
ពលរដ្ឋមកដាក់ពាក្យបណ្ដឹងរឿងពុករលួយកម្មសិទ្ធិដីធ្លីនៅ ACU។ រូបថត FB
ខេត្តកំពតៈ រដ្ឋបាលខេត្តកំពតប្រកាសបដិសេធការចោទប្រកាន់អំពើពុករលួយក្នុងរឿងការផ្ដល់កម្មសិទ្ធីដីធ្លី នៅស្រុកដងទង់ បន្ទាប់ពីប្រជាពលរដ្ឋ ៧ គ្រួសារ បានប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយឱ្យជួយធ្វើការស៊ីបអង្កេតករណីមិនប្រក្រតីពាក់ព័ន្ធមន្ត្រីមួយចំនួននៅសាលាខេត្តកំពត។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពតកាលពីម្សិលមិញ បានឱ្យដឹងថា ប្រជាពលរដ្ឋមួយចំនួនតូចបានចោទមកលើថ្នាក់ដឹកនាំរដ្ឋបាលឃុំ-ស្រុក មន្ទីរជំនាញពាក់ព័ន្ធ និងរដ្ឋបាលខេត្តថាបានប្រព្រឹត្តអំពើពុករលួយ ឃុបឃិត សូកប៉ាន់ប្រើអំណាចចេញលិខិត ដកហូតពីប្រជាពលរដ្ឋនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ប្រគល់ឱ្យក្រុមហ៊ុន សេង សម្បត្តិ ចាក់ដីលុបអាងទឹកនោះគឺជារឿងមិនពិត ព្រោះរដ្ឋបាលឃុំ ស្រុក មន្ទីរជំនាញពាក់ព័ន្ធ និងរដ្ឋបាលខេត្តមិនបានចេញលិខិតណាមួយដកហូតដីពីប្រជាពលរដ្ឋដូចការចោទប្រកាន់នោះទេ។
ក្នុងសេចក្តីប្រកាសព័ត៌មានសរសេរថា៖ «រដ្ឋបាលខេត្តសូមធ្វើការបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់ដោយគ្មានភ័ស្តុតាងរបស់ប្រជាពលដ្ឋមួយចំនួនតូច ដែលបានចោទប្រកាន់មកលើថ្នាក់ដឹកនាំ អាជ្ញាធរដែនដី មន្ទីរជំនាញពាក់ព័ន្ធ និងរដ្ឋបាលខេត្ត»។
រដ្ឋបាលខេត្តកំពតបញ្ជាក់ក្នុងសេចក្តីប្រកាសថា ទីតាំងនេះពុំមែនជាអាងទឹកទេ មួយផ្នែកតូចនៃផ្ទៃដីទាំងនោះគ្រាន់តែជារណ្តៅដីដែលបានជីកធ្វើផ្លូវ ហាយ សូន្ស និងលើកជាលេណដ្ឋានការពារស្រុកដងទង់ប៉ុណ្ណោះ។ ផ្ទៃដីទាំងអស់នេះ មានប្រជាពលរដ្ឋចំនួន ២០ គ្រួសារបានកាន់កាប់ និងអាស្រ័យផលតកូនតចៅជាប់ជាប្រចាំរហូតមកដល់បច្ចុប្បន្ន ហើយកន្លងមកពួកគាត់បានស្នើសុំមកអាជ្ញាធរដែនដីជំនាញពាក់ព័ន្ធ និងរដ្ឋបាលខេត្ត ដើម្បីចុះបញ្ជីជូនពួកគាត់។
យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលបានដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី ២៧ ខែកក្កដា បានឱ្យដឹងថា អាជ្ញាធរពិតជាបានស្រង់ឈ្មោះ ដើម្បីធ្វើការចុះបញ្ជីដីពិតមែន ប៉ុន្តែពេលឈ្មោះចេញមក អ្នកដែលត្រូវទទួលបានដីគីមិនមែនឈ្មោះពួកគាត់ដែលមានក្បាលដីនៅតាមបណ្តោយផ្លូវលេខ ១៣៥ ទេ។
ពាក្យបណ្តឹងដដែលបង្ហាញថា ដីរបស់ពលរដ្ឋដែលកំពុងអាស្រ័យផលទាំងនោះខ្លះបានធ្វើលិខិតលក់តាំងពីមុនពេលដែលធ្វើលិខិតស្នើសុំទៅទៀត និងមានរឿង ១ ទៀត គឺមានការបិទប្រកាសចេញប្លង់ កម្មសិទ្ធិឱ្យទៅឈ្មោះ សេង សម្បត្តិ សុខ ហ្គិច និង ចាន់ ស្រីឡែន ថែមទៀត។
ក្នុងពាក្យបណ្តឹងបញ្ជាក់ថា ផ្ទៃដី ១២ ៩០៧១ ម៉ែត្រការ៉េត្រូវចែកជូនពលរដ្ឋ ៣០ គ្រួសារតែជាក់ស្តែងពលរដ្ឋមានឈ្មោះទទួលតែ ២០គ្រួសារប៉ុណ្ណោះ។ ផ្ទៃដីដែលបានប្រគល់ជូនពលរដ្ឋមានត្រឹមតែ ៨៨ ៣៩១ ម៉ែត្រការ៉េ ដើម្បីបង្គ្រប់បន្ថែមឱ្យមានទិន្នន័យទំហំដីកាន់តែធំគេបានបូករួមជាមួយដីពលរដ្ឋម្នាក់ទៀតឈ្មោះ នាក់ ផុន ដែលមិនមានពាក់ព័ន្ធនឹងដី ១២៩ ០៧១ ម៉ែត្រការ៉េនោះទេ។
ក្នុងលិខិតសរសេរថាទំហំដីរបស់នាក់ ផុន មាន ២ ៣៨៥ ម៉ែត្រការ៉េ ដើម្បីចេញប្លង់រួមគ្នាក្នុងផ្ទៃដី ៩០ ៧៧៦ ម៉ែត្រការ៉េ ក្នុងគោលបំណងបំបាត់ផ្ទៃដី ២៣៨៥ ម៉ែត្រការ៉េដូចច្នេះដីដែលបានបាត់មានទំហំ ៤០ ៦៨០ ម៉ែត្រការ៉េ និងបាត់ឈ្មោះរបស់ប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលតាមបណ្តោយផ្លូវលេខ ១៣៥ ទាំងអស់។
ក្នុងពាក្យបណ្តឹងពលរដ្ឋបានអះអាងថា លោក ប៉ឹល កុសល និងលោក វិត វឌ្ឍនា ជាប្រធាន និងអនុប្រធានបំពេញបេសកកម្មនេះមិនបានធ្វើការស៊ើបអង្កេត ឱ្យបានច្បាស់លាស់ដែលបណ្តាលឱ្យមានអំពើពុករលួយឃុបឃិតគ្នាជាប្រព័ន្ធ និងមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋ។ មួយវិញទៀត ក៏មានឯកសារធ្លាយរបស់លោក វិត វឌ្ឍនា ទទួលប្រាក់ពីលោក សេង សម្បត្តិ ៥ ម៉ឺនដុល្លារ និងសារសំឡេង លោក សេង សម្បត្តិ ឧបត្ថម្ភជូនលោកអភិបាលស្រុកដងទង់ លោក ស៊ិវ ផេង។ ក្នុងលិខិតសរសេរថា មន្ត្រីសូរិយោដីស្រុក ខេត្តបានសហការគ្នាជាប្រព័ន្ធបំពេញបែបបទបន្ថែមទៀតជូន សេង សម្បត្តិ ចាន់ ស្រីឡែន និង សុខ ហ្គិច ដើម្បីធ្វើការបង់ពន្ធចេញប្លង់កម្មសិទ្ធិ ដោយមិនបានពិនិត្យឱ្យច្បាស់លាស់នូវដំណើរការប្រគល់កម្មសិទ្ធិដីទៅអ្នកទាំង ៣ នោះទេ។
លោក ស៊ីវ ផេង អភិបាលស្រុកដងទង់ថ្លែងថា ប្រជាពលរដ្ឋដែលមានដីអាស្រ័យផលនៅទីនោះបានលក់ជូនទៅក្រុមហ៊ុន សេង សម្បត្តិ មិនមានបញ្ហាអ្វីកើតឡើងទេ។ ដោយឡែកអ្នកដែលឡើងទៅធ្វើការតវ៉ា ឬដាក់ពាក្យបណ្តឹង នោះមិនមានដីនៅទីតាំងអាងស្តុកទឹកដងទង់នោះទេ មិនតែប៉ុណ្ណោះអ្នកទាំងនោះបានចង្អុលកំណត់កន្លែងនេះកន្លែងនោះថាជាដីរបស់ពួកគាត់ទៀតផង។
លោកបានថ្លែងថា៖ «គាត់តវ៉ាបានតែសម្តី ឡាយជាមួយអ្នកសារព័ត៌មានមួយចំនួនតែប៉ុណ្ណោះ បើសិនជាគាត់មានឯកសារ គាត់ទៅបង្ហាញអ្នកសារព័ត៌មាន ឬពលរដ្ឋទូទៅហើយ តែគាត់អត់មានទេ ការបញ្ជាក់ដីពួកគាត់ គឺនៅលើបបូរមាត់របស់គាត់ ហើយចង្អុលដៃគាត់ចង្អុលត្រង់នេះ ត្រង់នោះយើងធ្វើម៉េច»។
បើតាមលោក ស៊ីវ ផេង រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក នឹងមានវិធានការចំពោះអ្នកតវ៉ាទាំងនោះ។
លោកថ្លែងថា៖ «យើងនឹងមានវិធានការដើម្បីទប់ស្កាត់ជនអនាធិបតេយ្យនេះ ឥឡូវយើងមានជំហានត្រូវធ្វើ ខ្ញុំចង់ជម្រាបជូនប៉ុណ្ណឹង»។
លោក យន់ ផល្លី មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពតថ្លែងថា លោកមិនបានទទួលពាក្យបណ្តឹងណាមួយរបស់ប្រជាពលរដ្ឋនោះទេ យ៉ាងណាក្នុងចំណុចនេះ បើសិនជាប្រជាពលរដ្ឋអាស្រ័យផលនៅលើដីអាងទឹកពិតមែននោះ ពលរដ្ឋអាចអាស្រ័យផលបាន តែមិនអាចក្លាយជាកម្មសិទ្ធិបុគ្គលបានឡើយ ប៉ុន្តែបើសិនជាមានការស្នើសុំជារឿងមួយដាច់ដោយឡែក៕