ភ្នំពេញៈ ក្រសួង​ទេសចរណ៍ បាន​ជូនដំណឹង​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា ដែល​បម្រើការ​នៅក្នុង​ក្រសួង​នេះ សូម​ចាត់ចែង​ឱ្យ​កូនចៅ​របស់ខ្លួន ដែល​មាន​អាយុ​ចាប់ពី ១២ ឆ្នាំ ដល់​ក្រោម ១៨ ឆ្នាំ​ ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ចាប់ពី​ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២១ តទៅ​នៅ​រៀងរាល់​ម៉ោង ២ រសៀល ដល់​ម៉ោង ៥ ល្ងាច។

ក្នុង​លិខិត​ជូនដំណឹង ដែល​ចុះហត្ថលេខា​ដោយ​លោក សុង តុងហាប់ ​ប្រធាន​អនុគណៈកម្មការ ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ ១៩ ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ទេសចរណ៍ ចុះ​ថ្ងៃទី ២៨ ខែ​កក្កដា ដែល​ភ្នំពេញ​ ប៉ុស្តិ៍​ ទើប​ទទួលបាន បាន​បញ្ជាក់ថា ការចាក់​វ៉ាក់សាំង​នេះ គឺ​អនុវត្ត​តាម​អនុសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​ការចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​ដើម្បី​ចូលរួម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ។

ក្រសួង​ទេសចរណ៍​បានឱ្យ​ដឹងថា ទីកន្លែង​ដែល​ផ្ដល់​ការវ៉ាក់សាំង​នេះ​រួមមាន៖

នៅ​មន្ទីរពេទ្យ​កាល់ម៉ែត សម្រាប់​កូនចៅ​របស់​ថ្នាក់ដឹកនាំ​ដែលមាន​ឋានៈ​រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬ​មាន​ឋានៈ​ស្មើ។

នៅ​មន្ទីរពេទ្យ​ព្រះអង្គឌួង សម្រាប់​កូនចៅ​ថ្នាក់ដឹកនាំ​ដែលមាន​ឋានៈ​អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឬ​មាន​ឋានៈ​ស្មើ។

នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ (វត្តភ្នំ) និង​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក សម្រាប់​កូនចៅ​របស់​មន្ត្រីរាជការ ដែល​មាន​ឋានៈ​ប្រធាន​នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធាន​ការិយាល័យ មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា។

ការទៅ​ចាក់​វ៉ាក់សាំង​ត្រូវ​ភ្ជាប់​ទៅ​ជាមួយ​នូវ​សេចក្ដី​ចម្លង​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ ១ ច្បាប់ សេចក្ដី​ចម្លង​សំបុត្រកំណើត ឬ​លិខិត​ឆ្លងដែន​របស់​កូនចៅ ១ ច្បាប់។

ក្រសួង​បញ្ជាក់ទៀត​ថា៖ «សូម​ឯកឧត្តម លោកជំទាវ លោកស្រី មេត្តា​ជ្រាប និង​ផ្តល់​បញ្ជីរាយនាម​កូនចៅ​ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូវីដ ១៩ ដូច​មាន​ក្នុង​តារាង​ជូន​ភ្ជាប់​រួច​ផ្ញើមក​នាយកដ្ឋាន​ធនធាន​មនុស្ស​ឱ្យបាន​ត្រឹម​ថ្ងៃទី ៣ ខែ ​សីហា​ ឆ្នាំ ២០២១»៕