ត្បូងឃ្មុំៈ តុលាការខេត្ត​ត្បូងឃ្មុំ បាន​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​ក្នុង​ពន្ធនាគារ​ខេត្ត​នៅ​ថ្ងៃទី ២៨ កក្កដា ចោទ​ពីបទ​ឃាតកម្ម​ក្នុង​រឿង​កាប់សម្លាប់​ពូ​ខ្លួនឯង បន្ទាប់ពី​ប្រព្រឹត្ត និង​ឃាត់ខ្លួន​បាន ១ ថ្ងៃ នៅ​ភូមិ​ត្បូងវត្ត ឃុំ-ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ។

លោក​ ចក់ សុខកៅ ស្នងការរង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ឱ្យដឹង​នៅ​ថ្ងៃទី ២៩ កក្កដា​ថា ជន​ត្រូវ​ចោទ​ឈ្មោះ​ ហាយ សីហា ភេទ​ប្រុស អាយុ ២៧ ឆ្នាំ​គ្មាន​មុខរបរ​ត្រូវបាន​លោក​ ប៊ុន ធី ​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកាឃុំខ្លួន​នៅ​ពន្ធនាគារ​ហើយ​នៅ​ថ្ងៃទី ២៨ កក្កដា។

លោក​ថ្លែងថា៖ «ជន​រូបនេះ ត្រូវបាន​លោក​ចៅក្រម​សម្រេច​ឃុំ​តាម​ការចោទ​របស់​តំណាង​អយ្យការ​ពី​បទ​ឃាតកម្ម។ បទ​ឃាតកម្ម​នេះ​នៅក្នុង​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ»។ តាម​មាត្រ ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​នេះ​បើ​តុលាកា​រកឃើញថា ជន​ត្រូវ​ចោទ​ពិតជា​បាន​ប្រព្រឹត្ត​មែន​នោះ​នឹង​ត្រូវ​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ពី ១០ ទៅ ១៥ ឆ្នាំ។

លោក​ សុខកៅ រំឭក​តាម​សម្តី​សាច់ញាតិ​របស់​ជនរងគ្រោះ​ថា ជនល្មើស​ឈ្មោះ ហាយ សីហា គឺជា​ក្មួយបង្កើត​របស់​ជនរងគ្រោះ​ឈ្មោះ គីម ចាន់ ភេទ​ប្រុស​អាយុ ៣២ ឆ្នាំ។ កន្លងមក​រវាង​ពូ និង​ក្មួយ​មាន​ទំនាស់​ពាក្យសម្តី​នឹង​គ្នា​ព្រោះ​សាច់ញាតិ​ធ្លាប់​ឃើញ​ឈ្លោះប្រកែក​គ្នា តែ​មិនដឹងថា ទំនាស់​ពាក្យសម្តី​នោះ ជា​រឿង​អ្វី​ទេ។ លុះ​នៅ​ថ្ងៃទី ២៧ កក្កដា គឺ​ជនសង្ស័យ​បាន​ចូលទៅ​កាប់​ជនរងគ្រោះ​ដល់ផ្ទះ​ស្លាប់​តែម្តង។

លោក​បន្តទៀតថា ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​ឃើញ​ស្លាប់​ក្នុង​សភាព​អង្គុយ​លើ​កៅអី ហើយ​នៅ​ពីមុខ​ជនរងគ្រោះ​មាន​ចានបាយ​នៅលើ​គ្រែ។ បន្ទាប់មក​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​បាន​រាយការណ៍​ទៅ​ប៉ុស្តិ៍នគរបាល​ឃុំ​មេមត់ ហើយ​នគរបាល​ឃុំ​បាន​រាយការណ៍​បន្ត​មក​លោក​ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​បន្ទាន់។

លោក​ប្រាប់ថា បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម គឺ​កម្លាំង​សមត្ថកិច្ច​ខេត្ត​រួម​នឹង​កម្លាំង​នគរបាល​ស្រុក​ត្បូងឃ្មុំ​ដែល​ទទួលបញ្ជា​ពី​លោក​ មុន មាគ៌ា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ក្នុង​ថ្ងៃ​ដដែល។

នៅ​កន្លែងកើតហេតុ​ត្រូវ​បាន​នគរបាល​ជំនាញ​កោសល្យវិច័យ​ខេត្ត​ពិនិត្យ​ឃើញ​ថា ជនរងគ្រោះ​ត្រូវ​ជនសង្ស័យ​កាប់​ចំ​កញ្ចឹងក​ពីក្រោយ​ស្លាប់​នៅនឹងកន្លែង ហើយ​សមត្ថកិច្ច​បាន​ចាប់ផ្តើម​ស្រាវជ្រាវ​បន្ទាន់។ ជនដៃដល់​បាន​រត់​ទៅ​សំងំ​លាក់ខ្លួន នៅក្នុង​ផ្ទះ​ក្បែរ​ទីតាំង​កើតហេតុ។ ពេលនោះ​សមត្ថកិច្ច​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ ១ គ្រឿង​បាញ់​ទឹក​ទើប​ចូលចាប់​បាន។ ពេលនោះ​សមត្ថកិច្ច​ដកហូត​វត្ថុតាង​ពី​ជនល្មើស​រួមមាន​កាំបិតផ្គាក់ ១ ពូថៅ ១ និង​ដែកឆាប ១៕