ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​បង្កើត​ក្រុមការងារ​សិក្សា និង​ស្រាវជ្រាវ​រក​ឱសថ និង​បរិក្ខារ​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ ដែល​ក្រុមការងារ​នេះ ដឹកនាំ​ដោយ​លោកស្រី ពេជ ចន្ទមុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត TYDA ធ្វើជា​ប្រធាន និង​មាន​សមាជិក​ជាង ១៤ រូប។

សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃទី ៣០ កក្កដា ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន បាន​ឲ្យ​ដឹងថា ក្រុមការងារ​សិក្សា និង​ស្រាវជ្រាវ​រក​ឱសថ និង​បរិក្ខារ​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ មាន​ភារកិច្ច​ក្នុង​ការស្រាវជ្រាវ និង​ស្វែងរក​ឱសថ​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ដែល​អាច​ព្យាបាល ឬ​បង្ការ​ជំងឺ​កូវីដ ១៩។

បន្ថែម​ពីនេះ ត្រូវ​សិក្សា ស្រាវជ្រាវ និង​ស្វែងរក​ឧបករណ៍​តេស្ត​រក​មេរោគ​កូវីដ ១៩ ដែលមាន​ប្រសិទ្ធភាព ភាពងាយស្រួល​ក្នុង​ការប្រើប្រាស់ និង​តម្លៃ​ទាប​សមរម្យ រួមទាំង​ត្រូវ​ស្វែងរក​បរិក្ខារ​ពេទ្យ​ចាំបាច់​ដទៃទៀត ដើម្បី​បម្រើឱ្យ​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ ផងដែរ។

ក្រៅពី​ភារកិច្ច​ខាងលើ សេចក្តី​សម្រេច​ដដែល​នេះ​ក៏​បាន​បញ្ជាក់​ពី​ភារកិច្ច​របស់​ក្រុមការងារ​នេះ​យ៉ាង​ដូច្នេះ​ថា៖ «ត្រូវ​ធ្វើ​ទំនាក់ទំនង​ជាមួយ​នឹង​ក្រុមហ៊ុន​ផលិត​ឱសថ​បរទេស ឬ​បណ្តាញ​ចែកចាយ​ឱសថ​បរទេស ឬ អង្គការ ឬ​ភ្នាក់ងារ​អន្តរជាតិ​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ឱសថ ដើម្បី​ស្វែងរក​ឱសថ​សម្រាប់​ការព្យាបាល ឬ​ការបង្ការ​ជំងឺ​កូវីដ ១៩ និង​ទទួលបាន​នូវ​ព័ត៌មាន​ចាំបាច់​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ឱសថ​នោះ»។

បន្ថែម​ពីនេះ ក្រុមការងារ​ដែល​ទើប​បង្កើត​ថ្មី​នេះ មាន​តួនាទី ដូចជា ធ្វើ​ទំនាក់ទំនង​ជាមួយ​នឹង​ក្រុមហ៊ុន​ផលិត ឬ​បណ្ដាញ​ចែកចាយ​ឧបករណ៍​តេស្ត​រក​មេរោគ​កូវីដ ១៩ និង​បរិក្ខារ​ដទៃទៀត សម្រាប់​បម្រើឱ្យ​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ និង​ការផ្តល់​អនុសាសន៍​អំពី​ការដាក់ឱ្យ​ប្រើប្រាស់​ឱសថ​សម្រាប់​ការបង្ការ ឬ​ព្យាបាល​ជំងឺ​កូវីដ ១៩ ផងដែរ។

យោងតាម​សេចក្តី​សម្រេច​នេះ រាល់​ចំណាយ​ពាក់ព័ន្ធ​នឹង​ការសិក្សា និង​ស្រាវជ្រាវ​រក​ឱសថ និង​បរិក្ខារ​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ ត្រូវ​ប្រើ​កញ្ចប់​ថវិកាជាតិ ដោយ​រៀបចំ​សំណើ​ដាក់ជូន​ប្រធាន​គណៈ​ប្រចាំការ​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូដ ១៩ លោក​អូន ព័ន្ធមុនីរ័ត្ន ដែលជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ដើម្បី​ពិនិត្យ និង​សម្រេច៕