ភ្នំពេញៈ ក្នុង​ទិវា​ឧទ្យានុរក្ស​ពិភពលោក នៅ​ថ្ងៃទី ៣១ កក្កដា ក្រសួងបរិស្ថាន​បានបង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​មន្ដ្រី​ឧទ្យានុរក្ស​ក្នុង​ការថែរក្សា​ធនធាន​ធម្មជាតិ តាមរយៈ​ការបញ្ចេញ​សារ​រូបភាព​បទ​យកការណ៍​ពី​ជីវិត​ឧទ្យានុរក្ស និង​ការប្តូរ​រូប​ប្រូហ្វាល​ហ្វេសប៊ុក​ជាដើម​ ខណៈ ៨ ឆ្នាំ​ចុងក្រោយ​នេះ​មាន​មន្ត្រី​ឧទ្យានុរក្ស ២ រូប​បាន​ស្លាប់​ ដោយសារ​តែ​ក្រុម​ជនល្មើស​បាញ់ និង​ជាច្រើន​នាក់​ទៀត រងរបួស​អំឡុង​បំពេញ​បេសកកម្ម។

លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ នៅ​ថ្ងៃទី ២៨ ខែកក្កដា​ថា ទិវា​ឧទ្យានុរក្ស​ពិភពលោក​ត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី ៣១ ខែកក្កដា ដើម្បី​រំឭក​ដល់​មន្ត្រី​ឧទ្យានុរក្ស ដែល​ត្រូវបាន​សម្លាប់​ ឬ​រងរបួស​ក្នុង​បេសកកម្ម​នៃ​កាតព្វកិច្ច​ការពារ​បរិស្ថាន អភិរក្ស​ធនធាន​ធម្មជាតិ និង​ដើម្បី​អបអរសាទរ​ការងារ​មន្ត្រី​ឧទ្យានុរក្ស​ដែល​បាន​លះបង់​កម្លាំងកាយ​កម្លាំង​ចិត្ត​បំពេញការងារ ដើម្បី​ការពារ​បេតិកភណ្ឌ​ធម្មជាតិ និង​វប្បធម៌​របស់​ពិភពលោក។

លោក​បាន​ថ្លែងថា៖ «ក្នុង​រយៈពេល ៨ ឆ្នាំ​ចុងក្រោយ​នេះ​មាន​មន្ត្រី​ឧទ្យានុរក្ស​ចំនួន ២ រូប​បាន​ទទួល​រងគ្រោះថ្នាក់​ដល់​ជីវិត​​ ដោយសារ​តែ​ក្រុម​ជនល្មើស​បាន​បាញ់សម្លាប់ និង​ជាច្រើន​នាក់​ទៀត​រងរបួស​ក្នុងអំឡុង​បំពេញ​បេសកកម្ម ដើម្បី​បុព្វហេតុ​បរិស្ថាន និង​ធនធាន​ធម្មជាតិ»។

ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ទិវា​ឧទ្យានុរក្ស​ប្រចាំឆ្នាំ​លើកដំបូង​នៅ​ឆ្នាំ ២០១៧ ដោយមាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​អង្គការ​ជាតិ និង​អន្តរជាតិ ព្រះសង្ឃ​ពុទ្ធសាសនា និស្សិត សហគមន៍​មូលដ្ឋាន​សាធារណជន​ទូទៅ​ និង​វិស័យ​ឯកជន។

គោលបំណង​ផ្សេងទៀត​នៃ​ការប្រារព្ធ​ពិធី​នេះ គឺ​ដើម្បី​លើក​កម្ពស់​ការយល់ដឹង​ជា​សាធារណៈ​អំពី​តួនាទី​របស់​ឧទ្យានុរក្ស​នៅ​កម្ពុជា និង​ជំរុញ​ឱ្យ​សាធារណជន ចូលរួម​ជាមួយ​ឧទ្យានុរក្ស​ក្នុង​ការការពារ គ្រប់គ្រង អភិរក្ស​ធនធាន​ធម្មជាតិ និង​បរិស្ថាន​ប្រកប​ដោយ​និរន្តរភាព។

លោក​ថ្លែងថា៖ «ទិវា​ឧទ្យានុរក្ស​ពិភពលោក​ដែល​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ៣១ ខែកក្កដា ក្រសួង​នឹងធ្វើ​សកម្មភាព​តាម online តាមរយៈ​ការបញ្ចេញសារ​រូបភាព និង​បទ​យកការណ៍​ពី​ជីវិត​ឧទ្យានុរក្ស និង​ការប្តូរ​រូប​ប្រូហ្វាល​ហ្វេសប៊ុក​ជាដើម ដើម្បី​ចូលរួម​អបអរសាទរ។ ក្រសួងបរិស្ថាន​ក៏​បាន​ចេញ​បណ្ណ​សរសើរ​លើកទឹកចិត្ត​ដល់​មន្ត្រី​ឆ្នើម​ផងដែរ»។

បើតាម​លោក​ នេត្រ ភក្ត្រា ទិវា​ឧទ្យានុរក្ស​ពិភពលោក ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ទី ១ ផ្តល់​គុណតម្លៃ និង​លើកទឹកចិត្ត​ដល់​មន្ត្រី​ឧទ្យានុរក្ស ដែល​បាន​តស៊ូ​លះបង់ និង​បូជាជីវិត​ដើម្បី​បុព្វហេតុ​បរិស្ថាន និង​ធនធាន​ធម្មជាតិ។ ទី ២ លើកកម្ពស់​ការយល់ដឹង​របស់​សាធារណជន​អំពី​តួនាទី​របស់​មន្ត្រី​ឧទ្យានុរក្ស​នៅ​កម្ពុជា​អំពី​ការតស៊ូ​លះបង់​របស់​មន្ត្រី​ឧទ្យានុរក្ស​ក្នុង​ការថែរក្សា ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ និង​បរិស្ថាន​ប្រកបដោយ​សេចក្តី​អង់អាច​ក្លាហាន។ ទី ៣ ជំរុញ និង​លើកទឹកចិត្ត​សាធារណជន​ចូលរួម​ជាមួយ​នឹង​មន្ត្រី​ឧទ្យានុរក្ស ដើម្បី​ការពារ និង​គ្រប់គ្រង​ធនធានធម្មជាតិ និង​បរិស្ថាន​ប្រកបដោយ​និរន្តរភាព។

លោក​បន្តថា ក្រសួង​បរិស្ថាន​បាន​លើកទឹកចិត្ត​ស្ត្រី​ឱ្យចូលរួម​ក្នុង​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​កម្ពុជា។

បច្ចុប្បន្ននេះ មាន​មន្ត្រី​ឧទ្យានុរក្ស​ស្ត្រី​ចំនួន ៤២ នាក់​ស្ថិត​ក្នុងចំណោម​មន្ត្រី​ឧទ្យានុរក្ស​សរុប ១ ២០០ នាក់​ដែល​ក្រសួងបរិស្ថាន​បានដាក់​ពង្រាយ​នៅតាម​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​ទាំង ៧៥ ទីតាំង មាន​ទំហំ​ប្រមាណ ៧,៣ លាន ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន ២១។

កញ្ញា​ វាំង ម៉ូនីកា ជា​មន្ដ្រី​ឧទ្យានុរក្ស​ស្ដ្រី​ម្នាក់​នៅ​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី បាន​លើកឡើងថា កត្តា​ដែល​ជំរុញ​នាង​ឱ្យ​ចូលរួម​បម្រើ​ការងារ​ជា​មន្ដ្រី​ឧទ្យានុរក្ស គឺ​ដោយសារ​ក្ដី​ស្រឡាញ់​ចំពោះ​បរិស្ថាន និង​មានបំណង​ចង់​ការពារ​ធនធាន​ធម្មជាតិ និង​ការអភិរក្ស​ជីវចម្រុះ​ជាពិសេស​គឺ​នាង​ចង់​លើកកម្ពស់​វិស័យ​អេកូទេសចរណ៍​ធម្មជាតិ​ឱ្យ​ប្រជាពលរដ្ឋ និង​អន្តរជាតិ​បាន​ស្គាល់​តម្លៃ និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។

កញ្ញា​បាន​ថ្លែងថា៖ «បញ្ហា​ប្រឈម​ដែល​ខ្ញុំ​ពិបាក​ក្នុង​ការបំពេញ​ការងារ ជា​មន្ដ្រី​ឧទ្យានុរក្ស គឺ​ដោយសារ​តែ​មន្ត្រី​ឧទ្យានុរក្ស​របស់​យើង​មាន​ចំនួន​តិច ផ្ទៃដី​តំបន់​ការពារ​មាន​ចំនួន​ធំ ហើយ​ប្រជាពលរដ្ឋ ពួកគាត់​ពុំទាន់​បាន​យល់ច្បាស់​អំពី​ច្បាប់ និង​ការការពារ​អភិរក្ស​ក្នុង​ដែន​ការពារ​របស់​មន្ត្រី​យើង»។

ម៉ូនីកា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​ចូលរួម​ថែរក្សា​ការពារ​ធនធាន​ធម្មជាតិ និង​ស្វែងយល់​ពី​កិច្ចការពារ និង​អភិរក្ស​ធនធានធម្មជាតិ​របស់​មន្ត្រី​ឧទ្យានុរក្ស​ឱ្យ​បាន​ច្រើន​ដើម្បីឱ្យ​ពួកគាត់​ងាយស្រួល​ក្នុង​ការថែរក្សា និង​អភិរក្ស តំបន់​ការពារ​ធម្មជាតិ​របស់​កម្ពុជា។ ជាពិសេស​ស្នើឱ្យ​ពលរដ្ឋ​យល់ដឹង​ពី​ទុក្ខលំបាក​របស់​មន្ត្រី​ឧទ្យានុរក្ស​ទាំងអស់​ដែល​ខិតខំ​ពុះពារ​មិន​ថា​យប់​ ឬ​ថ្ងៃ​ចំណាយ​ទាំង​ពេលវេលា​ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត​ដើម្បី​ការពារ​ធនធានធម្មជាតិ​របស់​កម្ពុជា​ឱ្យ​គង់វង្ស។

សកម្មជន​ការពារ​ព្រៃឈើ​លោក គ្រើង តុលា បាន​លើកឡើងថា មន្ដ្រី​ឧទ្យានុរក្ស មន្ដ្រី​មូលដ្ឋាន និង​សហគមន៍​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​បំពេញការងារ ប៉ុន្ដែ​ពួកគេ​នៅ​មិនទាន់មាន​សិទ្ធិអំណាច​ពេញលេញ​ក្នុង​ការអនុវត្ដ​ភារកិច្ច​លើ​ការបង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅឡើយ។

លោក​ថ្លែងថា៖ «ខ្ញុំ​ស្នើឱ្យ​ក្រសួង​ផ្ដល់​អំណាច​ពេញលេញ ដល់​មន្ដ្រី​ឧទ្យានុរក្ស មន្ដ្រី​នៅ​មូលដ្ឋាន និង​សហគមន៍ ដើម្បី​អាចឱ្យ​ពួកគេ​មាន​សិទ្ធិ​ក្នុង​ការធ្វើការងារ​អភិរក្ស​ធនធាន​ធម្មជាតិ ព្រៃឈើ​របស់​យើង»។

តាម​របាយការណ៍​របស់​ក្រសួងបរិស្ថាន​ក្នុង​រយៈពេល ៦ ខែ ឆ្នាំ ២០២១ មន្ត្រី​ឧទ្យានុរក្ស​បាន​ចុះ​ល្បាត​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ សរុប​បាន​ចំនួន ១៤ ៤២២ លើក​ក្នុង​នោះបាន​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ចំនួន ៤ ២៣៨ ករណី​រឹបអូស​រណារយន្ត​បាន​ចំនួន ២ ៤៦២ គ្រឿង ដកហូត​រថយន្ត​ចំនួន ១៨២ គ្រឿង គោយន្ត​ចំនួន ៣០៨ គ្រឿង ម៉ូតូ​ចំនួន ៣៣៦ គ្រឿង ត្រាក់ទ័រ​ចំនួន ២៤ គ្រឿង ឈើ​ចំនួន ១ ២៦០ ម៉ែត្រគុប៕