បន្ទាយមានជ័យៈ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃទី ៣០ ខែ​ កក្កដា ឆ្នាំ ២០២១ នេះ​បានបង្ហាញ​អត្តសញ្ញាណ អ្នក​វិជ្ជមាន​កូវីដ ១៩ រហូតដល់ ២៧៦ នាក់​បន្ថែមទៀត តាមរយៈ​ការធ្វើ​តេស្ត​រហ័ស (Rapid Test) និង​អ្នកជា​សះស្បើយ​ចំនួន ២០៨ នាក់។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ចេញ​នៅ​ថ្ងៃទី ៣០ ខែកក្កដា​នេះ ​បាន​ឱ្យ​ដឹងថា ករណី​ឆ្លង​ដែល​ទើប​រកឃើញ​ថ្មី​បន្ថែមទៀត​​ចំនួន ២៧៦ នាក់​នេះ គឺជា​ករណី​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​ និង​ពលករ​វិល​ត្រឡប់មក​ពី​ប្រទេស​ថៃ ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ខេត្ត។

រដ្ឋបាលខេត្ត​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ ឬ​ប្រយោល​ជាមួយ​បុគ្គល​ដែល​វិជ្ជមាន​កូវីដ ១៩ ទាំង ២៧៦ នាក់​ខាងលើ សូម​រួសរាន់ ធ្វើ​ចត្តាឡីស័ក​តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀងៗ​ខ្លួន ដោយ​មិនត្រូវ​ពាក់ព័ន្ធ​ ឬ​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត។

លើសពីនេះ ក្នុង​ករណី​មាន​ការប្រែប្រួល​សុខភាព​ខុសប្រក្រតី ដូចជា​ការឡើង​កំដៅ​លើសពី ៣៧ អង្សាសេ កណ្តាស់ ហៀរ​សំបោរ ឈឺបំពង់ក មាន​កំហាក ថប់ដង្ហើម។ល។ សូម​ប្រញាប់​ទាក់ទង​ទៅ​ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត ឬ​មន្ទីរពេទ្យ​ខេត្ត ក្រុង ស្រុក ឬ​មណ្ឌល​សុខភាព​ឃុំ សង្កាត់ និង​អាជ្ញាធរ​មូលដ្ឋាន​តាមរយៈ​ទូរស័ព្ទ​លេខ ០១២ ៧២៤ ០៤២ និង​លេខ ០១២ ៩៤៨ ៧៧៩៕