បន្ទាយមានជ័យៈ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ប្រកាស​រក​ឃើញ​វិជ្ជមាន​កូវីដ១៩ ចំនួន ៣០១នាក់ នៅ​ថ្ងៃទី ៣០ ខែ​កក្កដា និង​មិន​មានករណី​ជា​សះស្បើយ​ទេ នៅ​ថ្ងៃទី​៣១ ខែ​កក្កដានេះ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​នេះ បាន​ឲ្យ​ដឹង​ថា លទ្ធផល​តេស្ត​រហ័ស​នៅថ្ងៃ​ទី៣១ ខែ​កក្កដា​នេះ មិនមាន​ករណី​ជា​សះស្បើយ​អ្នក​ជំងឺ​កូវីដ​១៩​ទេ ខណៈ​លទ្ធផល​ពី​មន្ទីរពិសោធន៍​ជាតិ​ភ្នំពេញ (NIPH) នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា បាន​រក​ឃើញវិជ្ជមាន​កូវីដ១៩ ចំនួន ៣០១ នាក់ ដែល​ជា​ករណី​ឆ្លង​ចូល​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ។

ក្នុង​សេចក្តី​ប្រកាស​រដ្ឋបាល​ខេត្ត​បន្ទាយមាន​ជ័យ​សរសេរ​ថា «សូម​ជម្រាប​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន ដែល​បាន​ប៉ះពាល់ដោយ​ផ្ទាល់ សូម​រួស​រាន់​ទៅ​ជួប​ក្រុម​គ្រូពេទ្យ និង​ធ្វើ​ចត្តាឡីស័ក ដើម្បី​យក​សំណាក​ទៅ​ពិនិត្យ។ ចំណែក​អ្នក​ប៉ះពាល់​ដោយ​ប្រយោល​ជាមួយអ្នក​វិជ្ជមាន​កូវីដ​១៩ ទាំង ៣០១​នាក់ សូម​រួស​រាន់​ធ្វើ​ចត្តាឡីស័ក​តាម​ផ្ទះ ក្នុង​ក្រុម​គ្រួសារ​រៀងៗ​ខ្លួន ដោយ​មិន​ត្រូវ​ពាក់​ព័ន្ធ​និង​ប៉ះពាល់ ជាមួយ​អ្នក​ដទៃ​ជា​ដាច់ខាត»។

រដ្ឋបាលខេត្ត​នេះ​បញ្ជាក់​ថា ក្នុង​ករណី​មាន​ការ​ប្រែប្រួល​សុខភាព​ខុស​ប្រក្រតី ដូចជា ឡើង​កម្តៅ​លើស​ពី​៣៧ អង្សាសេ ក្អក កណ្តាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់​ដង្ហើម ជាដើម ត្រូវ​ប្រញាប់​ទំនាក់​ទំនង​ទៅ​ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរសុខាភិបាល នៃ​រដ្ឋបាល​ខេត្ត ឬមន្ទីរពេទ្យ​ខេត្ត ក្រុង ស្រុក ​ឬ​មណ្ឌល​សុខ​ភាព​ឃុំ សង្កាត់ និង​អាជ្ញាធរ​មូលដ្ឋាន តាម​រយៈ​ទូរស័ព្ទ​លេខ ០១២ ៧២៤ ០៤២ /០១២ ៩៤៨ ៧៧៩៕