ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លើកឡើង​ពី​សារៈសំខាន់​នៃ​ការ​បណ្តុះបណ្តាល​កសិករ ស្តីពី​វិធានការ​ចម្រុះ​គ្រប់គ្រង​ដី និង​សារធាតុចិញ្ចឹម​ក្នុង​ផលិតកម្ម​ដំណាំ​បន្លែ​សុវត្ថិភាព ខណៈ​កសិករ​ជាង ៣០០ នាក់ ទទួលបាន​វគ្គ​បណ្តុះបណ្តាល​នេះ។

លោក វេង សាខុន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​នៅ​ថ្ងៃទី ២៩ កក្កដា​ថា អំពី​មូលដ្ឋានគ្រឹះ​នៃ​ដំណាំ​កសិកម្ម​គឺ​ដី។

លោកលើកឡើង​​ថា ការប្រើប្រាស់​ដី ការលើក​កម្ពស់​គុណភាព​ដី និង​ការគ្រប់គ្រង​ដី ដោយ​ឈរលើ​គោលការណ៍ ផលិតភាព ចីរភាព និង​និរន្តរភាព គឺជា​កិច្ចការ​ចាំបាច់​បំផុត​ក្នុង​ការចូលរួម​អភិវឌ្ឍ​ផលិតកម្ម​ដំណាំ​កសិកម្ម ធានាបាន​នូវ​ស្ថិរភាព​ផលិតភាព​ផលិតកម្ម គុណភាព និង​សុវត្ថិភាព​កសិផល បង្កើន​ទិន្នផល និង​ប្រាក់ចំណូល​របស់​ប្រជាកសិករ។

លោក​បាន​បញ្ជាក់ថា៖ «នាយកដ្ឋាន​គ្រប់គ្រង​ធនធាន​ដី​កសិកម្ម​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ក៏​បាន​រៀបចំ​ឯកសារ សម្រាប់​ធ្វើការ​បណ្តុះបណ្តាល​ស្តីពី​វិធានការ​ចម្រុះ​គ្រប់គ្រង​ដី និង​សារធាតុចិញ្ចឹម​របស់​ដី​ក្នុង​ផលិតកម្ម​ដំណាំ បន្លែ​សុវត្ថិភាព​នេះ​ដល់​ប្រជាកសិករ នៅតាម​បណ្តា​ខេត្ត​គោលដៅ​ចំនួន ០៨»។

លោក​បន្តថា ខេត្ត​ទាំងនោះ​រួមមាន ខេត្តកណ្តាល ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ កំពង់ឆ្នាំង បាត់ដំបង និង​សៀមរាប ក្រោម​កិច្ចសហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​គោលដៅ​ទាំងនោះ។

នាយកដ្ឋាន​គ្រប់គ្រង​ធនធាន​ដី​កសិកម្ម​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បើក​វគ្គ​បណ្តុះបណ្តាល​ជា​បន្តបន្ទាប់ អគ្គនាយកដ្ឋាន បានទទួល​សិក្ខាកាម ដែល​ជា​ប្រជាកសិករ​ចូលរួម​ចំនួន ៣៣១ នាក់​ក្នុង​នោះ​ស្ត្រី ១៤៩ នាក់​មកពី​សហគមន៍​កសិកម្ម​ចំនួន ០៩ នៃ​ខេត្ត​គោលដៅ៕