
អភិបាលខេត្តតាកែវ លោក អ៊ូច ភា ពេលចុះពិនិត្យនៅតំបន់បិទខ្ទប់ផ្នែកខ្លះភូមិសាស្ត្រភូមិអង្គរ ស្រុកអង្គរបូរី ក្នុងខេត្តតាកែវ នាពេលកន្លងមក។ រូបថត រដ្ឋបាលខេត្តតាកែវ។
ខេត្តតាកែវៈ រដ្ឋបាលខេត្តតាកែវ សម្រេចដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងភូមិសាស្ត្រខេត្តតាកែវ ដែលអនុវត្តរយៈពេល ១៤ ថ្ងៃ គិតចាប់ពីម៉ោង ២៣ និង ៥៩ នាទី ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១។
លិខិតសម្រេចរបស់រដ្ឋបាលខេត្តតាកែវកាលពីថ្ងៃទី ២៩ ខែកក្កដា បានឲ្យដឹងថា ការដាក់ចេញវិធានការនេះ គឺដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ជាពិសេសមេរោគបំប្លែងថ្មីប្រភេទដែលតា (Delta) ស្របពេលដែលខេត្តតាកែវក៏ជាខេត្តមួយដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍។
អភិបាលខេត្តតាកែវលោក អ៊ូច ភា បានសរសេរក្នុងសេចក្តីសម្រេចនោះថា «ត្រូវផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើសកម្មភាព មុខរបរ អាជីវកម្ម និងអាជីវកម្មក្លិបកម្សាន្ត គ្រប់ប្រភេទ ជាអាទិ៍ខារ៉ាអូខេ បៀហ្គាឌិន រមណីយដ្ឋាន សួនកម្សាន្តនានា អាជីវកម្មម៉ាស្សាហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ រោងសម្តែងសិល្បៈ សារមន្ទីរ ក្លិបហាត់ប្រាណ និងមណ្ឌលកីឡា»។
ចំពោះភោជនីយដ្ឋាន អាហារដ្ឋាន អនុញ្ញាតឱ្យប្រកបអាជីវកម្មរបស់ខ្លួនត្រឹមលក្ខណៈវេចខ្ចប់ប៉ុណ្ណោះ ដោយមិនអនុញ្ញាតឲ្យមានអតិថិជនចូលមកទទួលទាននៅក្នុងបរិវេណនៃទីកន្លែងរបស់ខ្លួនឡើយ និងហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ។
លោកអភិបាលខេត្តតាកែវបញ្ជាក់ថា រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១០ នាក់ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច លើកលែងតែក្នុងករណីចាំបាច់ ដូចជា ការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលមានសំណាក់ជាមួយគ្នា ការរៀបចំពិធីបុណ្យសព តាមការកំណត់របស់អាជ្ញាធរ ការជួបជុំរបស់ស្ថាប័នសាធារណៈ មន្ត្រីសុខាភិបាល ការយកសំណាក និងចាក់វ៉ាក់សាំងជាដើម។
ជាមួយគ្នានោះ រដ្ឋបាលខេត្តតាកែវក៏បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍តាមទីប្រជុំជនក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តតាកែវ នៅចន្លោះម៉ោង ២១ ដល់ម៉ោង ៣ ទៀបភ្លឺ ចាប់ពីថ្ងៃទី ៣០ ខែកក្កដា រហូតដល់ថ្ងៃទី ១២ សីហា លើកលែងករណីចាំបាច់បំផុត។
ក្នុងលិខិតសម្រេចលោក អ៊ូច ភា បានប្រាប់ទៅលោកអភិបាលក្រុង ស្រុក អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវចុះពិនិត្យ និងរឹតបន្តឹង ការរៀបចំរបៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅតាមទីតាំងដែលជាប្រភព ឬអាចមានហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ ជាពិសេស ផ្សារ និងកន្លែងលក់គ្រឿងឧបភោគបរិភោគ និងទីតាំងអាជីវកម្មផ្សេងៗទៀត។
ជាមួយគ្នានោះ អភិបាលស្រុកជាប់ព្រំដែន ប្រធានច្រកទ្វារ មេបញ្ជាការវរព្រំដែនត្រូវពង្រឹងការគ្រប់គ្រង ច្រកព្រំដែនជាពិសេស ច្រករបៀង ចៀសវាងការលួចឆ្លងព្រំដែនចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ដែលបង្កហានិភ័យក្នុងការចម្លងមេរោគបំប្លែងខ្លួនថ្មីចូលក្នុងសហគមន៍។
ក្នុងលិខិតលោក អ៊ូច ភា សរសេរថា «ប្រជាពលរដ្ឋធ្វើចំណាកស្រុក ដែលវិលត្រឡប់មកភូមិ ឃុំវិញ និងត្រូវអនុវត្តវិធានការចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់ ក្នុងករណីដែលរកឃើញថាប្រជាពលរដ្ឋទាំងនោះ ពុំបានឆ្លងកាត់ការធ្វើចត្តាឡីស័កនៅតាមព្រំដែន។ ជាពិសេសត្រូវយកចិត្តទុកដាក់ ទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងថ្មីប្រភេទដែលតាពីប្រទេសជិតខាងចូលក្នុងសហគមន៍ក្នុងមូលដ្ឋានរបស់ខ្លួន»៕