ភ្នំពេញៈ សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ឃាត់​យានយន្ត​​ល្មើស​នឹង​បម្រាម​គោចរ ​ចំនួន៥៨៨គ្រឿង ក្នុង​រយៈពេល ២ ថ្ងៃ ហើយ​ក្នុង​ប្រតិបត្តិការ​នោះ បានធ្វើ​ការអប់រំ មនុស្ស​ប្រុស-ស្រី​ចំនួន ៨៧១ នាក់ ដោយ​យប់​ថ្ងៃទី ២៩ ​គ្រាន់តែ​ធ្វើការ​ណែនាំ និង​អប់រំ​ប៉ុណ្ណោះ ប៉ុន្តែ​គិត​ចាប់​ពី​យប់​ថ្ងៃទី ៣០ ដល់​យប់​ថ្ងៃទី ៣១ ខែកក្កដា សមត្ថកិច្ច​អនុវត្ត​ជាក់ស្តែង។

លោក សាន សុខ​សីហា អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ថ្លែង​នៅ​ថ្ងៃ​ទី ​១ ​ខែ​សីហា​​ថា សេចក្តីសម្រេច​របស់​អា​ជ្ញា​ធរ​រាជធានី​ភ្នំពេញ ​គឺ​ត្រូវអនុវត្ត​ពី​យប់​ថ្ងៃទី ២៩ ខែកក្កដា ប៉ុន្តែ​នៅក្នុង​ថ្ងៃទី ២៩ ​នគរបាល​គ្រាន់តែ​ធ្វើការ​ណែនាំ និង​ផ្សព្វផ្សាយ​អប់រំ​ប៉ុណ្ណោះ។ ហេតុនេះ ការចាប់ផ្តើម​អនុវត្ត​ជាក់ស្តែង​បាន២យប់​ហើយ គឺ​ថ្ងៃទី ៣០ និង ៣១ ខែកក្កដា។

លោក​ថ្លែងថា៖ «ក្នុង​រយៈពេល ២ ថ្ងៃ​ហ្នឹង យើង​ធ្វើការ​ឃាត់​បាន​យានយន្ត​សរុប​ចំនួន ៥៨៨ គ្រឿង ​ក្នុងនោះ​មាន​រថយន្ត ១៦៦ គ្រឿង​ និង​ម៉ូតូ ៤២២ គ្រឿង។ យើង​ធ្វើការ​ផាកពិន័យ​រួចរាល់ ១៦៨ គ្រឿង ដែលមាន​រថយន្ត ៣៦ និង​ម៉ូតូ ១៣»។

ក្រៅពីនោះ​សមត្ថ​កិច្ច បាន​យក​ទៅ​​រក្សាទុក​នៅតាម​អង្គភាពនីមួយៗ មាន​សរុប​ចំនួន ១៣៣ គ្រឿង ដែលមាន​រថយន្ត ២៤ គ្រឿង​និង​ម៉ូតូ ១០៩​ គ្រឿង។ ក្រៅពីនោះ​​សមត្ថ​កិច្ច បានធ្វើ​ការណែនាំ​អប់រំ​មនុស្ស​រហូតដល់ ៨៧១ នាក់ មាន​ប្រុស​មាន​ស្រី។

ចំណែក​នៅ​ខេត្តកោះកុង​កាល​ថ្ងៃទី ៣០ ខែកក្កដា កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្មាច់មានជ័យ សហការ​ជាមួយ​កម្លាំង​អាជ្ញាធរ​ភូមិ​ឃុំ និង​មានការ​សម្របសម្រួល​នីតិវិធី ដោយ​លោក​ អៀង ចាន់​ភា​រ៉ា ព្រះរាជអាជ្ញារង បានធ្វើការ​ឃាត់ខ្លួន​ ជនសង្ស័យ​ចំនួន៥នាក់ ដែល​បាន​ល្មើស​វិធានកា​រដ្ឋបាល និង​រារាំង​បង្ក​ជា​ឧបសគ្គ​ ដល់​សមត្ថកិច្ច ក្នុងការ​អនុវត្ត​វិធានការ​រដ្ឋបាល​ផងដែរ។ នេះ​បើតាម​ការផ្សាយ​របស់​អគ្គ​ស្នងការដ្ឋាន​គរ​បាល​ជាតិ នៅ​ថ្ងៃទី ៣១ ខែកក្កដា។

ដោយឡែក នៅ​ខេត្ត​ព្រះសីហនុ សមត្ថកិច្ច​បាន​ពិន័យ​អ្នក​បំពាន​ល្មើស​បម្រាម​គោចរ មាន​ចំនួន ៦ ករណី ឃាត់​មនុស្ស១០នាក់ (ល្មើស​បម្រាម​គោចរ ៣ ករណី មនុស្ស ៤ នាក់ និង​មិន​ពាក់​ម៉ាស់ ៣ ករណី មនុស្ស ៦ នាក់) និង​បាន​អប់រំ​នៅនឹងកន្លែង មាន​ចំនួន ៩ ករណី មាន​មនុស្ស​ចំនួន ១៩ នាក់។ នេះ​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាលខេត្ត​ព្រះសីហនុ​នៅ​យប់​ថ្ងៃទី ៣១ ខែកក្កដា។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត​បាត់ដំបង ក៏បាន​សម្រេច​បិទ​ខ្ទប់​ផ្សារ​ចំនួន ២២ បន្ថែមទៀត នៅ​ក្រុង​បាត់ដំបង ស្រុក​សង្កែ និង​ស្រុក​ឯក​ភ្នំ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ធ្វើឱ្យ​ការបិទ​ផ្សារ​ក្នុង​ខេត្ត​មួយ​នេះ បាន​កើន​ដល់​ចំនួន ៤៩ ផ្សារ។

លោក​ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង នៅ​ថ្ងៃទី ៣១ ខែកក្កដា បានចេញ​លិខិត​សម្រេច​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ ទីតាំង​ផ្សារ​ក្នុង​ក្រុង​បាត់ដំបង ស្រុក​សង្កែ និង​ស្រុក​ឯក​ភ្នំ ចំនួន២២ផ្សារ​បន្ថែមទៀត​ សម្រាប់​រយៈពេល ១៤ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ១ ខែសីហា រហូតដល់​ថ្ងៃទី ១៤ ខែសីហា ខណៈ​ផ្សារ​ចំនួន ២៧ ផ្សេងទៀត​ ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង ក៏ត្រូវ​បានចេញ​លិខិត​បិទ​ខ្ទប់​ក្នុង​ថ្ងៃ​នោះដែរ។

ការបិទ​ខ្ទប់​នេះ ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ក្នុង​សហគមន៍ នៃ​មេរោគ​កូ​វីដ ១៩ ជាពិសេស​មេរោគ​កូ​វីដ១៩ប្រភេទ​ដែល​តា​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង ដែល​ក្នុងពេលថ្មីៗនេះ​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់។

លោក​បញ្ជាក់​ក្នុង​លិខិត​ថា៖ «ក្នុងអំឡុងពេល​បិទ​ខ្ទប់​ទីតាំង​ជា​បណ្តោះអាសន្ន​នេះ រដ្ឋបាល​ក្រុង​ស្រុក​ដែល​ពាក់ព័ន្ធ​ត្រូវ​ហ៊ុមព័ទ្ធ និង​ផ្អាក​ការចេញចូល​ទីតាំង​ដែល​បិទ។ កំណត់​ទីតាំង​លក់ដូរ​ជា​បណ្តោះអាសន្ន សម្រាប់​លក់ដូរ​គ្រឿងឧបភោគ​បរិភោគ បន្លែ ត្រី សាច់ និង​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ​ចាំបាច់ផ្សេងៗ ដោយ​ត្រូវមាន​គម្លាត​ទីតាំង​លក់ដូរ​ពីមួយ​ទៅមួយពី​ ២ ម៉ែត្រ ទៅ ២,៥ ម៉ែត្រ»។

ក្នុងករណី​រៀបចំ​គម្លាត​នេះ​ពុំបាន គឺ​ត្រូវ​ផ្អាក​ការលក់ដូរ​អីវ៉ាន់ ទំនិញផ្សេងៗ និង​កំណត់ឱ្យ​អ្នកលក់ និង​អ្នកទិញ​ពាក់​ម៉ាស់​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល និង​មានទឹក​អាល់កុល ឬ​ជែ​ល​សម្អាត​ជាប់​ជាប្រចាំ​ផងដែរ។

លោក​​បាន​ព្រមាន​ថា៖ «ត្រូវអនុវត្ត​ការផាកពិន័យ​អន្តរការណ៍​ចំពោះ​បុគ្គល​ណា ដែល​មិន​គោរព ដោយ​ចេតនា នូវ​វិធានការ​រដ្ឋបាល និង​សុខាភិបាល របស់​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ខេត្តបាត់ដំបង បានដាក់​ចេញ​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ដោយ​មិន​គិតដល់​បទល្មើស​ព្រហ្មទណ្ឌ​ដទៃទៀត​ឡើយ»៕