ភ្នំពេញៈ ក្រសួង​សុខាភិបាល​អនុញ្ញាត​ឱ្យ​ខេត្ត​ចំនួន ២២ អាច​ព្យាបាល​អ្នកជំងឺ​កូវីដ ១៩ កម្រិត​ស្រាល និង​គ្មាន​រោគសញ្ញា​នៅតាម​ផ្ទះ​របស់​អ្នកជំងឺ​ទាំងនោះ។

ប្រកាស​ក្រសួង​សុខាភិបាល​ចុះ​ថ្ងៃទី ២៩ ខែកក្កដា បញ្ជាក់ថា៖ «ត្រូវ​បានដាក់​ឱ្យប្រើ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវីដ ១៩ កម្រិត​ស្រាល និង​គ្មាន​រោគសញ្ញា​នៅតាម​ផ្ទះ ដែលជា​ឧបសម្ព័ន្ធ​នៃ​ប្រកាស​នេះ​ក្នុង​ភូមិសាស្ត្រ​ខេត្ត [ចំនួន ២២]»។

ខេត្ត​ទាំង ២២ នោះ​រួមមាន បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង កោះកុង ព្រះសីហនុ កំពត កែប តាកែវ កំពង់ស្ពឺ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រៃវែង និង​ស្វាយរៀង។

ប្រកាស​ក្រសួង​បញ្ជាក់ថា៖ «អភិបាល​នៃ​គណៈអភិបាលខេត្ត ត្រូវ​ពិនិត្យ និង​រៀបចំ​លក្ខណសម្បត្តិ និង​ពេលវេលា​សមស្រប ដើម្បី​ដាក់ឱ្យ​ដំណើរការ​ព្យាបាល​អ្នកជំងឺ​កូវីដ ១៩ កម្រិត​ស្រាល និង​គ្មាន​រោគសញ្ញា​នៅផ្ទះ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​នីមួយៗ»៕