ភ្នំពេញៈ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ Johnson & Johnson ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​អាមេរិក​ចំនួន ៦០៩ ៦០០ ដូស​បន្ថែម​ទៀត តាមរយៈ​មជ្ឈមណ្ឌល​កូវ៉ាក់​បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា កាលពី​ម៉ោង ០០៖៤០ នាទី​យប់មិញ​ឈានចូល​ថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២១ ដែល​ចំនួន​នេះ​ជា​ជំហាន​ទី ២ នៃ​ជំនួយ​សរុប ១ លានដូស​មកកាន់​កម្ពុជា។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល​បាន​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង Johnson & Johnson ដែលជា​ជំនួយ​របស់​អាមេរិក​នេះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពី​យប់មិញ។

តាមរយៈ​មជ្ឈមណ្ឌល​កូវ៉ាក់, សហរដ្ឋអាមេរិក​បាន​ប្រកាស​ផ្តល់​វ៉ាក់សាំង​ចំនួន ១ លាន ៦ ម៉ឺន ១០០ ដូស (1,060,100) ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដោយ​ជំនួយ​លើក​ទី ១ ទទួលបាន​រួចហើយ​ចំនួន ៤៥០ ៥០០ ដូស កាលពី​ថ្ងៃទី ៣០ ខែ​កក្កដា​កន្លងទៅ និង​លើក​ទី ២ នេះ​មាន​ចំនួន ៦០៩ ៦០០ ដូស​ទៀត។

ស្ថានទូត​អាមេរិក​បាន​ប្រកាស​ថា អំណោយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការគាំទ្រ​ជា​បន្តបន្ទាប់​របស់​សហរដ្ឋអាមេរិក ចំពោះ​ប្រជាជន​កម្ពុជា និង​នៅក្នុង​តំបន់ ក្នុងពេល​កំពុងតែ​ប្រឹង​ងើប​ចេញពី​ជំងឺ​រាតត្បាត​យ៉ាងធ្ងន់ធ្ងរ​នេះ៕