
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសក្នុងខែកក្កដា ឆ្នាំ២០២១នេះ បណ្តាលឱ្យមនុស្ស ១០៧នាក់ស្លាប់ និងរបួស ២៨២ នាក់។ ហ៊ាន រង្សី
ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសក្នុងខែកក្កដា ឆ្នាំ២០២១នេះ បណ្តាលឱ្យមនុស្ស ១០៧នាក់ស្លាប់ និងរបួស ២៨២ នាក់ ខណៈនៅថ្ងៃទី៣១ ខែកក្កដានេះមានមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣ នាក់ របួសធ្ងន់ ១០ នាក់ និងរបួសស្រាល ៤ នាក់។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញផ្សាយដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ គ្រោះថ្នាក់ចរាចរណ៍រយៈពេល ៣១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២១ មានគ្រោះថ្នាក់ចំនួន ២០៨ លើក បណ្តាលឱ្យមនុស្សស្លាប់ ១០៧ នាក់ និងរបួសសរុប ២៨២នាក់។
តាមការផ្សាយរបស់អគ្គស្នងការនគរបាលជាតិនៅថ្ងៃនេះ បង្ហាញថា មានមូលហេតុជាច្រើនបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដូចជា ការមិនគោរពច្បាប់ចរាចរណ៍ បើកបរលើសល្បឿនកំណត់ និងកត្តាយានយន្តជាដើម។
ការផ្សាយរបស់អគ្គស្នងការនគរបាលជាតិសរសេរថា «មូលហេតុដែលបណ្តាលឲ្យគ្រោះថ្នាក់ បណ្តាលមកពី កត្តាល្បឿនចំនួន ៧៧លើក, មិនគោរពសិទ្ធិ ៤៥លើក, មិនប្រកាន់ស្តាំ ៣៥លើក, ប្រជែងគ្រោះថ្នាក់ ២១លើក, បត់គ្រោះថ្នាក់ ១៤លើក, ស្រវឹង ១០លើក, កត្តាយានយន្ត ៣លើក និងកត្តាភ្លើងសញ្ញា កត្តាផ្លូវ រួមទាំងការងងុយដេក ១លើក»។
ដោយឡែក ចំពោះទិន្នន័យនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្សស្លាប់ ចំនួន ៣នាក់ របួសធ្ងន់ ១០ នាក់ (ស្រី ១នាក់) និងរបួសស្រាល ៤នាក់ (ស្រី ១នាក់) ផងដែរ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣១ ខែកក្កដា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន ១៧នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន ៩លើក៕