ធ​ពន្ធ​ជាក់លាក់ ឬ​ចម្រុះ​បង្កើន​អត្រាពន្ធ​ដល់​កម្រិត​មួយ​ដែល​អាច​កាត់បន្ថយ​លទ្ធភាព​ជក់បារី​របស់​ប្រជាជន​កម្ពុជា និង​ពង្រឹង​រដ្ឋបាល​ពន្ធ ដើម្បីឱ្យ​រដ្ឋាភិបាល​អាច​ប្រមូលបាន​ប្រាក់ចំណូល​ខ្ពស់ និង​ជួយសង្គ្រោះ​ជីវិត​ប្រជាជន​កម្ពុជា​រាប់ពាន់នាក់។ និន្នាការ​ច្បាស់លាស់​ជា​អន្តរជាតិ គឺ​សម្រាប់​ប្រទេស​នានា​ ដើម្បី​ដាក់​ចេញពី​ប្រព័ន្ធ​ពន្ធ (ad valorem or tiered)។

តើ​ឧស្សាហកម្ម​ថ្នាំជក់​ផ្តល់​ផលវិជ្ជមាន​ដល់​ប្រទេស​កម្ពុជា​ដែរឬទេ?

ឧស្សាហកម្ម​ថ្នាំជក់​គឺ​មិន​ដូច​ឧស្សាហកម្ម​ផ្សេងទៀត​ទេ។ ផលិតផល​របស់​វា​មាន​សារធាតុ​ញៀន និង​បង្ក​គ្រោះថ្នាក់​ដល់​សង្គម ជាពិសេស​ពលរដ្ឋ​ក្រីក្រ។ ចំណូល​ពន្ធ​ និង​ឱកាស​ការងារ​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​ថ្នាំជក់​គឺ​តិចតួច បើ​ប្រៀបធៀប​នឹង​ការខាតបង់​សេដ្ឋកិច្ច​សង្គម​ និង​បរិស្ថាន ដែល​រដ្ឋាភិបាល​ត្រូវ​ចំណាយ​ដោយសារ​តែ​ការញៀន​ថ្នាំជក់។

នៅក្នុង​ឆ្នាំ ២០១៦ ការចំណាយ​លើ​ការថែទាំ​សុខភាព​ដោយផ្ទាល់​ទៅលើ​ជំងឺ​ទាក់ទង​នឹង​ថ្នាំជក់​មាន​ចំនួន ២៣៧,២ ប៊ីលាន​រៀល ខណៈ​ដែល​ការចំណាយ​ដោយ​ប្រយោល​ឈានដល់ ១,៩ ទ្រីលានរៀល ដោយសារ​តែ​បាត់បង់​ផលិតភាព ពិការភាព និង​ជំងឺផ្សេង។ ឧស្សាហកម្ម​នេះ​កំពុង​ប្លន់​រដ្ឋាភិបាល​និង​សង្គម ដោយ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាជន និង​មិន​បង់ពន្ធ​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​ឆ្លើយតប​ចំពោះ​ការចំណាយ​ដែល​បាន​ជះឥទ្ធិពល​ដល់​មនុស្ស​គ្រប់គ្នា។

រដ្ឋាភិបាល​កម្ពុជា​គួរតែ​មាន​ការប្រុងប្រយ័ត្ន​នៅពេល​ក្រុមហ៊ុន​ថ្នាំជក់​បញ្ចុះបញ្ចូល​លើ​បញ្ហា​នេះ ពីព្រោះ​ចំណាប់អារម្មណ៍​តែ ១ គត់​របស់​ពួកគេ គឺ​ការពារ​ប្រាក់ចំណេញ​របស់​ពួកគេ​តែប៉ុណ្ណោះ៕

ប្រភព៖ Southeast Asia Tobacco Control Alliance and Research on Economics of Excisable Products (REEP), University of Cape Town, South Africa

អត្ថបទគួរចាប់អារម្មណ៍