ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹក​ជញ្ចូន បាន​ផ្លាស់​ប្តូរ​ម៉ោង​ធ្វើ​ការ នៅ​តាម​មណ្ឌល​ផ្តល់​សេវា​សាធារណៈ​ចំនួន ៣ កន្លែង​ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ខណៈ​ស្ថាប័ន​នេះ អំពាវនាវ​ឱ្យ​មន្ត្រី​របស់​ខ្លួន នាំ​សាច់​ញាតិ ដែល​មាន​អាយុ​ក្រោម ១៨ ឆ្នាំ មក​ចាក់​វ៉ាក់សាំង។

ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ និង ដឹកជញ្ចូន បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ២៩ កក្កដាថា មណ្ឌល​ផ្តល់​សេវា​សាធារណៈចំនួន ៣ កន្លែង ដែល​ត្រូវ​ផ្លាស់​ប្តូរ​ម៉ោង​ធ្វើ​ការ​បណ្តោះ​អាសន្ន​នេះ គឺ​មាន​មណ្ឌល​ផ្តល់​សេវាសាធារណៈ អ៊ីអន​១ អ៊ីអន​២ និង​មណ្ឌល​ផ្តល់​សេវាសាធារណៈ​ជីបម៉ុង ណូរ៉ូមល។

ម៉ោង​ធ្វើ​ការ​ធម្មតា នៅ​តាម​មណ្ឌល​ផ្តល់​សេវាសាធារណៈ ចំនួន ៣ កន្លែង​នេះ គឺ​ចាប់​ពី​ម៉ោង ៩ ព្រឹក ដល់​ម៉ោង ១០ យប់។

ក្រសួង​បាន​បញ្ជាក់​ថា៖ «បាន​ផ្លាស់​ប្តូរ​ម៉ោង​ធ្វើ​ការ​ជា​បណ្តោះ​អាសន្ន ទៅ​ម៉ោង​ ៩:០០ ព្រឹក​ដល់ ម៉ោង​ ៨:០០ យប់ រយៈពេល ១៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៣០ កក្កដា ២០២១ នេះ​ត​ទៅ ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩»។

ជាមួយគ្នា​នេះ ក្រសួង​ក៏​បាន​ណែនាំ​ឲ្យ​មន្រ្តី​របស់​ខ្លួន​នាំ​សាច់​ញាតិ​កូន​ចៅ មក​ទទួល​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ ១៩ តាម​រយៈ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ (ស៊ីណូវ៉ាក់) ចំពោះ​ប្រជាជន ដែល​មាន​អាយុ​ពី ១២ ឆ្នាំ ដល់​អាយុ​ក្រោម ១៨ ឆ្នាំ​ចាប់​ពី​ថ្ងៃ​ទី​ ០៨ ខែ​សីហា ឆ្នាំ ២០២១ ត​ទៅ​ផងដែរ។

ក្រសួង​សាធារណការ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​ថា ចំពោះ​ថ្នាក់​ដឹក​នាំ​ក្រសួង ជា​រដ្ឋ​លេខាធិការ ឬ​ទី​ប្រឹក្សា​ក្រសួង មាន​ឋានៈ​ស្មើ​រដ្ឋ​លេខាធិការ សូម​អញ្ជើញ​នាំ​សាច់​ញាតិ​កូន​ចៅ ទៅ​ទទួល​ការ​ចាក់​វ៉ាកសាំង​កូវីដ​១៩ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត។

ចំណែក​ថ្នាក់​ដឹក​នាំ​ក្រសួង​ជា​អនុរដ្ឋ​លេខាធិការ អគ្គនាយក អគ្គនាយករង ឬ​ទី​ប្រឹក្សា​ក្រសួង​មាន​ឋានៈ​ស្មើ អនុរដ្ឋ​លេខាធិការ សូម​អញ្ញើញ​នាំ​សាច់​ញាតិ​កូន​ចៅ​ទៅ​ទទួល​ចាក់​វ៉ាក់សាំង​កូវីដ ១៩ នៅ​មន្ទីរ​ពេទ្យ​ព្រះ​អង្គ​ឌួង និង​លោក-លោកស្រី​ជា​បុគ្គលិក​រាជការ ដែល​មាន​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន អនុ​ប្រធាន​នាយកដ្ឋាន​ទី​ប្រឹក្សា​ក្រសួង ប្រធាន​ការិយាល័យ​អនុប្រធាន​ការិយាល័យ បុគ្គលិក​ក្រប​ខ័ណ្ឌ និង បុគ្គលិក​ជាប់​កិច្ច​សន្យា សូម​អញ្ជើញ​នាំ​សាច់​ញាតិ​កូន​ចៅ​ទៅ​ទទួល​ការ​ចាក់​វ៉ាក​សាំង​កូវីដ​១៩ នៅ មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ភ្នំពេញ (វត្ត​ភ្នំ) ឬ មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក៕