
កោះកុងៈ អាជ្ញាធរក្រុងខេមរភូមិន្ទ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ទូទាំងក្រុងដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ ដល់ ១៧ ឆ្នាំ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែសីហា ចន្លោះពីម៉ោង ៩ ព្រឹកដល់ម៉ោង ៤ រសៀល នៅសាខាកាកបាទក្រហមខេត្តកោះកុង ស្ថិតនៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ។
លិខិតរបស់លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ ចេញផ្សាយកាលពីម្សិលមិញបានឲ្យដឹងថា អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ខេត្តកោះកុង នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ ដល់ក្រោម១៨ឆ្នាំ នៅទូទាំងក្រុង ខេមរភូមិន្ទ ចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២១ ចន្លោះពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៤រសៀល នៅសាខាកាកបាទក្រហមខេត្តកោះកុង ស្ថិតនៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ។
លោក ឈេង សុវណ្ណដា បញ្ជាក់ក្នុងលិខិតនោះថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ ដល់ ១៧ឆ្នាំ ត្រូវបានកំណត់កាលបរិច្ឆេទសម្រាប់សង្កាត់ទាំង ៣ នៃក្រុងខេមរភូមិន្ទ។ ក្នុងនោះថ្ងៃទី ១ និងទី២ ខែសីហា យុទ្ធនាការធ្វើនៅសង្កាត់ស្មាច់មានជ័យ ដែលថ្ងៃទី១ ចាក់នៅភូមិ២ និងភូមិ៣ ចំណែកថ្ងៃទី២ ចាក់នៅភូមិ១ ភូមិបឹងឃុនឆាង និងភូមិស្មាច់មានជ័យ។
ថ្ងៃទី ៣ និង ទី៤ យុទ្ធនាការនៅសង្កាត់ដងទង់ ដែលថ្ងៃទី ៣ចាក់នៅភូមិ៤ និងថ្ងៃទី៤ ចាក់នៅភូមិ១ ភូមិ២ និងភូមិ៣។ ថ្ងៃទី៥ និងទី៦ យុទ្ធនាការនៅសង្កាត់ស្ទឹងវែង ដែលថ្ងៃទី ៥ចាក់នៅភូមិស្ទឹងវែង និងថ្ងៃទី ៦ចាក់ នៅភូមិព្រែកស្វាយ។ ដោយឡែក សម្រាប់ថ្ងៃទី៧ គឺចាក់ជូនអ្នកដែលយឺតតាមកាលកំណត់ពីថ្ងៃទី ១ ដល់ថ្ងៃទី៦។
ក្នុងលិខិតលោក ឈេង សុវណ្ណដា បញ្ជាក់ថា ចំពោះកុមារ និងយុវវ័យដែលត្រូវចាក់វ៉ាក់សាំងកូវីដ១៩ សូមភ្ជាប់ទៅជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណមួយក្នុងចំណោម ឯកសារបញ្ជាក់អត្តសញ្ញាណដូចជា កុមារអាយុចាប់ពី ១២ ដល់ក្រោម ១៥ឆ្នាំ សូមភ្ជាប់ជាមួយសំបុត្រកំណើត ឬសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន។
ចំណែកយុវវ័យអាយុចាប់ពី ១៥ ដល់ក្រោម ១៨ឆ្នាំ សូមភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន។
លោកថ្លែងថា៖ «ក្នុងករណីកុមារា កុមារី ឬយុវជន យុវនារី ណាមិនមានឯកសារខាងលើ សូមមាតា ឬអាណាព្យាបាលរូតរះទៅសាលាសង្កាត់របស់បងប្អូន ដើម្បីស្នើសុំលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់ប្រើប្រាស់ក្នុងការចាក់វ៉ាក់សាំង កូវីដ១៩ ឱ្យទាន់ពេលវេលា»។
ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ និងធានាបាននូវការអនុវត្តវិធានការសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន រដ្ឋបាលក្រុងខេមរភូមិន្ទ អំពាវនាវឱ្យប្រជាពលរដ្ឋដែលជាមាតាបិតា អាណាព្យាបាលជូនកូនចៅ ទៅទទួលការចាក់វ៉ាក់សាំង នៅទីតាំង និងកាលបរិច្ឆេទ ដែលបានកំណត់ និងគោរពឱ្យបានម៉ឺងម៉ាត់នូវវិធានការការពារ ៣កុំ និង ៣ ការពារ របស់រាជរដ្ឋាភិបាលកម្ពុជានិងវិធានការនានារបស់ក្រសួងសុខាភិបាល៕