ភ្នំពេញ៖ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​សារាចរ​ណែនាំ បិទ​ខ្ចប់​បណ្តា​ខេត្ត ដើម្បី​ទប់​ស្កាត់​ការ​រីក​រាលដាល​មេរោគ​កូវីដ ១៩ បំប្លែង​ថ្មី​ដែលតា (Delta) ចូល​ក្នុង​សហគមន៍ ខេត្ត​មួយ​ចំនួន​បាន​ដាក់​ចេញ​នូវ​វិធានការ​បិទ​ខ្ទប់​តំបន់​ភូមិសាស្ត្រ និង​វិធានការ​ទប់ស្កាត់​រីរុស​នេះ​ជា​បន្តបន្ទាប់។

រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​បាន​សម្រេច​បិទ​ខ្ទប់​ខេត្ត​ពោធិ៍សាត់​រយៈពេល ១៤ ថ្ងៃ ចាប់​ពី​ថ្ងៃទី ២៩ ខែ​កក្កដា ដល់​ថ្ងៃទី ១២ ខែ​សីហា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូវីដ ១៩ ប្រភេទ​ដែលតា (Delta) ក្នុង​សហគមន៍។

រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល​រយៈពេល ១៤ ថ្ងៃ ចាប់​ពី​ថ្ងៃទី ២៩ ខែ​កក្កដា ដល់​ថ្ងៃទី ១២ ខែ​សីហា ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

សេចក្តី​សម្រេច​របស់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃទី ២៩ ខែ​កក្កដា បញ្ជាក់​ថា ការ​ចាកចេញ​ពី​លំនៅឋាន​ចាប់​ពី​ម៉ោង ៩ យប់ ដល់​ម៉ោង ៣ ទៀប​ភ្លឺ​ត្រូវ​បាន​រឹតត្បិត។

សកម្មភាព​មុខរបរ ​ឬ​អាជីវកម្ម ក្លឹប​កម្សាន្ត​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន។

រាល់​ការ​ជួបជុំ ឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​លើស​ពី ១០ នាក់ ត្រូវ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ។

សេចក្តី​សម្រេច​ដដែល​បញ្ជាក់​ថា រាល់​ការ​ជួបជុំ ឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស ដើម្បី​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ត្រូវ​បាន​ហាម​ឃាត់។

គ្រប់​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋាន ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រកប​អាជីវកម្ម​ត្រឹម​ជា​លក្ខណៈ​វេចខ្ចប់។

រាល់​សកម្មភាព​នៃ​ការ​ជួបជុំ ឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស ឬ​សកម្មភាព​ការងារ​មុខរបរ និង​អាជីវកម្ម​ដែល​ត្រូវ​បាន​អនុញ្ញាត​ត្រូវ​អនុវត្ត​វិធានការ​សុវត្ថិភាព​ផែ្នក​សុខាភិបាល​ឱ្យ​បាន​ម៉ឺងម៉ាត់។

រដ្ឋបាល​ខេត្ត​កំពត បាន​ចេញ​សេចក្តី​ណែនាំ​ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

សេចក្តី​សម្រេច​រដ្ឋបាល​ខេត្ត​កំពត បញ្ជាក់​កាល​ពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​ថា រដ្ឋបាល​ខេត្ត​នេះ ហាម​ឃាត់​ការ​ធ្វើ​សកម្មភាព​មុខ​របរ និង​អាជីវកម្ម​ក្លិប​កម្សាន្ត។

រាល់​ការ​ជួប​ជុំ ឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែល​មាន​មនុស្ស​ចូលរួម​លើស​ពី ១០ នាក់ ត្រូវ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​លើកលែង​ករណី​ចាំបាច់។

រដ្ឋបាល​ខេត្ត​កំពត​បញ្ជាក់​ថា រដ្ឋបាល​ខេត្ត​នេះ​ដាក់​ការ​ហាម​ឃាត់​រាល់​ការ​ជួបជុំ ឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស ដើម្បី​សេព​គ្រឿង​ស្រវឹង។

ភោជនីយដ្ឋាន អាហារដ្ឋាន អនុញ្ញាត​ឱ្យ​ប្រកប​អាជីវកម្ម​ត្រឹម​ជា​លក្ខណៈ​វេច​ខ្ចប់​ប៉ុណ្ណោះ។

រដ្ឋបាល​ខេត្ត​នេះ ក៏​បាន​ដាក់​ចេញ​បម្រាម​គោចរ​ពី​ម៉ោង ៩ យប់ ដល់​ម៉ោង ៣ ទៀប​ភ្លឺ សម្រាប់​ភូមិសាស្ត្រ​ខេត្ត​ទាំង​មូល និង​ទីប្រជុំជន​នានា។

រាល់​សកម្មភាព​នៃ​ការ​ជួបជុំ​ ឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស សកម្មភាព​ការងារ​មុខរបរ និង​អាជីវកម្ម​ដែល​ត្រូវ​បាន​អនុញ្ញាត​ត្រូវ​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យ​បាន​ម៉ឺងម៉ាត់។

រដ្ឋបាល​ខេត្ត​កោះកុង បាន​ដាក់​ចេញ​វិធានការ​ជា​បណ្តោះ​អាសន្ន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ នៅ​ក្នុង​ភូមិសាស្រ្ត​ក្រុង​ខេមរភូមិន្ទ ស្រុក​មណ្ឌលសីមា និង​ស្រុកស្រែ​អំបិល​រយៈពេល ២ សប្តាហ៍។

រដ្ឋបាល​ខេត្ត​កោះកុង បញ្ជាក់​ក្នុង​សេចក្តី​សម្រេច​ចុះ​ថ្ងៃទី ២៩ ខែ​កក្កដា​ថា រដ្ឋបាល​ខេត្ត​នេះ​ បាន​ដាក់​ការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​ធ្វើ​ចរាចរណ៍​ក្នុង​ភូមិសាស្រ្ត​ក្រុង​ខេមរភូមិន្ទ ស្រុក​មណ្ឌលសីមា និង​ស្រុក​ស្រែអំបិល ចាប់​ពី​ថ្ងៃទី ៣០ ខែ​កក្កដា ដល់​ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២១ ចាប់​ពី​ម៉ោង ៩ យប់ ដល់​ម៉ោង ៣ ទៀប​ភ្លឺ លើកលែង​តែ​ចំពោះ​ករណី​ចាំបាច់។

រដ្ឋបាល​ខេត្ត​នេះ បាន​អនុញ្ញាត​ឱ្យ​ទីតាំង​លក់​ម្ហូប​អាហារ អាច​ប្រកប​អាជីវកម្ម​លក់​ដូរ​ជា​លក្ខណៈ​វេច​ខ្ចប់​ប៉ុណ្ណោះ។

អាជ្ញាធរ​ខេត្ត​នេះ ក៏​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​ប្រមូល​ផ្ដុំ ការ​ជួបជុំ​គ្នា​ទទួល​ទាន​អាហារ​ភេសជ្ជៈ ទទួល​ទាន​គ្រឿង​ស្រវឹង និង​ការ​ជួបជុំ​ផ្សេងៗ​លើកលែង​តែ​ករណី​ចាំបាច់។

ចំណែក​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ក៏​បាន​ដាក់​ចេញ​វិធានការ​ទប់ស្កាត់​មេរោគ​កូវីដ ១៩ ដែលតា​នេះ​ផង​ដែរ។

សេចក្តី​សម្រេច​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ ចុះ​ថ្ងៃទី ២៩ ខែ​កក្កដា បញ្ជាក់​ថា រដ្ឋបាល​ខេត្ត​នេះ បាន​ដាក់​ការ​ហាម​ឃាត់​ការ​ធ្វើ​សកម្មភាព​មុខរបរ និង​អាជីវកម្ម​ក្លិប​កម្សាន្ត ហើយ​រាល់​ការ​ជួបជុំ ឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែល​លើសពី ១០ នាក់ ត្រូវ​មាន​ការ​អនុវញ្ញាត​ពី​អាជ្ញាធរ​លើកលែង​ករណី​ចាំបាច់។

សេចក្តី​សម្រេច​រដ្ឋបាល​ខេត្ត​នេះ បញ្ជាក់​ថា ការ​ជួប​ជុំ ឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស​ដើម្បី​សេព​គ្រឿង​ស្រវឹង​ត្រូវ​បាន​ហាម​ឃាត់។

កន្លែង​លក់​ម្ហូប​អាហារ អនុញ្ញាត​បាន​ត្រឹមតែ​លក្ខណៈ​វេចខ្ចប់​លើកលែង​តែ​កន្លែង​ដែល​អាច​ធានា​បាន​នូវ​វិធាន​សុវត្ថិភាព​សុខាភិបាល៕