ខេត្តព្រះវិហារៈ រដ្ឋបាលខេត្ត​ព្រះវិហារ​សម្រេច​បន្ត​បិទខ្ទប់​ផ្សារ​កំពង់ប្រណាក ជា​បណ្តោះអាសន្ន ស្ថិតនៅ​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ​រយៈពេល ២ សប្តាហ៍ ដោយ​គិត​ចាប់ពី​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២១ តទៅ។

ការបិទខ្ទប់​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ នៅក្នុង​ភូមិសាស្ត្រ ទីតាំង​ដែល​ត្រូវបាន​បិទ និង​ទប់ស្កាត់​មិនឱ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងទៀត រហូត​ដល់​មាន​ការជូនដំណឹង​សាជាថ្មី។

តាម​លិខិត​សម្រេច​របស់​អភិបាលខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ ចេញ​កាលពី​ម្សិលមិញ​បង្ហាញថា ក្រៅពី​ការបិទខ្ទប់​ផ្សារ​កំពង់​ប្រណាក រដ្ឋបាលខេត្ត​ក៏បាន​សម្រេច​និរាករណ៍ សេចក្តី​សម្រេច​លេខ ០៩១/២១ សសរ ចុះ​ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១ របស់​រដ្ឋបាល​ខេត្តព្រះវិហារ​ស្តីពី​ការបិទខ្ទប់​ផ្សារ​កំពង់ប្រណាក ស្ថិតនៅ​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ប្រណាក ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ​ផង​ដែរ។

ក្នុង​លិខិត​សម្រេច​នោះ លោក ប្រាក់ សុវណ្ណ បញ្ជាក់ថា នាយក​រដ្ឋបាល​សាលាខេត្ត ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករង​ព្រះវិហារ ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត អភិបាលក្រុង​ព្រះវិហារ ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​អង្គភាព​ពាក់ព័ន្ធ ចៅសង្កាត់​កំពង់ប្រណាក គណៈកម្មការ​គ្រប់គ្រង​ផ្សារ​កំពង់​ប្រណាក អ្នកវិនិយោគ និង​អ្នកធ្វើអាជីវកម្ម​ភាស៊ី​ផ្សារ​កំពង់ប្រណាក ត្រូវអនុវត្ត​សេចក្តី​សម្រេច​ថ្មីរៀងៗ​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ។

ដោយឡែក​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តព្រះវិហារ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា ក្នុង​ភូមិសាស្ត្រ​ខេត្តព្រះវិហារ​រកឃើញ​មាន​អ្នក​វិជ្ជមាន​កូវីដ ១៩ ចំនួន ៣១ នាក់​បន្ថែមទៀត ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន ២ នាក់។ ក្រុមគ្រូពេទ្យ​បាន​បញ្ជូន​អ្នក​វិជ្ជមាន​ទាំង ៣១ នាក់​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ ១៩ កម្រិត​ស្រាល (វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ ១៩ កម្រិត​ស្រាល​វិទ្យាល័យ​ជាំក្សាន្ត និង​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ ១៩ កម្រិត​ស្រាល វិទ្យាល័យ​រវៀង) ខេត្ត​ព្រះវិហារ។

គិត​ត្រឹម​ថ្ងៃទី ៣០ ខែកក្កដា ខេត្តព្រះវិហារ​បាន​រកឃើញ​អ្នក​វិជ្ជមាន​កូវីដ ១៩ ចំនួន ៥៧៥ នាក់ ស្រី​ចំនួន ២៦២ និង​កុមារី​ចំនួន ២២ នាក់​ក្នុង​នោះ​បានជា​សះស្បើយ​ចំនួន ៣១៨ នាក់ ស្រី​ចំនួន ១៤៥ នាក់ និង​កុមារី​ចំនួន ១៣ នាក់ ស្លាប់​ចំនួន ១ នាក់។

រីឯ​អ្នកជំងឺ​កូវីដ ១៩ ចំនួន ២៥៦ នាក់ ស្រី​ចំនួន ១១៧ នាក់ និង​កុមារី​ចំនួន ៩នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ១៦ មករា និង​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ ១៩ កម្រិត​ស្រាល (វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ និង​វិទ្យាល័យ​ជាំក្សាន្ត) ខេត្ត​ព្រះវិហារ។

ក្នុង​លិខិត​រដ្ឋបាល​ខេត្តព្រះវិហារ​សរសេរថា «រដ្ឋបាលខេត្ត​ព្រះវិហារ​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស អ្នក​ប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ទាំងអស់​ត្រូវ​ទៅយក​សំណាក​នៅ​គ្រប់​មណ្ឌល​ចត្តាឡីស័ក ឬ​មន្ទីរពេទ្យ​ក្នុង​ខេត្តព្រះវិហារ។ ករណី​មាន​រោគសញ្ញា​សង្ស័យផ្សេងៗ​សូម​ទៅពិនិត្យ​សុខភាព​នៅតាម​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ដែល​ស្ថិតនៅ​ជិត​កន្លែង​បងប្អូន​រស់នៅ ឬ​ទំនាក់ទំនង លេខ​ទូស័ព្ទ ០១២ ៩៨៥ ៦៨៩ /០៨៨ ៥៩៦ ៤៤៩៦»៕