ភ្នំពេញៈ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រាប់​កុំ​ឲ្យ​ពលករ​ខ្មែរ ដែល​កំពុង​រស់នៅក្នុង​ប្រទេស​ថៃ សូមកុំ​ចល័ត ឬ​វិល​ត្រឡប់មក​កម្ពុជា ក្នុងពេលដែល​កំពុងតែ​មានការ​ផ្ទុះ​ឆ្លង​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ ១៩ នាពេលនេះ ព្រោះ​អាជ្ញាធរ​ថៃ នឹង​ចាត់វិធានការ​តឹងរ៉ឹង​ចំពោះ​អ្នក​ដែល​ល្មើស​នឹង​បម្រាម។

ការប្រកាស​យ៉ាង​ដូច្នេះ​បាន​ធ្វើឡើង បន្ទាប់ពី​ស្ថានភាព​ឆ្លង​រីករាលដាល​ជំងឺ​កូវីដ ១៩ ក្នុងប្រទេស​ថៃ​មាន​សន្ទុះ​ខ្លាំងក្លា ធ្វើឲ្យ​ពលករ​ខ្មែរ​ជាច្រើន​បាន​សម្រុក​មក​កម្ពុជា​វិញ ដោយមាន​អ្នកខ្លះ​បាន​ឆ្លង​នូវ​ជំងឺ​កូវីដ ១៩ បំប្លែង​ថ្មី ចូល​កម្ពុជា។

លោក ហេង សួរ បាន​សរសេរ​នៅលើ​បណ្តាញ​ហ្វេសប៊ុក​របស់លោក​កាលពី​ថ្ងៃទី ២៩ កក្កដា​ថា ចាប់ពី​ម៉ោង​នេះ​តទៅ សូម​បងប្អូន​ពលករ​ខ្មែរ ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ទាំងអស់ កុំ​ចល័ត​ចេញពី​កន្លែង ដែល​ខ្លួន​កំពុង​ស្នាក់នៅ​ឆ្ពោះ​មក​ព្រំដែន​កម្ពុជា-ថៃ។

លោក​បញ្ជាក់ថា បើទោះបីជា​បងប្អូន​មាន​ធុរៈ​ចាំបាច់ ឬ​ចប់​ការងារ​ត្រូវ​វិលត្រឡប់​មកវិញ ក៏​ត្រូវ​ពន្យារពេល​យ៉ាងហោចណាស់​ដល់​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១។

ការធ្វើ​អះអាង​យ៉ាង​ដូច្នេះ ដោយ​លោក​បាន​បញ្ជាក់ថា៖ «ចំពោះមុខ ប្រសិនជា​បងប្អូន​ធ្វើដំណើរ​មក​ព្រំដែន​កម្ពុជា-ថៃ តាម​មធ្យោបាយ​ណាក៏ដោយ គឺ​បងប្អូន​នឹងត្រូវ​អាជ្ញាធរ​មានសមត្ថកិច្ច​ថៃ តម្រូវ​ឱ្យ​ធ្វើដំណើរ​វិល​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ។ ម្ចាស់​រថយន្ត ឬ​មេខ្យល់ ដែល​ដឹកជញ្ជូន​ពលករ គឺ​ល្មើស​នឹង​បម្រាម​របស់​អាជ្ញាធរ​ថៃ ដូច្នេះ​ត្រូវ​ប្រឈម​នឹង​ការចាត់វិធានការ​ច្បាប់​ផងដែរ»។

លោក លឹម សុផុន ក្រុមការងារ​នៃ​អង្គការ​សង់ត្រាល់ ប្រចាំ​ប្រទេស​ថៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៣០ កក្កដា​ថា ក្នុង​ពេលនេះ​សន្ទុះ​នៃ​ការវិលត្រឡប់​របស់​ពលករ​ខ្មែរ​ចូល​ប្រទេស គឺ​ពិតជា​មាន​ភាពខ្លាំងក្លា​ខ្លាំងណាស់។

លោក​បន្តថា ពលករ​ខ្មែរ​បាន​ធ្វើការ​ចល័ត​ទីតាំង ជាពិសេស​សម្រុក​មក​តាម​ព្រំដែន​កម្ពុជា ថៃ ដើម្បី​បាន​ចូលក្នុង​ប្រទេស​វិញ។

ប៉ុន្តែ​ពួកគេ​មិនបាន​ដឹងថា ការវិលត្រឡប់​បែបនេះ គឺ​ប្រឈម​នឹង​គ្រោះ​ខ្លាំង​ប៉ុនណា​នោះទេ។

លោក​បាន​រៀបរាប់​ថា៖ «ពួកគាត់​ភាគច្រើន​សម្រុក​ទៅ​ពេលយប់ តាមរយៈ​មេខ្យល់ ដោយសារ​តែ​ពួកគេ​បារម្ភ​ពី​ស្ថានភាព​នៅក្នុង​ប្រទេស​ថៃ ដែលមាន​ការឆ្លងខ្លាំង។ ពេលមកដល់​ព្រំដែន ពួកគាត់​មិនបាន​ដឹងថា ព្រំដែន​មាន​ការរឹតបន្តឹង​ទេ ហើយ​នាំឲ្យ​ពលករ​ខ្មែរ វិលវល់​មិនដឹង​ទៅណា ហើយ​ពិបាក​រក​កន្លែង​ស្នាក់ទៀត»។

កាលពី​ពាក់កណ្តាល​ខែ​កក្កដា កម្ពុជា​បាន​ប្រកាស​រកឃើញ​វីរុស​បំប្លែង​ថ្មី Delta ចំនួន ៣៧ ករណី​ថ្មី​ទៀត​ដោយ​ក្នុងនោះ​មាន ១៣ នាក់ ជា​ពលករ​ខ្មែរ ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​តាម​ច្រក​អូរបីជាន់ និង​អូស្មាច់។

ចំណែក ២១ នាក់​ទៀត គឺជា​ពលរដ្ឋ​ខ្មែរ ដែល​ត្រលប់​មកពី​ប្រទេស​ថៃ​ដូចគ្នា ដោយមាន​អ្នកខ្លះ​ចូលមក​តាម​ច្រក​ប៉ោយប៉ែត និង​ច្រក​ម៉ាឡៃ ខណៈ ៣ នាក់​ទៀត គឺជា​ជនជាតិ​ឥណ្ឌូនេស៊ី ដែល​មកដល់​កម្ពុជា​តាម​អាកាសយានដ្ឋាន។

កម្ពុជា​បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​វីរុស​កូវីដ ១៩ បំប្លែង​ថ្មី ប្រភេទ B.1.617.2 (Delta) សរុប​ចំនួន ៧៥ នាក់​ដែល​សុទ្ធតែ​ជា​ករណី​នាំចូល​គិត​ចាប់ពី​ថ្ងៃទី ៣១ ខែ​មីនា ឆ្នាំ ២០២១ រហូតដល់​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១៕