សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា និង​គ្រឹះស្ថាន​អង្គរ បាន​ប្រកាស​បិទ​ការចូល​ទស្សនា​ប្រាសាទ​នានា និង​ផ្អាក​ការលក់​សំបុត្រ​ចូល​ទស្សនា​នៅក្នុង​រមណីយដ្ឋាន​អង្គរ​រយៈពេល ១៤ ថ្ងៃ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​បំប្លែង​ថ្មី។

សេចក្តី​ជូនដំណឹង​រួម​របស់​ស្ថាប័ន​ទាំង ២ នេះ​បាន​ឱ្យដឹងថា អនុលោម​តាម​សេចក្ដី​សម្រេច រាជរដ្ឋាភិបាល ស្តីពី​ការបិទខ្ទប់​ភូមិសាស្ត្រ​ខេត្ត​ចំនួន ៨ ជាប់​ព្រំដែន​ថៃ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ក្នុង​សហគមន៍​នៃ​មេរោគ​កូវីដ ១៩ ប្រភេទ​បំប្លែង​ថ្មី​ដែលតា (Delta) អាជ្ញាធរ​ជាតិ​អប្សរា និង​គ្រឹះស្ថាន​អង្គរ នឹង​បិទ​ការចូល​ទស្សនា​ប្រាសាទ​នានា និង​ផ្អាក​ការលក់​សំបុត្រ​ចូល​ទស្សនា ក្នុង​រមណីយដ្ឋាន​អង្គរ គិត​ចាប់ពី​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២១ រហូតដល់​ថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០២១។

សេចក្តី​ជូនដំណឹង​រួម​នេះ​បាន​សង្កត់ធ្ងន់ថា៖ «សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ​សូម​ក្រសួង ស្ថាប័ន​ជាតិ អន្តរជាតិ អាជ្ញាធរ​ដែនដី មន្ទីរ-អង្គភាព សមាគម​ទីភ្នាក់ងារ​ទេសចរណ៍ សហគម​មគ្គុទ្ទេសក៍​ទេសចរណ៍ សមាគម​ដឹកជញ្ជូន​ភ្ញៀវ​ក្រុមហ៊ុន​ទេសចរណ៍ ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន»។

កាល​ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២១ រដ្ឋាភិបាល​បាន​សម្រេច​បិទខ្ទប់​ភូមិសាស្ត្រ​ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្ត​ឧត្តរមានជ័យ ខេត្តព្រះវិហារ និង​ខេត្តសៀមរាប ខណៈ​មេរោគ​កូវីដ ១៩ ប្រភេទ​បំប្លែង​ថ្មី​ដែលតា (Delta) បាននិង​កំពុង​ឆ្លង​ចូល​កម្ពុជា តាមរយៈ​ពលករ ដែល​ព្យាយាម​ឆ្លង​ចូល​ប្រទេស​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ទាំងនេះ៕