ភ្នំពេញ៖ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ សម្រាប់​ក្មេង និង​យុវវ័យ​អាយុ​ចាប់​ពី​អាយុ ១២ ឆ្នាំ ទៅ​ក្រោម ១៨ ឆ្នាំ បាន​ចាប់​ផ្តើម​ដំណើរការ​ហើយ​នៅ​ព្រឹក​នេះ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​ចៅៗ​របស់​លោក ជិត ២០ រូប មក​ទទួល​វ៉ាក់សាំង​នៅ​វិមាន​សន្តិភាព។

កម្ពុជា​ដាក់​ចេញ​ផែនការ​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ លើ​កុមារ-យុវវ័យ អាយុ​ចាប់​ពី ១២ ឆ្នាំ​ទៅ​ក្រោម ១៨ ឆ្នាំ ដោយ​ប្រើប្រាស់​ប្រភេទ​វ៉ាក់សាំង ស៊ីណូវ៉ាក់ ផលិត​នៅ​ប្រទេស​ចិន ខណៈ​តាម​ការ​រំពឹង​ទុក​កុមារ​អាយុ​ចាប់​ពី ១២ ដល់​ក្រោម ១៨ ឆ្នាំ​នេះ គឺ​មាន​ប្រមាណ ២ លាន​នាក់ ដែល​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង បន្ថែម​ពី​លើ​ចំនួន​ប្រជាពលរដ្ឋ​វ័យ ១៨ ឆ្នាំ​ឡើង ប្រមាណ​ជា ១០ លាន​នាក់។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ថា ការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ​ក្នុង​ពេល​នេះ គឺ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ នេះ​គឺ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល ខណៈ​ដែល​កុមារ ​គឺ​ត្រូវ​ចាត់​ទុក​ជា​ទំពាំង​ស្នង​ឫស្សី ដែល​ទាមទារ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់។

លោក​បាន​បញ្ជាក់​ថា៖ «យើង​ក៏​បាន​ដឹង​ថា កុមារ​ជា​ទំពាំង​ស្នង​ឫស្សី ប្រសិន​បើ​កុមារ មាន​ការ​ខូចខាត់​ចាប់​ពី​ពេល​នេះ យើង​នឹង​ពុំ​មាន​ឫស្សី​ដែល​ល្អ​នោះ​ទេ។ មួយ​ផ្នែក​ទៀត ផល​ប៉ះពាល់​ដែល​ប៉ះពាល់​នៃ​ពេលវេលា​នៃ​កូវីដ ១៩ នេះ គឺ​ប៉ះពាល់​យ៉ាង​ធ្ងន់​ទៅ​លើ​ការ​បណ្តុះបណ្តាល​ផ្នែក​ធនធាន​មនុស្ស»។

ជាមួយ​នឹង​ការ​ថ្លែង​បែប​នេះ លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​អះអាង​ថា រដ្ឋាភិបាល​ក៏​នឹង​ពិចារណា​លើ​ការ​បើក​សាលារៀន​នៅ​ក្នុង​កម្រិត​ណា​មួយ បន្ទាប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ អាយុ​ចាប់​ពី ១២ ឆ្នាំ ដល់​ក្រោម ១៨ ឆ្នាំនេះ៕

ហុង មិនា

ហុង មិនា

ហុង មិនា