ភ្នំពេញ: មាន​ករណី​គោ​ឈឺ​ចំនួន ៦ ៨០៤​ករណី បន្ទាប់​ពី​មាន​ការ​ផ្ទុះ​នូវ​ជំងឺ​ដុំពក​ស្បែក​គោក្របី​នៅ​ដើម​ខែ​មិថុនា ឆ្នាំ ២០២១ ដែល​ករណីដំបូង​កើត​មាន​នៅ​ខេត្ត ព្រះវិហារ និង​ឧត្តរមានជ័យ និង​បន្ទាប់​មក​ដល់​ខេត្ត​ជាប់​ព្រំដែន​ថៃ​មួយ​ចំនួន​ទៀត។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បង្ហាញ​តាម​រយៈហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា​នេះ​ឲ្យ​ដឹង​ថា មាន​គោ​ឈឺ​ជំងឺ​ដុំពក​ស្បែក​គោ​ក្របី​ចំនួន ៦ ៨០៤ ករណី ក្នុង​នោះ​បាន​ជា​សះស្បើយ​ចំនួន ៦៥% និង​កំពុង​ឈឺ​នៅ​ឡើយ​មាន៣៥% សត្វ​បាន​ងាប់​ចំនួន ១% (ភាគ​ច្រើន​លើ​កូន​គោ) គិត​ពី​ដើម​ខែ​មិថុនា រហូត​មក​ដល់​ពេល​ថ្ងៃ​ទី ២៩ ខែ​កក្កដា។

លោក វេង សាខុន បាន​ឲ្យ​ដឹង​ថា ជំងឺ​ដុំ​ពក​ស្បែក​គោ ក្របី (Lumpy Skin Disease) បង្ក​ឡើង​ដោយ​វីរុស​ក្នុង​គ្រួសារ Poxviridae ក្រុម Capripoxvirus។ វីរុស​នេះ​មាន​ភាព​ធន់​ជាមួយ​នឹង​បរិស្ថាន ហើយ​អាច​រស់​បា​នយូរ​ចាប់​ពី​ ៣​ខែ​ឡើង នៅ​លើ​កំណក​កមរមាស់​លើស្បែក​ស្ងួត​និង​យ៉ាង​យូរ​ ៦ ខែ​ចំពោះ​ស្បែក​ប្រឡូក​ប្រឡាក់​កខ្វក់។

ជំងឺ​នេះ​ឆ្លង​តាម​រយៈ​វ៉ិចទ័រ ដែល​អាច​សម្គាល់​តាម​រយៈការ​លេច​ឡើង​ជា​ដុំ​ពក​ស្បែក និង​បង្ក​ឡើង​ដោយ​វីរុស​ដែល​មាន​សេនេទិច ស្រដៀងបំផុត​ទៅ​នឹង​វីរុស​អុត និង​កញ្រ្ចិល ដែល​បង្ក​នៅ​លើ​ជៀម និង​ពពែ បណ្តាល​ឲ្យ​មាន​ដុំ​ពក​ស្បែក​នៅ​លើ​រាង​កាយ​របស់​សត្វ។

បើ​តាម​លោក​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម ជំងឺ​នេះ​បាន​បង្ក​ឱ្យ​សត្វ​គោ ក្របី​ឈឺ ពី ៥-៤៥% និង​ស្លាប់​តិច​ជាង​១០% ដែល​មាន​រោគ​សញ្ញា​លើសត្វ​ដូចជា៖ គ្រុនក្តៅ (កំដៅ​កើន​ឡើង​ដល់ ៤១ អង្សាសេ ស្រងូត​ស្រងាត់ អត់​ស៊ី​ចំណី រលាក​ប្រហោង​ច្រមុះ ហៀរ​សំបោរ និង​ទឹក​មាត់ ជាដើម ដែល​សត្វ​ឈ្មោល​អាច​បាត់​បង់​សមត្ថភាព​បង្ក​កំណើត និង​មេ​ផើម​អាច​រលូត​កូន។

លោកថ្លែងថា៖«ជំងឺនេះ​ឆ្លង​តាម​រយៈ វ៉ិចទ័រ​ដែល​ជា​សត្វ​ល្អិត​ប៊ឺត​ជញ្ជក់​ឈាម​ដូចជា តាប៉ោម រុយ ដង្កែ ការ​ប៉ះ​ពាល់​ផ្ទាល់ ឬ​ប្រយោល ការបង្កាត់​ពូជ មធ្យោបាយ​ដឹ​កជញ្ជូន​និង​សម្ភារ​បរិក្ខារ​បសុព្យាបាល»។

ជំងឺនេះ​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​លើ​សុខុមាល​ភាព​សត្វ និង​ខាត​បង់​សេដ្ឋកិច្ច​ធ្ងន់​ធ្ងរ​ដល់​កសិករ​ចិញ្ចឹម​គោ ក្របី ជា​លក្ខណៈ​គ្រួសារ ពាក់កណ្តាល​ពាណិជ្ជកម្ម និង​បែប​ពាណិជ្ជកម្ម ប៉ុន្តែ​មិន​ឆ្លង​មក​មនុស្ស​ទេ។ មេរោគ​នៃ​ជំងឺ​នេះ​មាន​ភាព​ធន់​ខ្លាំង​ទៅ​នឹង​បរិស្ថាន​អាច​រស់​នៅ​ក្នុង​ក្រម៉ស្បែក​រហូត​ដល់​ ៣ ខែ​និង​រហូត​ដល់ ៦ ខែ​ក្នុង​ទ្រុង​កខ្វក់ និង​គ្មាន​ពន្លឺ​ចេញ​ចូល​គ្រប់គ្រាន់។

មេរោគនេះ​អាច​រស់​នៅ​ក្នុង pH ពី ៦,៣ ទៅ ៨,៣ ហើយ​នឹង​ងាយ​ងាប់​ដោយ​ពន្លឺ​ថ្ងៃ ជាតិ​អាស៊ីត និង​ជាតិ​បាស​ខ្ពស់ និង​បញ្ឈប់សកម្មភាព​នៅ​សីតុណ្ហភាព ៥៥ អង្សាសេ​ក្នុង​រយៈពេល​ ២ ម៉ោង ៦០​អង្សាសេ​ក្នុង​រយៈពេល ១ ម៉ោង និង​សីតុណ្ហភាព ៦៥ អង្សាសេ​ក្នុងរយៈពេល ៣០ នាទី និង​ងាយ​កម្ចាត់​ដោយសារ​ទឹក​សាប៊ូ និង​ថ្នាំ​សម្លាប់​មេរោគ​ធម្មតា៕