ក្រចេះ: អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) បាននិង​កំពុង​ចុះ​ស៊ើបអង្កេត​ទៅលើ​មន្ត្រី​ម្នាក់ ដែលមាន​តួនាទី​ជា​ប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរសុខាភិបាល​ខេត្តក្រចេះ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​បទ​ទារប្រាក់​ពី​មន្ត្រី​ស្ម័គ្រចិត្ត និង​មន្ត្រី​ជាប់កិច្ចសន្យា​ចាប់ពី ១០ ០០០ ដុល្លារ​ទៅ ១៣ ០០០ ដុល្លារ​ជា​ថ្នូរ​នឹង​ការបញ្ជូន​ឈ្មោះ​ទៅ​ក្រសួង​សុខាភិបាល ដើម្បី​បាន​ក្របខ័ណ្ឌ​រដ្ឋ។

លោក ប៉ែន លីណាត អភិបាលរង​ខេត្តក្រចេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅថ្ងៃទី ២៨ កក្កដា​ថា ក្រុម​ស៊ើប​អង្គេត​នៃ​អង្គភាព ACU គឺ​ពិតជា​បាន​ចុះមក​ស្រាវជ្រាវ​ពី​ករណី​ពុករលួយ​ក្នុង​វិស័យ​សុខាភិបាល​នេះ​ពិតមែន។ ប៉ុន្តែ​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​នោះទេ ដោយ​គ្រាន់តែ​បញ្ជាក់ថា ករណី​ដែល​ឈាន​ឱ្យ​មាន​ការចុះ​ស៊ើបអង្កេត​នេះ ដោយសារតែ​ថ្មីៗ​នេះ​មាន​មន្ត្រី​ជាប់កិច្ចសន្យា និង​អ្នកស្ម័គ្រចិត្ត​ក្នុង​វិស័យនេះ​មួយចំនួន​បាន​បង្ហោះ​សារ​ត្អូញត្អែរ​ពី​ការជំរិត​ទារប្រាក់​ ដើម្បី​ទទួលបាន​ក្របខ័ណ្ឌ​រដ្ឋ​ក្នុង​វិស័យ​សុខាភិបាល។

លោក​បាន​បញ្ជាក់ថា៖ «ខ្ញុំ​មិនដឹងថា ការចុះ​ស៊ើបអង្កេត​នេះ​ធ្វើ​នីតិវិធី​ដល់​ណា​នោះទេ។ គ្រាន់តែ​ខ្ញុំ​ដឹងថា ក្រុមការងារ​របស់​អង្គភាព ACU ចុះមក​ធ្វើការ​នៅ​ខេត្តក្រចេះ។ (តើ​ពិតជា​មាន​ការទារលុយ​ពី ១ ម៉ឺន ទៅ​ជាង ១ ម៉ឺន​ដុល្លារ​បែបនេះ​មែន​ទេ?) អាហ្នឹង​ខ្ញុំ មិនអាច​ដឹង​ទេ ព្រោះ​ខ្ញុំ​មិនមែន​អ្នកស្រាវជ្រាវ គ្រាន់តែ​ធ្លាប់​ឃើញ​មាន​ការត្អូញត្អែរ​ពី​មន្ត្រី​សុខាភិបាល​យើង​តាម​បណ្តាញ​ហ្វេសប៊ុក»។

មន្ត្រី​ដែល​អង្គភាព ACU ចុះ​ស៊ើបអង្កេត​ពី​បទល្មើស​ពុករលួយ​នេះ គឺមាន​ឈ្មោះ ទី ប៊ុ​ឡេង ហៅថា ពេទ្យទូច មាន​តួនាទី​ជា​ប្រធានការិយាល័យ​រដ្ឋបាល មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ។ មន្ត្រី​រូបនេះ​ត្រូវ​បាន​ចោទប្រកាន់​ដោយ​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការទារ​ប្រាក់​ពី​មន្ត្រី​ស្ម័គ្រចិត្ត និង​មន្ត្រី​ជាប់កិច្ចសន្យា ចំនួន ១២៩ នាក់ ដោយ​ក្នុងម្នាក់ៗ​ចាប់ពី ១០ ០០០ ដុល្លារ​ទៅ ១៣ ០០០ ដុល្លារ​ជា​ថ្នូរ​នឹង​ការបំពេញ​បែបបទ​ប្រវត្តិរូប​ផ្លោះ​ឡើង​ដោយ​មិន​ឆ្លងកាត់​ការជ្រើសរើស​ត្រួតពិនិត្យ​ពី​ប្រធាន អូឌីត ក្រុង និង ស្រុក ដើម្បី​បញ្ជូន​ឈ្មោះ​ទៅ​ក្រសួង​សុខាភិបាល​ឱ្យ​ជាប់​ក្របខ័ណ្ឌ​រដ្ឋ។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព ACU ដើម្បី​សុំ​ការបញ្ជាក់​ពី​ករណីនេះ​បានទេ នៅ​ថ្ងៃទី ២៩ ខែកក្កដា ដោយ​ទូរស័ព្ទ​របស់​លោក​ពុំមាន​អ្នកទទួល។ ចំណែក​លោក នួន បូផល អនុប្រធាន​អង្គភាព ACU បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាងខ្លី​កាលពី​ថ្ងៃទី ២៨ កក្កដា​ថា លោក មិន​ច្បាស់​ថា ក្រុមការងារ​ចុះទៅ​ស្រាវជ្រាវ​ពី​ករណីនេះ​ឬ​យ៉ាងណា​នោះទេ ព្រោះ​តាមច្បាប់ អ្នក​ចុះ​ស្រាវជ្រាវ​ពី​ករណី​អំពើ​ពុករលួយ​ណាមួយ ដែល​កើតមានឡើង គឺ​ត្រូវ​រក្សា​ជា​ការសម្ងាត់ រហូត​ដល់​នីតិវិធី​ចប់ ទើប​អាច​ធ្វើការ​បញ្ចេញ​ព័ត៌មាន​បាន។

លោក​បញ្ជាក់ថា៖ «ខ្ញុំ​មិនដឹងច្បាស់​ទេ ព្រោះ​ការស៊ើបអង្កេត​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ អ្នកណា​ទទួល​បាន​ការចាត់តាំង​ស៊ើបអង្កេត​ករណី​ណា គឺ​ដឹង​តែ​ករណី​ហ្នឹង ព្រោះ​បើ​មាន​ពាក្យបណ្តឹង និង​ការសង្ស័យ​ករណី​ណា គឺ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី គាត់​អ្នក​ចាត់តាំង​ផ្ទាល់​ទៅ​មន្ត្រីនគរបាល​យុត្តិធម៌​ណា​ទទួល​ស៊ើប គឺ​ដឹង​តែ​អ្នក​ហ្នឹង ហើយ​បើ​ដឹង​ក៏​ច្បាប់​ហាម​មិនឱ្យ​និយាយ​ក្នុង​អំឡុងពេល​ស៊ើបអង្កេត​ដែរ»។

លោក ឈ្នាង សុវត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​បាន​បដិសេធ​ធ្វើការ​អត្ថាធិប្បាយ ដោយ​គ្រាន់តែ​បញ្ជាក់ថា ទុក​ឱ្យ​ក្រុម​ស៊ើបអង្កេត​នៃ ACU ជា​អ្នក​ធ្វើការ​លើ​ករណីនេះ។ លោក​បញ្ជាក់ថា៖ «ការងារ​នេះ គេ (ACU ) កំពុង​ធ្វើការ​ហើយ​ខ្ញុំ អត់​អាច​ឆ្លើយ​បានទេ ស្អី​ក៏ដោយ។ ខ្ញុំ សុំ​ប៉ុណ្ណឹង»។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​សុំ​ការឆ្លើយតប​ពី​លោក ទី ប៊ុនឡេង ជុំវិញ​ការចោទប្រកាន់​នេះ​បានទេ ដោយ​មិនអាច​ស្វែងរក​ប្រភព​​ ដើម្បី​ទំនាក់ទំនង​បាន​ពី​ថ្ងៃទី ២៩ កក្កដា។

ការផ្ទុះ​នៃ​ការប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​វិស័យ​សុខាភិបាល​នេះ គឺ​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​ស្ម័គ្រចិត្ត និង​មន្ត្រី​ជាប់​កិច្ចសន្យា បម្រើ​ការងារ​ប្រឆាំង​ជំងឺ​កូវីដ ១៩ ទូទាំងប្រទេស​ចំនួន ៣ ០០០ នាក់​ឱ្យ​អាច​ចូល​ក្របខ័ណ្ឌ​រដ្ឋ​ពេញសិទ្ធិ ដោយ​ពុំមាន​ការបង់ប្រាក់​ឡើយ។ ជាមួយ​នឹង​ការប្រកាស​នេះ ខេត្តក្រចេះ ត្រូវ​បាន​រដ្ឋាភិបាល​តម្រូវ​ឱ្យចូល​ក្របខ័ណ្ឌ​ក្រសួង​សុខាភិបាល​ចំនួន ១២៩ នាក់។

លោក ធីម ហ៊ន មន្ត្រី​សម្របសម្រួល អង្គការ​អាដហុក​ប្រចាំខេត្ត​ក្រចេះ​បាន​លើកឡើងថា លោក​មិនទាន់​ទទួលបាន​ព័ត៌មាន​ច្បាស់លាស់​ពី​ការប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​វិស័យ​សុខាភិបាល​នេះ​ទេ។ ប៉ុន្តែ​កន្លងទៅ លោក​ធ្លាប់​ទទួល​បាន​ព័ត៌មាន​ក្រៅផ្លូវការ​ថា មាន​ការជំរិត​ទារប្រាក់​ដែល​ត្រូវបាន​ចុះផ្សាយ​ពី​បណ្តាញ​សង្គម​បែបនេះ​មែន។ លោក​ជឿជាក់ថា ការ​ចុះមក​ស៊ើបអង្កេត​របស់​អង្គភាព ACU នឹង​អាច​ស្វែងរក​ការពិត​ឃើញ​ចំពោះ​អំពើ​ពុករលួយ ដែល​កើតចេញពី​មន្ត្រី​សាធារណៈ​របស់​រដ្ឋ​នេះ។

លោក​រំពឹងថា៖ «នេះ​ជា​ករណី​ថ្មី​មួយ ដែល​កើតឡើង​នៅក្នុង​ខេត្ត​នេះ យើង​ឃើញថា អ្នក​ដែល​ជួប​បញ្ហា​នេះ គាត់​ជា​អ្នកប្តឹង​ឬ​យ៉ាងណាទេ គ្រាន់តែ​តាមច្បាប់ ទាំង​អ្នក​សូក និង​អ្នក​ស៊ី គឺ​សុទ្ធ​តែ​មានទោស។ គ្រាន់​តែមាន​រឿងនេះ អង្គភាព ACU គាត់​ធ្វើការ​ស្រាវជ្រាវ នេះ​គឺជា​ចំណាត់ការ​មួយ​ដែល​ល្អប្រសើរ ដើម្បី​រក​ខុសត្រូវ ឬ​រក​យុត្តិធម៌ កុំឱ្យ​មាន​អំពើ​ពុករលួយ​បន្ត​កើតឡើង​បន្ថែម​នៅក្នុង​អង្គភាព​រដ្ឋ​អ៊ីចឹង»៕