សៀមរាបៈ រដ្ឋបាល​ខេត្តសៀមរាប​បាន​សម្រេច​បន្ត​បិទ​ផ្សារ​ពោធិ៍​បន្ទាយជ័យ ផ្សារ​ដំដែក ផ្សារ​កំពង់ក្តី ដែលជា​ទីតាំង​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ រយៈពេល ២ សប្តាហ៍​បន្តទៀត រហូត​​ដល់​ថ្ងៃទី ៩ ខែសីហា ខណៈ​ដែល​ខេត្ត​ទេសចរណ៍​មួយ​នេះ​បាន​ប្រកាស​នៅថ្ងៃនេះ ពី​ការរកឃើញ​អ្នក​វិជ្ជមាន​កូវីដ ១៩ ចំនួន ៩៨ នាក់​បន្ថែមទៀត។

សេចក្តី​សម្រេច​រដ្ឋបាល​ខេត្តសៀមរាប ចុះ​ថ្ងៃទី ៣០ ខែកក្កដា បញ្ជាក់ថា៖ «ត្រូវ​បន្ត​បិទ​ផ្សារ [ទាំង ៣] សម្រាប់​រយៈពេល ២ សប្តាហ៍​បន្តទៀត ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ នៅក្នុង​ភូមិសាស្ត្រ​ទីតាំង​ដែល​ត្រូវ​បិទ និង​ទប់ស្កាត់​ជំងឺ​នេះ​មិនឱ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងទៀត រហូត​មាន​ការចេញ​សេចក្តី​សម្រេច​ជាថ្មី»។

រដ្ឋបាល​ខេត្តសៀមរាប​ប្រកាស​នៅថ្ងៃនេះ​ថា បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ចំនួន ៩៨ នាក់​ ជាសះស្បើយ​ចំនួន ២៣ នាក់ និង​ស្លាប់​ចំនួន ១ នាក់។

រដ្ឋបាល​ខេត្តសៀមរាប​កាលពី​ថ្ងៃទី ២៩ ខែកក្កដា បានសម្រេច​កំណត់​តំបន់​ក្រហម ក្នុង​ឃុំ​កំពង់ឃ្លាំង​ ស្រុក​សូទ្រនិគម និង​តំបន់​លឿងទុំ ក្នុង​ឃុំ​កៀនសង្កែ និង​ឃុំ​ដានរុន ស្រុក​សូទ្រនិគម និង​សង្កាត់​ស្លក្រាម សង្កាត់​ស្វាយដង្គំ សង្កាត់​គោកចក និង​សង្កាត់​សាលាកំរើក ក្រុង​សៀមរាប ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល ជំងឺ​កូវីដ ១៩៕